ភ្នំពេញៈ គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ (​គ.វ.ក-១៩) ​នៃ​ក្រសួង​សុខាភិបាល​បានប្រកាស​ដល់​ពលរដ្ឋ​ដែល​មិនទាន់​បាន​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ហើយ​បាន​ឆ្លង​ជំងឺ​នេះ​ត្រូវ​ទៅ​ចាក់​វ៉ាក់សាំង​ដោយ​ស្ម័គ្រចិត្ត ក្រោយពី​បាន​ព្យាបាល​ជា​​ចាប់ពី​ ៤ ​ខែ​ឡើងទៅ នៅតាម​បណ្តា​មន្ទីរពេទ្យ​ថ្នាក់ជាតិ និង​មន្ទីរពេទ្យបង្អែក​មួយចំនួន​ក្នុង​រាជធានី-ខេត្ត​ដែល​កំពុង​បើក​ដំណើរការ​ចាក់​ដល់​ពលរដ្ឋ​ដែល​​នៅ​សេសសល់​។

យោងតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី​ ២២ ខែកញ្ញា បានឱ្យដឹងថា ការប្រកាស​ឱ្យ​អ្នក​ដែល​ជាសះស្បើយ​ពី​ជំងឺ​កូវីដ​ ១៩ ទៅ​ចាក់​វ៉ាក់សាំង​នេះ ដោយយោង​​ទៅតាម​ការណែនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ព្រមទាំងយោងតាម​អនុសាសន៍​របស់​អង្គការ​សុខភាព​ពិភពលោក​ (World Health Organization) ដែល​បាន​ណែនាំ​ឱ្យ​ពលរដ្ឋ​ដែល​បាន​ព្យាបាល​ជាសះស្បើយ​ពី​ជំងឺ​កូវីដ​ ១៩ ​អាចមក​ទទួល​ការចាក់​វ៉ាក់សាំង​បាន​ដើម្បី​បង្កើន​ភាពស៊ាំ​ទប់ទល់​នឹង​វីរុស​កូវីដ​ ១៩ ​នេះ​។

ក្រសួង​បាន​បញ្ជាក់ថា «​សូម​ប្រជាពលរដ្ឋ​ទាំងអស់​ដែលមាន​អាយុ​ចាប់ពី​ ៦ ​ឆ្នាំ​ឡើង​ ដែល​បាន​ព្យាបាល​ជាសះស្បើយ​ពី​ជំងឺ​កូវីដ​ ១៩ ចាប់ពី​ ៤ ​ខែ​ឡើង ហើយ​មិនទាន់បាន​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ​សូម​ទៅ​ចាក់​វ៉ាក់សាំង​ដោយ​​ស្ម័គ្រចិត្ត​»​។

ប្រភព​ដដែល​បាន​បន្តថា ចំពោះ​មន្ត្រីរាជការ​ថ្នាក់ជាតិ​ដែល​បាន​ព្យាបាល​ជាសះស្បើយ​​ចាប់ពី​ ៤ ​ខែ​ឡើង ហើយ​មិន​​ទាន់​បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ត្រូវ​ទៅ​ចាក់​វ៉ាក់សាំង​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត មន្ទីរពេទ្យ​ព្រះអង្គឌួង មន្ទីរពេទ្យ​កុមារជាតិ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត និង​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក​។

ចំពោះ​មន្ត្រីរាជការ​ថ្នាក់​ក្រោមជាតិ និង​ប្រជាពលរដ្ឋ​ទូទៅ​ដែល​ស្ថិតនៅក្រោម​ឱវាទ​រដ្ឋបាល​រាជធានី​ខេត្ត ត្រូវ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ នៅតាម​មន្ទីរពេទ្យ​បង្អែក​រាជធានី ខេត្ត និង​នៅតាម​បណ្តា​ទីតាំង​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ មួយចំនួនទៀត​ដែល​រដ្ឋបាល​រាជធានី ខេត្ត កំពុងតែ​បើក​ដំណើរការ​ចាក់​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​។

ក្រសួង​សុខាភិបាល​បានស្នើឱ្យ​ប្រធាន​អនុគណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ ១៩ ក្នុង​ក្របខ័ណ្ឌ​រាជធានី ខេត្ត​ទាំងអស់​ត្រូវ​ណែនាំ​បន្ថែម​​ដល់​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី ខេត្ត និង​គ្រប់​ទីតាំង​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ទាំងអស់​ឱ្យ​ផ្ដល់​ការចាក់​វ៉ាក់សាំង​នេះ​ដល់​ក្រុម​គោលដៅ​ទាំងនេះ​ឱ្យមាន​ភាពរលូន​។

លោកស្រី ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​បាន​ថ្លែង​កាលពី​ថ្ងៃទី​ ២២ ខែកញ្ញា​​ក្នុងពេល​ចុះ​បិទ​បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​​ភូមិសាស្ត្រ​ខេត្តតាកែវ​ថា ដើម្បី​ទប់ទល់​នឹង​ការបំប្លែង​ថ្មី​របស់​វីរុស​កូវីដ​ ១៩ អ្នក​ដែលជា​សះស្បើយ​ពី​ជំងឺ​កូវីដ​ ១៩ ចាប់ពី​​រយៈពេល​ ៤ ​ខែ​ទៅ​ ៦ ​ខែក្រោយ គឺអាច​ទទួលយក​នូវ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​នេះ​បាន​។

លោកស្រី​មាន​ប្រសាសន៍​ថា​៖ «​សូម​អញ្ជើញ​មកចាក់​ឱ្យបាន​​រួសរាន់​ជាទីបំផុត​ដើម្បី​រួមចំណែក​​បង្កើន​នូវ​ភាពស៊ាំ​របស់ខ្លួន​ឱ្យ​កាន់តែខ្លាំង​ថែមទៀត ហើយ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​សម្រាប់​​អ្នក​ដែល​បានជា​សះស្បើយ​​ហើយ​នេះ​គឺ​ត្រូវ​ចាក់​ ២ ​ដូស​ដែរ​​ដែល​មាន​គម្លាត​គ្នា​ពី​ដូស​ទី​ ១ ​និង​ដូស​ទី​ ២ ​ចំនួន​ ២១ ​ថ្ងៃ​»៕