វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ប្រភេទ​ស៊ីណូវ៉ាក់​ចំនួន​ ៣ ​លានដូស​ ដែលជា​ការបញ្ជាទិញ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដឹក​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ហើយ នា​ព្រឹក​ថ្ងៃទី​ ២៤ ខែកញ្ញា ឆ្នាំ​ ២០២១ ​នេះ​។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​ថ្លែងថា នៅថ្ងៃនេះ​វ៉ាក់សាំង​ចំនួន​ ៣ ​លាន​ដូស​​ បាន​ដឹក​មកដល់​តាម​ការគ្រោង​ទុក ហើយ​នៅ​ថ្ងៃទី​ ២៨ ខែកញ្ញា ខាងមុខនេះ វ៉ាក់សាំង​ចំនួន​ ៣ ​លានដូស​បន្ថែមទៀត ​នឹង​ដឹក​មកដល់​ទៀត ចំណែក​ ៣ ​លានដូស​ដែលជា​ការសន្យា​ការផ្តល់ជូន​ពី​រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី ក៏​នឹង​មកដល់​ឆាប់ៗ​នេះដែរ​។

លោកស្រី​បាន​មានប្រសាសន៍​ថា៖ «​មកដល់​ពេលនេះ កម្ពុជា​បាន​ទទួល​វ៉ាក់សាំង​កូវីដ​ ១៩ ​សរុប​ទាំងអស់​ចំនួន​ ៣៥,៥ ​លានដូស​ហើយ​។ វ៉ាក់សាំង​ដែល​ដឹក​មកជា​បន្តបន្ទាប់​នេះ គឺ​សម្រាប់​ចាក់​ជូន​ដល់​ក្រុម​កុមារ​អាយុ​ពី​ ៦ ​ឆ្នាំ​ដល់​ក្រោម​ ១២ ​ឆ្នាំ និង​សម្រាប់​ចាក់​ដូស​ជំរុញ​ផងដែរ​»​។

លោកស្រី​បាន​បន្ថែមថា កម្ពុជា​មាន​វ៉ាក់សាំង​កូវីដ​ ១៩ ​គ្រប់​ចំនួន​សម្រាប់​ចាក់​ជូនទៅ​ដល់​ប្រជាពលរដ្ឋ​ទាំង​កុមារ​ និង​មនុស្ស​ចាស់​ទៅតាម​ផែនការ​របស់​រាជរដ្ឋាភិបាល​ដែល​បានកំណត់​។

លោកស្រី យក់ សម្បត្តិ បាន​បញ្ជាក់ថា៖ «​នៅ​ចំពោះមុខ​នេះ សម្រាប់​ប្រទេស​កម្ពុជា​គឺ​បានកំណត់​ប្រើប្រាស់​វ៉ាក់សាំង​ស៊ីណូវ៉ាក់​ហើយ ដែល​ប្រមុខ​រាជរដ្ឋាភិបាល​បាន​សម្រេច​ និង​បាន​បញ្ជា​ទិញ​ជា​បន្តបន្ទាប់​ផងដែរ​»​។

ជាមួយ​គ្នា​នេះដែរ លោកស្រី​ក៏បាន​លើកឡើង​ផងដែរ​ថា ទោះបីជា​ប្រជាពលរដ្ឋ​ជាច្រើន​លាន​នាក់​បានទទួល​នូវ​ការចាក់​វ៉ាក់សាំង​រួចហើយ​ក៏ដោយ តែ​ស្ថានភាព​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ពិសេស​វីរុស​បំប្លែង​ថ្មី​ប្រភេទ​ដែលតា (Delta) នៅតែ​បន្តធ្វើ​ការវាយលុក ពិសេស​នៅតាម​ខេត្ត​មួយចំនួន​នៅ​តាម​បណ្តា​ព្រំដែន ដូចជា​ខេត្តសៀមរាប ដែល​បាន​បិទខ្ទប់​ជាច្រើន​កន្លែង​ផងដែរ ដោយសារ​ការឆ្លង​រាលដាល​នៃ​វីរុស​នេះ​៕