ទីភ្នាក់ងារ​ជំនួយ​អាមេរិក (USAID) ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី ២៣ ខែកញ្ញា បាន​ប្រកាស​ពី​ហិរញ្ញប្បទាន​បន្ថែម​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន ៥ លានដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​សុខភាព​របស់​អ្នក​រស់រាន​មាន​ជីវិត​ពីរបប​ខ្មែរក្រហម តាមរយៈ​គម្រោង​ដែលមាន​ឈ្មោះថា ៖ «ការ​លើក​កម្ពស់​សិទ្ធិ និង​ការ​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​សុខភាព​របស់​អ្នក​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរក្រហម» ដែល​គម្រោង​នេះ នឹងត្រូវ​គ្រប់គ្រង​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។

ទីភ្នាក់ងារ​ជំនួយ​អាមេរិក (USAID)ប្រចាំ​កម្ពុជា បាន​បញ្ជាក់ថា ហិរញ្ញប្បទាន​បន្ថែមនេះ​នឹង​ធ្វើឱ្យ​សកម្មភាព ប្រតិបត្តិការ មាន​តម្លៃ​សរុប​ចំនួន ៦,៥ លានដុល្លារ​សហរដ្ឋអាមេរិក។

ឯកអគ្គរដ្ឋទូត​អាមេរិក លោក W. Patrick Murphy បាន​ថ្លែង​ថា ស្ថានទូត​អាមេរិក​មាន​មោទនភាព​ក្នុង​ការគាំទ្រ​ដល់​គម្រោង​នេះ។

លោក​មាន​ប្រសាសន៍​ថា ៖ «រដ្ឋាភិបាល​សហរដ្ឋអាមេរិក​មាន​សេចក្តីប្តេជ្ញា យូរ​អង្វែង​ក្នុង​ការលើក​កម្ពស់​សន្តិភាព និង​ការ​ផ្សះផ្សា​ជាតិ តាមរយៈ​ការ​ចងចាំ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម។ គម្រោង​នេះ​នឹង​ផ្តល់ជូន​អ្នក​រស់រាន​មានជីវិត ពី​របបខ្មែរ​ក្រហម​នូវការ​ប្រើប្រាស់​សេវា​ថែទាំ​សុខភាព និង​ចងក្រង​នូវ​ស្ថានភាព​សុខភាព និង​ក្តី​ព្រួយបារម្ភ​ពី​ស្ថានភាព​សង្គម​សេដ្ឋកិច្ច និង​បទពិសោធន៍​ពេល​ឆ្លងកាត់​របប​ខ្មែរក្រហម»។

សេចក្តី​ប្រកាស​របស់​ស្ថានទូត​អាមេរិក​បាន​លើកឡើង​ទៀតថា ការងារ​ថ្មី​មួយនេះ នឹង​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ផ្ទាល់​អំពី​ស្ថានភាព​សុខុមាលភាព​របស់​អ្នក​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរក្រហម និង​បន្ទាប់​មក​ធ្វើការ​ប្រែក្លាយ​លទ្ធផល​រកឃើញ​ឱ្យ​ទៅជា​យុទ្ធនាការ​បង្កើន​ការ​យល់ដឹង​របស់​សាធារណៈ។

គម្រោងនេះ​នឹង​ធ្វើ​ប្រតិបត្តិការ​នានា​ដើម្បី​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​សុខភាព សុខុមាលភាព និង​ភាពសុខ​ស្រួល​របស់​អ្នក​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរក្រហម​នៅ​ទូទាំង​ប្រទេស។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ បាន​លើកឡើង​ផងដែរ​ថា សោកនាដកម្ម និង​ភាព​អយុត្តិធម៌ ដែល​ប្រជាជន​កម្ពុជា​ទទួល​រងនៅ​ក្នុង​របប​ខ្មែរក្រហម មាន​ទំហំ​មហាសាល ដែល​គ្មាន​អ្វីអាច​ជំនួស ឬ​ប៉ះប៉ូវ​ជូន​អ្នក​ទាំងអស់​បានទេ។

លោកថា ទោះ​បីជា​យ៉ាងណា​ក៏ដោយ កិច្ច​ខិតខំ​ប្រឹងប្រែង​មួយនេះ គឺជា​ជំហាន​ឆ្ពោះទៅ​សម្រេច​បាន​ការ​ថែទាំ និង​គាំពារ​ដល់​អ្នក​រស់រាន​មាន​ជីវិត​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម។

លោក ឆាំង យុ បាន​មាន​ប្រសាសន៍​ថា ៖ «ហិរញ្ញប្បទាន​ពិសេស​នេះ រួម​បញ្ចូល​នូវ​អ្នក​ស្ម័គ្រចិត្ត ប្រកប​ដោយ ភាព​មោះមុត​ចំនួន ៥០០ នាក់ ដែល​បំពេញ​ការងារ​នៅ​ទូទាំង​ប្រទេស ក្នុង​ការ​ជួយនាំ​អ្នក​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរក្រហម នៅ​ក្នុង​ភូមិ​ឋាន​របស់​ខ្លួន​ទៅ​មន្ទីរ​សុខភាព​ក្នុង​សហគមន៍»។

លោក​បាន​បន្ថែម​ថា តាមរយៈ​ការងារ​ស្ម័គ្រចិត្ត​នេះ យុវជន-យុវនារី​ទទួលបាន​ឱកាស​បង្ហាញ​ចេញនូវ​ភាព​ជាអ្នក​ដឹកនាំ​រួម​ជាមួយ​នឹង​ការ​បំពេញ​ការងារ ដោយ​មិន​គិត​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន​ដើម្បី​គាំពារ​ដល់​អ្នក​រស់រាន​មានជីវិត ពី​របប​ខ្មែរក្រហម ក៏​ដូចជា​ចំពោះ​ប្រជាជាតិ​កម្ពុជា​ផងដែរ។

ទន្ទឹមនឹងនេះ​អ្នក​រស់រាន​មាន​ជីវិត​ពី​របបខ្មែរ​ក្រហម​ទទួលបាន​ឱកាស​ចែក​រំលែក​រឿង​រ៉ាវ​ឆ្លងកាត់​ផ្ទាល់ខ្លួន​នៅ​ក្នុង​អំឡុង​របប​ខ្មែរក្រហម​ទៅកាន់​ក្មេង​ជំនាន់ក្រោយ ដើម្បី​ធានា​ថា យើង​នៅតែ​ចងចាំ​ពេលវេលា​ដ៏​លំបាក​យ៉ាងខ្លាំង​មួយនោះ។

លោកថា ៖ «ជារួម គម្រោងនេះ នឹង​រំលេច​នូវ​ចរិត​មនុស្សធម៌​របស់​យើង និង​ពង្រឹង​បន្ថែម​នូវស្មារតី មិន​ងាយ​ទ្រុឌទ្រោម​របស់​ប្រជាជន​កម្ពុជា»។

ទីភ្នាក់ងារ​ជំនួយ​អាមេរិក (USAID) ប្រចាំ​កម្ពុជា បាន​បញ្ជាក់ថា ជា​ឧទាហរណ៍​ខ្លះៗ​នៃ​ផែនការ​សកម្មភាព​ថ្មី​ទាំងនេះ រួមមាន​ការ​បង្កើត ជា​អាហារូបករណ៍​ក្នុង​ចំនួន​កំណត់​សម្រាប់​សិស្សសិក្សា​ផ្នែក​វេជ្ជសាស្ត្រ សុខភាព ផ្លូវចិត្ត សុខភាព​សាធារណៈ និង​សុខភាព​បឋម។ សកម្មភាព​នេះ ថែមទាំង​ផ្តើម​ផង​ដែរ នូវ​សកម្មភាព​ស្ម័គ្រចិត្ត ប្រតិបត្តិ​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​គាំពារ​ដល់​អ្នក​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរក្រហម៕