កោះកុងៈ អភិបាលខេត្ដ​កោះកុង​លោកស្រី មិថុនា ភូថង សម្រេច​ដកហូត​ដី​ជាង​ ៧៦ ​ហិកតា ​ស្ថិតនៅ​ភូមិ​អណ្តូងទឹក ឃុំ​អណ្តូងទឹក ស្រុក​បទុមសាគរ​ដែល​ពលរដ្ឋ​ធ្លាប់​ចូលទៅ​កាន់កាប់​មក​ទុកជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ​វិញ និង​បាន​មោឃភាព​រាល់​បណ្ណ​សម្គាល់​សិទ្ធិ​ដីធ្លី​ និង​ឯកសារ​ផ្សេងៗ​ពាក់ព័ន្ធ​​នឹង​ដី​នៅ​តំបន់​នោះ​។

យោងតាម​សេចក្តី​សម្រេច​របស់​លោកស្រី មិថុនា ភូថង ចុះ​ថ្ងៃទី​ ២១ ​កញ្ញា​បាន​សម្រេច​ដកហូត​ផ្ទៃដី​ចំនួន​ ២ ​និយាមការ ដែលមាន​ទំហំ ២៨៣ ៩១៥ ​ម៉ែត្រការ៉េ និង​ផ្ទៃដី​ទំហំ ៤៧៧ ៥៤៩ ​ម៉ែត្រការ៉េ ស្ថិតនៅ​ភូមិ​អណ្តូងទឹក ឃុំ​អណ្តូងទឹក ស្រុក​បទុមសាគរ ខេត្ត​កោះកុង ជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ​កាន់កាប់​ដោយ​រដ្ឋបាល​ខេត្តកោះកុង​។

លោក​ សុខ សុទ្ធី អភិបាលរង​ និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ដ​កោះកុង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពីថ្ងៃ​​ទី​ ២២ កញ្ញា​ថា ការដកហូត​ដី​នេះ​គឺ​ដើម្បី​រក្សា​ទុកជា​ដីព្រៃ​​របស់​រដ្ឋ និង​ស្ដារ​ព្រៃ​ឡើងវិញ​។

លោក​បាន​បញ្ជាក់ថា​៖ «​កាលពី​មុនមក​ប្រជាពលរដ្ឋ​បាន​អះអាងថា​បាន​កាន់កាប់​ដី​នេះ ប៉ុន្ដែ​ក្រោយពី​មាន​អនុក្រឹត្យ​ស្ដីអំពី​តំបន់​ការពារ​ទៅ​ពលរដ្ឋ​ក៏បាន​ឈប់​កាន់កាប់​ទៅ​»​។

លោក​បន្តថា​៖ «​ហើយ​ក្រោយ​​ពី​ការកាត់​ឆ្វៀល ពលរដ្ឋ​ក៏​យក​​មកកាន់​កាប់​ដី​នេះ​សា​ឡើងវិញ ប៉ុន្ដែ​រដ្ឋបាល​ខេត្ដ​មិនទាន់​បានកំណត់​យ៉ាងដូចម្ដេច​ទេ គាត់​ត្រូវយក​មកវិញ​។ អ៊ីចឹង​ហើយ​បានជា​កន្លែង​នោះ​ជា​ដី​ដើម​ស្មាច់​​បម្រុង​ល្អ រដ្ឋបាល​ខេត្ដ​គិតថា ទុកជា ដី​បម្រុង​របស់​រដ្ឋ​ហើយ​ស្ដារ​ព្រៃឈើ​សា​ឡើងវិញ​»​។

លោក សុខ សុទ្ធី បាន​អះអាង​ថា ដី​ដែល​ដកហូត​មកជា​សម្បត្ដិ​របស់​រដ្ឋ​វិញ​នេះ​គឺ​មិន​បានធ្វើ​អនុប្រយោគ​សម្បទាន​​ឱ្យ​ក្រុមហ៊ុន​ណាមួយ​ទេ​។

បើតាម​សេចក្ដី​សម្រេច​របស់​​លោកស្រី​អភិបាលខេត្ដ ការដកហូត​ដី​នេះ​គឺ​យោង​តាម​ការចាំបាច់​របស់​រដ្ឋបាល​ខេត្តកោះកុង​។

សេចក្ដី​សម្រេច​បញ្ជាក់ថា ត្រូវ​ទុកជា​មោឃៈ​នូវ​រាល់​បណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី បណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ និង​ឯកសារ​ផ្សេងៗ​​ទៀត​ដែល​បញ្ជាក់​ពី​សិទ្ធិ​កាន់កាប់​ដី​មិន​ស្របច្បាប់ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​អណ្តូងទឹក​ឃុំ​អណ្តូងទឹក ស្រុក​បទុមសាគរ ខេត្តកោះកុង ក្នុង​ទីតាំង​ដី​ដែលមាន​និយាមកា​ដូច​ដែល​រដ្ឋបាល​ខេត្ដ​បានកំណត់​ក្នុង​សេចក្ដី​សម្រេច​នេះ​។

សេចក្ដី​សម្រេច​បញ្ជាក់ទៀត​ថា​ «​រដ្ឋបាល​ស្រុក​បទុមសាគរ រដ្ឋបាល​ឃុំ​អណ្តូងទឹក ត្រូវ​សហការ​ជាមួយ​មន្ទីរ​អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត ដើម្បី​ដាំ និង​ថែទាំ​ដើម​ស្មាច់​ក្នុង​ទីតាំង​ដី​ដែល​ត្រូវបាន​ដកហូត​ទុកជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ​កាន់កាប់​ដោយ​រដ្ឋបាល​ខេត្តកោះកុង​នេះ​ឡើងវិញ​​ឱ្យបាន​ល្អប្រសើរ​»​។

លោក​ ថោង ច័ន្ទដារ៉ា អ្នកសម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក​ប្រចាំខេត្ត​កោះកុង​បាន​ស្នើឱ្យ​រដ្ឋបាល​ខេត្ដ​ពិនិត្យ​ឱ្យបាន​ច្បាស់លាស់​ចំពោះ​ការដកហូត​ដី​នៅ​តំបន់​នេះ ដើម្បី​កុំឱ្យ​ជាន់​លើដី​ដែល​ពលរដ្ឋ​ជា​ម្ចាស់​កម្មសិទ្ធិ ខណៈ​ពេល​នេះ​នៅក្នុង​ភូមិ​អណ្ដូងទឹក​មាន​ពលរដ្ឋ​រស់នៅ​ប្រមាណ​ ៣០ ​គ្រួសារ​។

លោក​បាន​បន្តថា​៖ «​ពលរដ្ឋ​ខ្លះ​គាត់​នៅ​តំបន់​នោះ​យូរ​ឆ្នាំ​​ហើយ​ក៏មាន​ពលរដ្ឋ​មួយចំនួន​គាត់​ចូលទៅ​ទិញ​ដី​នៅ​តំបន់​នោះដែរ ដូច្នេះ​រដ្ឋបាល​ខេត្ដ​ធ្វើយ៉ាងណា​ឱ្យ​ការដកហូត​នេះ​​កុំឱ្យ​មាន​ការប៉ះពាល់​ដល់​ដី​​កម្មសិទ្ធិ​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ​»​។

លោក ច័ន្ទដារ៉ា បានឱ្យ​ដឹងថា ដី​នៅ​តំបន់​ភូមិ​អណ្ដូងទឹក​នេះ​ជា​ដី​ឧទ្យាន​ជាតិ​បទុមសាគរ ជាច្រើន​ឆ្នាំ​កន្លង​មក​ហើយ​​ហើយ​ក្រោយពី​ឃើញ​មាន​ដី​ទំនេរ​នៅ​ទីនោះ ពលរដ្ឋ​បាន​ចូលទៅ​ធ្វើស្រែ ដាំ​ដំណាំ នៅ​តំប់​នេះ​។

លោក​បាន​បញ្ជាក់ទៀត​ថា​៖ «​ការចេញ​សេចក្ដី​សម្រេច​ដកហូត​ភ្លាមៗ​ក៏​វា​អាចមាន​ការប៉ះពាល់​ដល់​ពលរដ្ឋ​ដែល​ពួកគាត់​រស់នៅ​យូរហើយ​នៅក្នុង​តំបន់​នេះដែរ​។ ដូច្នេះ​បើ​មាន​ការប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជាក់ស្ដែង​យូរ​ឆ្នាំ​នៅក្នុង​តំបន់​នេះ រដ្ឋបាល​ខេត្ដ​គួរតែ​មាន​ការដោះដូរ​តាម​មធ្យោបាយ​សមស្រប​ណាមួយ​ដល់​ពលរដ្ឋ ដើម្បី​ពួកគាត់​អាច​បន្ត​រស់នៅ​បាន​»៕