The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន៖ នៅ​ថ្ងៃទី ២៤ ខែកញ្ញានេះ ជា​ខួបទី២៨ ឆ្នាំ ដែល​កម្ពុជា​បាន​ប្រកាស​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រកម្ពុជា




លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន៖ នៅ​ថ្ងៃទី ២៤ ខែកញ្ញានេះ ជា​ខួបទី២៨ ឆ្នាំ ដែល​កម្ពុជា​បាន​ប្រកាស​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រកម្ពុជា

Content image - Phnom Penh Post
ខួបទី២៨ ឆ្នាំ ដែល​កម្ពុជា​បាន​ប្រកាស​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រកម្ពុជា។​ រូបភាព ហ៊ាន រង្សី និង SPM Page

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន៖ នៅ​ថ្ងៃទី ២៤ ខែកញ្ញានេះ ជា​ខួបទី២៨ ឆ្នាំ ដែល​កម្ពុជា​បាន​ប្រកាស​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រកម្ពុជា

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​សរសេរ​លើ​បណ្តាញសង្គម​ហ្វេសប៊ុក​របស់​លោក​នាព្រឹកនេះ​ថា នៅ​ថ្ងៃទី ២៤ ខែកញ្ញានេះ ជា​ខួបទី២៨ ឆ្នាំ ដែល​កម្ពុជា​បាន​ប្រកាស​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រកម្ពុជា។

លោក​បាន​លើក​ឡើង​ថា ផ្តើម​ចេញ​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ស្តីពី​ដំណោះស្រាយ​រួម​បញ្ចប់​នូវ​វិបត្តិ​កម្ពុជា​ជា​ប្រវត្តិសាស្ត្រ ដែល​បន្ទាប់មក​នៅ​ថ្ងៃទី ២៣-២៨ ខែឧសភា ប្រទេស​កម្ពុជា បាន​រៀបចំ​ការ​បោះឆ្នោត​ជា​លើក​ដំបូង​ក្រោម​ការ​ឧបត្ថម្ភ​គាំពារ​ពី​អង្គការ​សហ​ប្រជាជាតិ អ៊ុនតាក់ (UNTAC)។ ក្រោយ​ពីការ​បោះឆ្នោត​រួចមក រដ្ឋធម្មនុញ្ញជាតិ​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ជា​ប្រវត្តិ​សាស្ត្រ​នៅក្នុង​ឆ្នាំ ១៩៩៣ ផងដែរ។

លោក ហ៊ុន សែន បាន​បន្តថា នៅ​ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ១៩៩៣ នៅក្នុង​មហា​ប្រាសាទ​ទេវា​វិនិច្ឆ័យ នៅ​ក្នុង​ព្រះបរមរាជវាំង ព្រះករុណា ព្រះបាទ សម្តេច​ព្រះនរោត្តម សីហនុ អតីត​មហាវីរក្សត្រ​ព្រះបរមរតនកោដ្ឋ ព្រះអង្គ​បាន​ឡាយព្រះហត្ថលេខា​លើ​ព្រះរាជ​ក្រម​ប្រកាស​ឱ្យ​ប្រើ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ជាផ្លូវការ។

លោកថា៖ «នៅ​ថ្ងៃទី ២៤ ខែកញ្ញា គឺជា​ថ្ងៃ​កំណើត​រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩៣ ដែល​មកដល់​ឆ្នាំ ២០២១ គឺ​រដ្ឋធម្មនុញ្ញ​កម្ពុជា មាន​អាយុកាល ២៨ ឆ្នាំហើយ។ រដ្ឋធម្មនុញ្ញ គឺជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រកម្ពុជា។ ច្បាប់ និង​សេចក្តី​សម្រេច​ទាំងឡាយ​នៃ​ស្ថាប័ននានា​របស់​រដ្ឋ​ត្រូវ​ស្រប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​ជា​ដាច់ខាត»។

លោក​នាយករដ្ឋមន្រ្តី បាន​បន្តថា ចំណុច​សំខាន់ៗ​បំផុត​មួយ​ចំនួន​ដែល​បាន​ចែងច្បាស់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​មាន​ដូចជា កម្ពុជា​ត្រូវ​គោរព​ដាច់ខាត​នូវ​របប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ របប​ប្រជាធិបតេយ្យ​សេរីពហុបក្ស។ រដ្ឋធម្មនុញ្ញ​កម្ពុជា​បាន​ចែង​អំពី​គោលការណ៍​នៃ​ការ​បែងចែក​អំណាច​ដាច់​ដោយ​ឡែក​ពីគ្នា​គឺ ១. អំណាច​នីតិបញ្ញត្តិ, ២. នីតិប្រតិបត្តិ និង៣. តុលាការ ហើយ​ក៏បាន​អនុម័ត​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ និង​គោលការណ៍​នីតិរដ្ឋ​ជាដើម។

លោក ហ៊ុន សែន ថា៖ «សូម​អរគុណ​បងប្អូន​ជនរួមជាតិ​ដែល​បាន​ចូលរួម​ថែរក្សា​ការពារ​សន្កិភាព ដើម្បី​ប្រទេស​ជាតិ​កាន់​តែ​រីកចម្រើន​រុងរឿង​ឆ្ពោះទៅមុខ»៕

អត្ថបទគួរចាប់អារម្មណ៍