ភ្នំពេញៈ ​ស្ត្រី​ជនជាតិ​ខ្មែរ​ ១ ​រូប​ ដែល​បាន​ទៅ​រស់នៅ​តាម​ស្វាមី​នៅ​ប្រទេស​ចិន ប៉ុន្តែ​ត្រូវ​រង​ការធ្វើ​បាប​ពី​សំណាក់​ក្រុមគ្រួសារ​​នេះ​ត្រូវបាន​មន្ត្រី​ជំនាញ​កម្ពុជា​ជួយសង្គ្រោះ​យក​ដាក់​នៅ​កន្លែង​មាន​សុវត្ថិភាព​ ហើយ​ដើម្បី​ត្រៀម​បញ្ជូន​ត្រឡប់មក​ស្រុក​ខ្មែរ​វិញ​។

ស្រី្ត​ជា​ជនរងគ្រោះ ឈ្មោះ អាត់ សុភ័ក្រ អាយុ​ ២៥ ​ឆ្នាំ​ ដែលមាន​ទីកំណើត​នៅ​ស្រុក​សំរោងទង ខេត្តកំពង់ស្ពឺ កាលពីពេល​ថ្មីៗ​នេះ​បាន​ខ្ចី​ទូរស័ព្ទ​ពី​អ្នកជិតខាង​នៅ​ចិន​ ដើម្បី​បង្ហោះ​វីដេអូ​ដង្ហោយ​រក​ការជួយ​សង្គ្រោះ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ បន្ទាប់ពី​គាត់​ត្រូវបាន​ខាង​គ្រួសារ​ខាង​ប្ដី​ធ្វើបាប​យ៉ាងដំណំ​។

ក្នុង​វីដេអូ​ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម TikTok រយៈពេល​ជាង​ ២ ​នាទី បាន​រៀបរាប់ថា​៖ «​សូម​បងប្អូន​ជួយ​សូមឱ្យ​សម្តេច​ [​ហ៊ុន សែន​] ​ជួយ​ខ្ញុំ​ឱ្យបាន​ទៅ​ខ្មែរ​វិញ​ផង ខ្ញុំ​នៅទីនេះ (​ទីក្រុង Nanchang ខេត្ត Jiangxi ប្រទេស​ចិន​) ប្តី​ខ្ញុំ​ធ្វើបាប​ខ្លាំងណាស់ ខ្ញុំ​អត់​បាន​ទាក់ទង​ទៅ​គ្រួសារ​ ៤ ​ឆ្នាំ​ហើយ​»​។

តាមរយៈ​វីដេអូ​នេះ​នាង​បាន​រៀបរាប់​ទាំង​ទឹកមុខ​ក្រៀមក្រំ​ថា នាង​រស់នៅ​ពុំមាន​ក្តីសុខ​នោះទេ​​ដោយ​ក្រុមគ្រួសារ​ទាំង​ម៉ែក្មេក ​ឪ​ក្មេក និង​ប្តី​វាយ​ធ្វើបាប ហើយ​បញ្ជូន​ឱ្យទៅ​ធ្វើស្រែ​ចម្ការ ហើយ​បាន​រលូត​កូន​ ៣ ​ដង​ទៀតផង​។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្រៃ្តយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ជួញដូរ​មនុស្ស​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពីថ្ងៃ​ទី​ ២២ ខែកញ្ញា​ថា ភាគី​កម្ពុជា​នៅ​ចិន​បាន​ជួយសង្គ្រោះ​ស្ត្រី​នោះ​ទៅ​កន្លែង​មាន​សុវត្ថិភាព​ហើយ បន្ទាប់ពី​ទទួលដំណឹង​នេះ​ភ្លាម​។

លោកស្រី​ថា​៖ «​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ក្រសួង​មហាផ្ទៃ​បាន​ទាក់ទង​ទៅ​ភាគី​ចិន និង​បាន​ស្វែងរក​ទីតាំង​ដែល​ស្រី្ត​នោះ​រស់នៅ​តាមរយៈ​ឪពុកម្តាយ​ដែល​រស់នៅ​ស្រុក​ខ្មែរ ឥឡូវនេះ​បាន​រក​​ឃើញ​ហើយ ចំណែក​ស្រី្ត​នោះ​ត្រូវ​​បាន​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​ប៉ូលិស​នៅ​ក្រុង​ប៉េកាំង​ ដើម្បី​សួរ​ព័ត៌មាន និង​ធ្វើ​ចត្តាឡីស័ក​»​។

លោកស្រី​បន្តថា បន្ទាប់​បញ្ចប់​ធ្វើ​ចត្តាឡីស័ក​នៅ​ទីនោះ ភាគី​ប៉ូលិស​ចិន​នឹង​ជូនដំណឹង​មក​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន​ដើម្បី​ត្រៀម​បញ្ជូន​ស្ត្រី​រងគ្រោះ​មក​កម្ពុជា​វិញ​ឆាប់ៗ​នេះ​។

ទន្ទឹមនេះដែរ លោកស្រី ជូ ប៊ុនអេង បាន​បន្ត​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​មួយចំនួន​ឱ្យ​ប្រុងប្រយ័ត្ន​​ខ្ពស់​ចៀសវាង​ចាញ់បោក​មេខ្យល់​​ដែល​នាំឱ្យ​គ្រោះថ្នាក់​ដល់​ជីវិត​។

លោកស្រី​ថា​៖ «​យើង​បាន​ផ្សព្វផ្សាយ​ច្រើន​ហើយ​តាមរយៈ​ការចុះ​អប់រំ ផ្សព្វផ្សាយ​តាម​បណ្តាញសារព័ត៌មាន​រឿង​ចាញ់បោក​មេខ្យល់ យើង​មិន​ចង់ឱ្យ​ស្រី​ខ្មែរ​គិតថា​មាន​ភាពងាយស្រួល​ដែល​ទៅ​ក្រៅប្រទេស​នោះទេ​»​។

លោកស្រី​បន្តថា​៖ «​គាត់​តែង​ប្រើពាក្យ​ថា​គាត់​ចាញ់បោក​គេ ប៉ុន្តែ​អ្វីដែល​គាត់​និយាយ​វា​ហួសពេល​ហើយ ព្រោះ​គាត់​បាន​រងគ្រោះ​រួច​បាត់ទៅហើយ អ៊ីចឹង​បទពិសោធ​ទាំងនេះ យើង​ចង់ឱ្យ​អ្នកដទៃ​ដែល​មិនទាន់​ចាញ់បោក ឱ្យ​គាត់​រៀនសូត្រ​ព្រោះ​ដឹង​ហើយ​ថា​មាន​អ្នក​ដែល​ទៅ​ក្រៅប្រទេស មិនមែន​សុទ្ធតែ​បាន​សេចក្តី​សុខ​ទេ​...»​។

លោកស្រី ជូ ប៊ុនអេង បាន​ផ្តាំផ្ញើ​ថា ការដែល​ធ្វើ​ប្រថុយទៅ​​ធ្វើជា​ប្រពន្ធ​គេ​នៅ​បរទេស គឺ​គ្រាន់តែ​ជាការ​ចាញ់បោក​មេខ្យល់​ដែល​បាននិង​កំពុង​កេងចំណេញ​ប្រយោជន៍​ពី​ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ​។

លោកស្រី​បញ្ជាក់ថា​៖ «​ពាក្យ​ថា​ធ្វើជា​ប្រពន្ធ​គេ គឺជា​អ្នក​ដែល​ត្រូវបាន​គេ​ប្រើប្រាស់​មួយជីវិត​អត់​មាន​ប្រាក់បៀវត្សរ៍​ទេ ហើយក៏​គ្មាន​ការធានា​ដែរ​ពីព្រោះ​គេ​ត្រូវ​​អនុវត្ត​ច្បាប់​គ្រួសារ​ដូច​នៅ​ប្រទេស​ចិន​គេ​មានច្បាប់​គ្រួសារ អ៊ីចឹង​​ក្នុង​គ្រួសារ ការស្តី​ប្រដៅ​ជេរ វ៉ៃ​​ជា​រឿង​ធម្មតា​របស់គេ​»​។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័នភាព​ការងារ និង​សិទ្ធិមនុស្ស (Central) ​លោក មឿន តុលា បាន​ថ្លែងថា មាន​កត្តា​ ២ ​ដែល​ធ្វើឱ្យ​ពលរដ្ឋ​ខ្មែរ​ខ្លះ​នៅ​បន្ត​​ចាញ់បោក​មេខ្យល់​គឺ​កត្តា​ជំរុញ​​ និង​កត្តា​ទាក់ទាញ​។ ​ក្នុងនោះ​កត្តា​ជំរុញ​ដោយសារ​ភាពក្រីក្រ​ការងារ​មិន​ទៀងទាត់ ជំពាក់​បំណុល​មិនមាន​ការងារ​ធ្វើ​ ឬ​មិន​មាន​មុខរបរ​គ្រប់គ្រាន់​ជាដើម​។ រីឯ​កត្តា​​ទាក់ទាញ​គឺ​មេខ្យល់​ដែល​បោក​​ស្ត្រី​ខ្មែរ​ទៅធ្វើការ​ ឬ​ការប្តី​នៅ​ចិន​ពួកគេ​បាន​បញ្ចុះបញ្ចូល​ថា​ទៅ​ប្រទេស​​ចិន​នឹង​មាន​លុយកាក់​ច្រើន​។

លោក​ថា​៖ «​តាមពិតទៅ​ភាគច្រើន​ដែល​យើង​សម្ភាស​ស្ត្រី​រងគ្រោះ​គឺ​គាត់​មិនមែន​ទាក់ទង​ផ្ទាល់​​ទៅ​ចិន​ទេ​គឺ​មាន​មេខ្យល់​មក​លួងលោម​ថា​ទៅ​រក​ការងារ​នៅ​ចិន ​ហើយ​មេខ្យល់​ទៀតសោត​បាន​​បង្ហាញ​ភាពហ៊ឺហា​ថា មាន​ស្ត្រី​ខ្មែរ​​ច្រើន​ទៅ​ធ្វើការ​ ឬ​ការប្តី​ចិន​សល់​​លុយ​ពេល​ត្រឡប់មក​ស្រុក​វិញ​»​។

លោក​បន្តថា ការជួយ​ស្ត្រី​រងគ្រោះ​ពី​ភាគី​កម្ពុជា​ជា​រឿង​ល្អ ប៉ុន្តែ​​លោក​ជំរុញ​រាជរដ្ឋាភិបាល​កម្ពុជា​​ឱ្យ​បង្កើន​ការផ្សព្វផ្សាយ និង​អប់រំ​​បន្ថែមទៀត​ដើម្បី​ឱ្យ​ពលរដ្ឋ​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​។

លោក​ថា​៖ «​ខ្ញុំ​មើល​ទៅ​រដ្ឋាភិបាល​លោក​បាន​ព្យាយាម​ផ្សព្វផ្សាយ​ខ្លះ​ដែរ​ ប៉ុន្តែ​ហាក់បី​ដូចជា​​នៅ​មាន​កម្រិត​នៅឡើយ​ទេ​អ៊ីចឹង​គួរតែ​ផ្សព្វផ្សាយ​ព័ត៌មាន​ឱ្យដល់​សហគមន៍ អ៊ីចឹង​ពេល​គាត់​ទទួល​ព័ត៌មាន​បាន​គាត់​នឹង​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​»៕