ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​ស្វាគមន៍​ការកំណត់​គោលដៅ​ចាក់​វ៉ាក់សាំង​ឱ្យបាន​យ៉ាងតិច​ ៧០% នៃ​ប្រជាជន​លើ​ពិភពលោក ដោយសារ​វ៉ាក់សាំង​ជា​ទំនិញ​ដ៏សំខាន់​ក្នុង​ការជួយ​សង្គ្រោះ​ជីវិត​មនុស្ស ខណៈ​កម្ពុជា​បាន​ក្លាយជា​ប្រទេស​ដែលមាន​អត្រា​ចាក់​វ៉ាក់សាំង​ខ្ពស់​រហូតដល់​ប្រមាណ​ជាង​ ៧៩% ​ធៀប​នឹង​ប្រជាជន​សរុប​ ១៦ ​លាន​នាក់​។ នេះ​បើតាម​លោកនាយក​រដ្ឋមន្ត្រី​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​បែបនេះ​ក្នុង​កិច្ចប្រជុំ​កំពូល​សកល​ស្តីពី​ជំងឺ​កូវីដ​ ១៩ «​ការបញ្ចប់​ការរាតត្បាត​ និង​ការកសាង​ឡើងវិញ​ឱ្យ​កាន់តែ​ប្រសើរ​» នា​ថ្ងៃទី​ ២២ ខែកញ្ញា ឆ្នាំ​ ២០២១​។

លោក​លើកឡើង​ថា ស្ថានភាព​នៃ​ជំងឺ​កូវីដ​ ១៩ ឈាន​មកដល់​ត្រីមាស​ទី​៣ នៃ​ឆ្នាំ​ ២០២១ ​នេះ នៅតែ​បន្ត​ប្រឈម​នឹង​ភាពមិន​ប្រាកដប្រជា​ខ្ពស់ ដោយសារ​ហានិភ័យ​ពី​រលក​នៃ​ការបំប្លែង​ខ្លួន​ថ្មីៗ​របស់​វីរុស​កូរ៉ូណា ដែល​មាន​សភាព កាន់តែ​កាច​សាហាវ និង​បន្ត​រំខាន​ដល់​សកម្មភាព​សង្គម​សេដ្ឋកិច្ច​ទូទៅ​។ កម្ពុជា​យល់​ថា ប្រទេស​ទាំងអស់​ត្រូវ​ប្រឹងប្រែង និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ដើម្បី​សម្រេច​គោលដៅ​ដ៏ចម្បង​នេះ ដោយ​មិន​ប្រកាន់ពូជសាសន៍ និន្នាការ​នយោបាយ និង​ចៀសវាង​ឱ្យបាន​នូវ​ការយក​ការប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ធ្វើជា​របៀបវារៈ​នយោបាយ ឬ​បម្រើ​របៀបវារៈ​នយោបាយ​របស់ខ្លួន​។

លោក​ ហ៊ុន សែន បាន​ថ្លែងថា​៖ «​ដើម្បី​សម្រេចបាន​នូវ​គោលដៅ​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​យ៉ាងតិច​ ៧០% នៃ​ប្រជាជន​លើ​ពិភពលោក កម្ពុជា​សូម​អំពាវនាវ​ឱ្យ​មាន​ការកំណត់​វ៉ាក់សាំង​កូវីដ​ ១៩ ទាំងអស់ ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​ (WHO) ជា​ទំនិញ​យុទ្ធសាស្ត្រ​គន្លឹះ​សកល ដោយ​គ្មាន​ការរើសអើង​ទៅលើ​ប្រភេទ និង​ប្រភព​នៃ​វ៉ាក់សាំង​»​។

លោក​ក៏បាន​អំពាវនាវ​ឱ្យ​កំណត់​វ៉ាក់សាំង​កូវីដ​ ១៩ ជា​ទំនិញ​សាធារណៈ​ដែល មាន​តម្លៃ​សមរម្យ និង​អនុញ្ញាត​ឱ្យ​គ្រប់​ប្រទេស​ទាំងអស់​អាច​មាន​លទ្ធភាព ទទួលបាន​ និង​ប្រើប្រាស់​បាន​តាម​តម្រូវការ​។ លើសពីនេះ​ទៀត បើកចំហ​ការផលិត​វ៉ាក់សាំង​កូវីដ​ ១៩ យ៉ាង​ទូលាយ​ទៅតាម​តំបន់ និង​ប្រទេស​នានា ដែល​មាន​លទ្ធភាព តាមរយៈ​ការផ្តល់​ហិរញ្ញប្បទាន និង​ការលើក​ទឹកចិត្ត​ដល់​ការវិនិយោគ​លើ​ការផលិត​វ៉ាក់សាំង​។

លោកនាយក​រដ្ឋមន្ត្រី​ថ្លែងថា​៖ «​កម្ពុជា​ក៏​អំពាវនាវ​ដល់​រដ្ឋាភិបាល​ទាំងអស់​សូមកុំ​ប្រមូល​ទិញ​វ៉ាក់សាំង​ទុក​សម្រាប់តែ​ប្រទេស​របស់ខ្លួន ឬ​រក្សា​វ៉ាក់សាំង​ដែល​ខ្លួន​ផលិត​បាន​ទុក​សម្រាប់​ប្រើប្រាស់​តែ​ក្នុងប្រទេស​ផ្ទាល់ខ្លួន​»​។

ខណៈ​ដែល​ការឆ្លង​រាលដាល​ជា​សកល​នៃ​ជំងឺ​កូវីដ​ ១៩ គឺជា​វិបត្តិ​រួម កម្ពុជា​យល់ស្រប​នឹង​ទស្សនៈ​ដែល​បាន​លើកឡើង​ថា មិនមាន​ប្រទេស​ណា​អាច​បញ្ឈប់​វិបត្តិ​នេះ​តែម្នាក់ឯង​បាន​នោះទេ​។ ទាំងអស់​គ្នា​ត្រូវធ្វើការ​រួម​គ្នា គាំទ្រ​គ្នា​ទៅវិញ​ទៅមក​ហើយ​ត្រូវ​ចងចាំ​ថា មិនមាន​នរណាម្នាក់​អាចមាន​សុវត្ថិភាព​នោះទេ ដរាបណា​ទាំងអស់គ្នា​មិនទាន់​មាន​សុវត្ថិភាព​។ នេះ​បើតាម​លោក​ ហ៊ុន សែន​។

លោក​បញ្ជាក់ថា​៖ «​យើង​ត្រូវ​រួមគ្នា​ធ្វើ​កិច្ចការ​នេះ​តាម​សមត្ថភាព និង​លទ្ធភាព​រៀងខ្លួន​ក្នុង​ទឹកចិត្ត​ស្មោះសរ ការទទួល​ខុសត្រូវ​ខ្ពស់ សប្បុរសធម៌ និង​មិនមាន​បង្កប់​នូវ​របៀបវារៈ​នយោបាយ​។ ក្នុង​ស្មារតី​នេះ កម្ពុជា​សូម​ចូលរួម​ជាមួយ​នឹង​សហគមន៍​អន្តរជាតិ​ក្នុង​ការប្តេជ្ញា​ផ្សារភ្ជាប់​ខ្លួន​ជាមួយ​នឹង​សេចក្តីព្រាង​គោលដៅ​ដែលជា​លទ្ធផល​ដ៏សំខាន់​នៃ​កិច្ចប្រជុំ​កំពូល​សកល​ស្តីពី​ជំងឺ​កូវីដ​ ១៩ ​នេះ​»​។

លោក​បន្ថែមថា ក្នុង​នេះដែរ កម្ពុជា​ក៏បាន​ស្នើសុំ​ឱ្យចូល​រួមទាំងអស់​ប្រែក្លាយ​សេចក្តីព្រាង​គោលដៅ​នេះ​ទៅជា​សកម្មភាព​ជាក់លាក់ និង​ប្រាកដនិយម​។

លោកនាយក​រដ្ឋមន្ត្រី​បន្តថា កម្ពុជា​បាន​ឆ្លើយតប​ទៅនឹង​វិបត្តិ​នេះ ដោយភាព​ស្វាហាប់​ជាមួយ​នឹង​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។ ក្នុង​ការប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ​នេះដែរ រាជរដ្ឋាភិបាល​ក៏​បាន​កំណត់​យក​ការចាក់​វ៉ាក់សាំង ជា​វិធានការ​យុទ្ធសាស្ត្រ​គន្លឹះ គួបផ្សំ​ជាមួយនឹង​វិធានការ ៣ ​ទៀត រួមមាន ការខិតខំ​ទប់ស្កាត់ និង​រុករក​ការឆ្លង​ឱ្យបាន​ទាន់ពេល ការពង្រឹង​សមត្ថភាព​ព្យាបាល និង​ការប្រើប្រាស់​ថ្នាំ​ព្យាបាល ប្រកបដោយ​ស័ក្តិសិទ្ធិភាព​ និង​ការអនុវត្ត​ដោយ​ហ្មត់ចត់​នូវ​វិធានការ​ផ្នែក​រដ្ឋបាល សុខាភិបាល​ និង​ច្បាប់​ក៏ដូចជា​ការទាក់ទាញ​ការចូលរួម​យ៉ាងសកម្ម​ពី​សំណាក់ សាធារណជន​គ្រប់​មជ្ឈដ្ឋាន​ និង​គ្រប់រូប​។

កាលពី​ថ្ងៃទី​ ១៧ ខែ​ កញ្ញា ឆ្នាំ ​២០២១ រាជរដ្ឋាភិបាល​ក៏បាន​សម្រេច​ដាក់ចេញ​នូវ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​កុមារ​អាយុ​ពី​ ៦ ​ឆ្នាំ ដល់​ក្រោម​ ១២ ​ឆ្នាំ និង​ចាក់​ដូស​ជំរុញ​ជូន​ប្រជាពលរដ្ឋ​ទូទៅ ដែល​មាន​អាយុ​ចាប់ពី​ ១៨ ​ឆ្នាំ​ឡើង​។ ​លើ​មូលដ្ឋាន​នេះ កម្ពុជា​សម្រេច​បាន​នូវ​ភាពស៊ាំ​សហគមន៍​ជា​បណ្តើរៗ ដោយ​អត្រា​ឆ្លង ឈឺ និង​ស្លាប់​ក៏​មាន​ការធ្លាក់​ចុះ​គួរឱ្យ​កត់សម្គាល់​។

សម្រាប់​ទិសដៅ​ទៅមុខ លោក​ ហ៊ុន សែន ក៏បាន​ថ្លែង​ដែរ​ថា កម្ពុជា​នឹង​បន្ត​អនុវត្ត​វិធានការ​បង្ការ ព្យាបាល និង​ចាក់​វ៉ាក់សាំង ក៏ដូចជា រៀបចំ​ក្របខ័ណ្ឌ​វាយតម្លៃ​ហានិភ័យ​គ្រប់​ជ្រុងជ្រោយ ដើម្បី​បើក​ដំណើរការ​នូវ​សកម្មភាព​សង្គម​សេដ្ឋកិច្ច​ពេញលេញ​ឡើងវិញ​ជា​ជំហានៗ​ក្នុង​ស្មារតី​ប្រយ័ត្នប្រយែង​ខ្ពស់​។

បន្ថែម​លើ​នេះ រដ្ឋាភិបាល​កម្ពុជា​នឹង​ប្រឹងប្រែង​ជំរុញ​ការវិនិយោគ​លើ​វិស័យ​សង្គមកិច្ច ពិសេស​គឺ​ការពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម និង​ប្រព័ន្ធ​សុខាភិបាល ដើម្បី​ត្រៀម​លក្ខណសម្បត្តិ​ឆ្លើយតប​ឱ្យបាន​ទាន់ពេល និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ទៅ​នឹង​ជំងឺ​រាតត្បាត​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថា​ហេតុ​នា​អនាគត​។

ទាក់ទង​នឹង​យុទ្ធនាការ និង​លទ្ធផល​នៃ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ជូន​ប្រជាពលរដ្ឋ​កម្ពុជា​នេះ​ផងដែរ លោក​ វិទិត មុនតាប៊ន​ (Vitit Muntarbhorn) អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​កោត​សរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ចាត់វិធានការ​ស្រោច​វ៉ាក់សាំង ដល់​ប្រជាជន​កម្ពុជា​ក្នុង​ការទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ ​នេះ​។

លោក​ វិទិត មុនតាប៊ន បាន​កោតសរសើរ​ដូចនេះ​ក្នុង​ជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន តាមរយៈ​ប្រព័ន្ធ​វីដេអូ​កាលពី​ថ្ងៃទី​ ២២ កញ្ញា ឆ្នាំ​ ២០២១៕