រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា លោក ឈិត សុខុន នៅថ្ងៃទី ២៤ ខែកញ្ញានេះ បានចេញសេចក្ដីណែនាំទាក់ទងនឹងការផ្អាករៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចផ្អាកការរៀបចំពិធីបុណ្យនេះនៅទូទាំងប្រទេសចាប់ពីបិណ្ឌទី៤ ទៅ។

យោងតាមសេចក្តីណែនាំរបស់ក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា ដើម្បីចូលរួមបដិបត្តិតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ដែលអាចនឹងធ្វើឱ្យកម្ពុជាត្រូវប្រឈមនឹងហានិភ័យខ្ពស់នៃការឆ្លងរាលដាលទ្រង់ទ្រាយធំនៅទូទាំងប្រទេសនៃជំងឺកូវីដ ១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) ដែលមានកម្រិតនៃការឆ្លងរាលដាលឆាប់រហ័ស។

លោក ឈិត សុខុន បានបញ្ជាក់ថា ក្រសួងសូមស្នើឱ្យមន្ទីរធម្មការ និងសាសនារាជធានី ខេត្ត ត្រូវសហការជាមួយព្រះមេគណ ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ធ្វើការផ្សព្វផ្សាយដល់គ្រប់វត្តអារាមនៅទូទាំងប្រទេសនូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ។

លោកបានឱ្យដឹងថា៖ «ត្រូវធ្វើការផ្សព្វផ្សាយដល់គ្រប់វត្តអារាម និងវិហារពាហិរសាសនា ត្រូវអនុវត្តនូវវិធានការការពារនានារបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្លួន ជាពិសេសត្រូវប្រកាន់ភ្ជាប់ជានិច្ចនូវវិធានការ ៣ ការពារ ៣ កុំ និងត្រូវសហការជួយសម្របសម្រួលជាមួយយន្តការដែលមានការពាក់ព័ន្ធទាំងអស់ដើម្បីធានាដល់ការនាំយកចង្ហាន់ និងទេយ្យវត្ថុចាំបាច់នានា ប្រគេនដល់ព្រះសង្ឃនៅតាមបណ្តាវត្តអារាមនានា»។

យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២៣ ខែកញ្ញា បានសម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្រោយពិនិត្យឃើញមានការប្រមូលផ្តុំមនុស្សជាច្រើននៅតាមបណ្តាវត្តអារាម៕