ក្រសួង​សុខាភិបាល​បាន​ប្រកាស​រក​ឃើញ​មាន​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ រហូត​ជាង​ ៨០០ នាក់ និង​មាន​អ្នក​ស្លាប់​ថ្មី​បន្ថែម​ទៀត​ចំនួន ២១ នាក់ ខណៈ​មាន​អ្នក​ជា​សះស្បើយ​ជិត ៥០០ នាក់​ប៉ុណ្ណោះ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅ​ព្រឹក​ថ្ងៃទី ២៤ ខែ​កញ្ញា​នេះ បាន​ឱ្យ​ដឹង​ថា ក្រសួង​បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន ៨២២ នាក់​ទៀត និង​មាន​អ្នក​ជា​សះស្បើយ​ចំនួន ៤៩៤ នាក់។ អ្នក​ដែល​ឆ្លង​ថ្មី​នេះ​មាន​ករណី​ឆ្លង​ក្នុង​សហគមន៍​រហូត​ដល់ ៧១៦ នាក់ និង​អ្នក​ដំណើរ​ពី​បរទេស ចំនួន ១០៦ នាក់។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០២១ កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ សរុប​រហូត​ដល់ ១០៧ ៤៤១ នាក់ អ្នក​ជា​សះស្បើយ​សរុប​ចំនួន ៩៩ ៦២៨ នាក់ និង​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់ ២ ១៩៧ នាក់៕