ភ្នំពេញៈ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​ប្រកាស​ឱ្យ​ពលរដ្ឋ​គ្រប់រូប​ចូលរួម​រាយការណ៍​បទល្មើស​តាមរយៈ​គេហទំព័រ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ​។ ក្រសួង​ពាណិជ្ជកម្ម បាន​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​គេហទំព័រ​នេះ នៅក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី​ការផ្សព្វផ្សាយ​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​ក្រោម​ប្រធានបទ «​ការធ្វើ​ធុរកិច្ច​ប្រកប​ដោយ​ក្រមសីលធម៌​សុខុមាលភាព​របស់​អ្នកប្រើប្រាស់ និង​ធុរកិច្ច​របស់​លោក​អ្នក​» នៅ​ថ្ងៃទី ២៣ កញ្ញា ដោយ​មាន​ស្ថាប័ន​ពាក់ព័ន្ធ និង​អ្នក​ធុរកិច្ច​ធំៗ​ចូលរួម​។

លោក ប៉ាន សូរស័ក្តិ បាន​ថ្លែងថា គេហទំព័រ​នេះ គឺ​ជំហាន​មួយ​ថ្មី​ក្នុង​ការផ្តល់​ព័ត៌មាន និង​ទទួល​ព័ត៌មាន​ជុំវិញ​ការការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​នូវ​បទល្មើស​ក្លែងបន្លំ​នានា​ទូទាំងប្រទេស​។ គេហទំព័រ​នេះ​ក៏​នឹង​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ ជាពិសេស​ធុរជន​នានា​ក្នុង​ការដាក់ពាក្យ​បណ្តឹង និង​រាយការណ៍​បទល្មើស​នានា ដើម្បី​ចាត់វិធានការ​ទាន់ពេល​ផងដែរ​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ដល់​អ្នក​ធ្វើ​ធុរកិច្ច​ទាំងឡាយ ដែល​មិនទាន់បាន​អនុវត្ត​នូវ​កាតព្វកិច្ច​ការពារ​អ្នកប្រើប្រាស់ យកចិត្តទុកដាក់​អនុវត្ត​នូវ​កាតព្វកិច្ច​ទាំងឡាយ​នោះ ស្របតាម​ច្បាប់ និង​បន្ត​រួមចំណែក​កសាង​សង្គម​យើង​ឱ្យ​មាន​ការអភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​»​។

លោក​ ប៉ាន សូរស័ក្តិ បាន​ថ្លែងថា ការធ្វើ​ធុរកិច្ច​ប្រកប​ដោយ​សុចរិត ត្រឹមត្រូវ និង​យុត្តិធម៌​ដល់​អ្នកប្រើប្រាស់ នឹង​ជះឥទ្ធិពល​ជា​វិជ្ជមាន ដោយ​ការពង្រីក​អាជីវកម្ម​របស់​ពលរដ្ឋ​ខ្មែរ បាន​យូរអង្វែង ព្រមទាំង​ធ្វើឱ្យ​ប្រសើរ​ឡើង​ក្នុង​ការប្រកួតប្រជែង​ទូទាំងប្រទេស​ផងដែរ​។ លោក​ក៏​លើកទឹកចិត្ត​ឱ្យ​អ្នកប្រើប្រាស់​ធ្វើ​សេចក្តី​រាយការណ៍​ពី​ធុរជន​ទាំងឡាយណា ដែល​ប្រព្រឹត្ត​សកម្មភាព​មិន​សុចរិត​ក្នុង​ធុរកិច្ច មកកាន់​ក្រសួង​តាមរយៈ​គេហទំព័រ ឬ​ដោយផ្ទាល់​ផងដែរ​។

លោកស្រី កែវ មុំ ម្ចាស់​ក្រុមហ៊ុន​ផលិត​នំស្រួយ លីលី និង​ជា​ប្រធាន​សមាគម​សហគ្រិន​ស្ត្រី-កម្ពុជា​បាន​លើកឡើងថា ក្នុង​នាម​ជា​អ្នក​ផលិត និង​ជា​អ្នកប្រើប្រាស់​ដូចគ្នា គឺ​គាំទ្រ​ចំពោះ​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នក​ប្រើប្រាស់ ដែល​អាច​ការពារ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ ជាពិសេស​អ្នកប្រើប្រាស់ និង​ធុរជន​គ្រប់រូប​ឱ្យមាន​ការប្រើប្រាស់​ប្រកប​ដោយ​ស្តង់ដា​។

លោកស្រី​ថ្លែងថា ការដែល​មាន​សមត្ថកិច្ច​ក្នុង​ការទប់ស្កាត់​បទល្មើស​ទាំងនេះ នៅលើ​ទីផ្សារ គឺជា​រឿង​មួយ​ដែល​ល្អ និង​បង្ក​ភាពងាយស្រួល​ដល់​ពលរដ្ឋ ក្នុង​ការចូលរួម​រាយការណ៍​បទល្មើស​នានា​៕

វីដេអូ៖