ភ្នំពេញៈ ក្រុមប្រឹក្សាធម្មនុញ្ញ​កម្ពុជា​បាន​បោះពុម្ព​ផ្សព្វផ្សាយ​សៀវភៅ រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា និង​សៀវភៅ​គុណតម្លៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ចំនួន ១០ ​ម៉ឺន​ក្បាល ដើម្បី​ចែកជូន​ដល់​ស្ថាប័ន​ជាតិ គ្រឹះស្ថាន​ឧត្តមសិក្សា និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ក្នុង​ឱកាស​អបអរសាទរ​ទិវា​រំឭក​ខួប ២៨ ​ឆ្នាំ​នៃ​ការប្រកាស​ឱ្យប្រើ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​កម្ពុជា​ថ្លែង​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ​ ២០២១ នេះ ឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២១ ​នេះ ដើម្បី​អបអរសាទរ​ទិវា​រំឭក​ខួប ២៨ ​ឆ្នាំ​នៃ​ការប្រកាស​ឱ្យប្រើ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​បោះពុម្ព​សៀវភៅ​រដ្ឋធម្មនុញ្ញ​ចំនួន ១០ ​ម៉ឺន​ក្បាល ដើម្បី​ចែកជូន​ទៅគ្រប់​ក្រសួង ស្ថាប័ន អង្គភាព​ជាតិ ក្រុមប្រឹក្សា និង​គណៈអភិបាល​រាជធានី-ខេត្ត ក្រុមប្រឹក្សា និង​គណៈអភិបាល​ក្រុង-ស្រុក-ខណ្ឌ ក្រុមប្រឹក្សាឃុំ​-​សង្កាត់ គណបក្សនយោបាយ សហជីព សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ស្ថានទូត និង​គ្រឹះស្ថាន​អប់រំ​ទាំង​សាធារណៈ ឯកជន ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។

លោក​បន្តថា ការបោះពុម្ព​គឺ​មាន​លក្ខណៈ​កាន់តែ​ពិសេស និង​កាន់តែ​ងាយស្រួល​ថែមទៀត ដោយ​បន្ថែម​នូវ​កំណត់សម្គាល់​បង្ហាញ​នូវ​កម្រង​មាត្រា​រដ្ឋធម្មនុញ្ញ​ទាំងអស់​តាម​លំដាប់​លេខ​រៀង​នៃ​មាត្រា​នីមួយៗ​ដែល​ត្រូវបានធ្វើ​វិសោធនកម្ម​ទាំង​មាត្រា​ដើម មាត្រា​វិសោធនកម្ម​លើក​ទី​១ ប្រើ​ពាក្យថ្មី​វិសោធនកម្ម​លើក​ទី​២ ដោយ​ប្រើ​ពាក្យថ្មី (​មួយ​) ដើម្បី​សម្រួល​ដល់​អ្នកប្រើប្រាស់​សៀវភៅ​រដ្ឋធម្មនុញ្ញ​ឱ្យ​មាន​ភាពងាយស្រួល​មួយកម្រិត​ថែមទៀត ដោយ​អាច​មើលឃើញ​ក្នុងពេល​តែមួយ​នូវ​ខ្លឹមសារ​នៃ​មាត្រា​ដើម និង​ខ្លឹមសារ​វិសោធនកម្ម​នៃ​មាត្រា​នោះ ទោះបី​មាត្រា​នោះ​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ប៉ុន្មាន​លើក​ក៏ដោយ​។

លោក​ថ្លែងថា​៖ «​ទន្ទឹមនឹង​នេះ​ក្រុមប្រឹក្សាធម្មនុញ្ញ​ក៏បាន​ចងក្រង និង​បោះពុម្ព​ចំនួន ៨០០ ​ក្បាល ខួរ​ឯកសារ​ទស្សនទាន ចម្រុះ​ដែល​ប្រមូលបាន​ពី​សន្និសីទ​រៀបចំ​កាលពី​ឆ្នាំ​ ២០១៩ ដោយ​ក្រុមប្រឹក្សាធម្មនុញ្ញ ក្រោម​ប្រធានបទ គុណតម្លៃ​ទំនើប និង​គុណតម្លៃ​ខ្មែរ ដែលមាន​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​អបអរ​ទិវា​រំឭក​ខួប​ទី​ ២៨ ​ឆ្នាំ​នៃ​ការប្រកាស​ឱ្យប្រើ​រដ្ឋធម្មនុញ្ញ​នេះ​ផងដែរ​»​។

លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៣ ខែ កញ្ញា ឆ្នាំ​ ២០២១ ​នេះ​ឱ្យ​ដឹងថា​លោក​បាន​សម្តែង​ការស្វាគមន៍​ចំពោះ​ការបោះពុម្ព​សៀវភៅ​នេះ ដើម្បី​លើក​តម្លៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ក្នុងឱកាស​ទិវា​រំឭក​ខួប ២៨ ​ឆ្នាំ​ នៃ​ការប្រកាស​ឱ្យប្រើ និង​ផ្តល់​ផលប្រយោជន៍​ដល់​អ្នកអាន​ផងដែរ ប៉ុន្តែ​អ្វីដែល​បារម្ភ​នោះ​គឺ វា​បានត្រឹមតែ​បោះពុម្ព គ្មាន​បានផ្តល់​គុណ​តម្លៃ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។

លោក​បន្តថា ចំពោះ​សៀវភៅ​ដែល​បាន​បោះពុម្ព​នេះ មិនទាន់​ដឹងថា មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​នឹង​បាន​អាន​នោះ​ទេ ដែល​ភាគច្រើន​បាន​ត្រឹមតែ​យកទៅ​តាំង​លើ​ទូ មិនសូវ​ជា​បាន​យកមក​អាន​ទេ​។ មួយវិញទៀត គុណតម្លៃ​នៃ​រដ្ឋធម្មនុញ្ញ​នេះ បើ​ពិនិត្យ​ឱ្យបាន​ស៊ីជម្រៅ គឺ​មាន​គុណប្រយោជន៍​យ៉ាង​ធំធេង​សម្រាប់​ប្រទេស​កម្ពុជា ប៉ុន្តែ​មាត្រា​មួយចំនួន​ត្រូវបាន​ធ្វើ​វិសោធនកម្ម​ប្រើប្រាស់ សម្រាប់​ផលប្រយោជន៍​នយោបាយ និង​បក្ខពួក​។

លោក​ថ្លែងថា​៖ «​យើង​ដឹង​ហើយ នៅពេលដែល​ជាប់គាំង​នយោបាយ យើង​ប្រើប្រាស់​រដ្ឋធម្មនុញ្ញ ដើម្បី​កែ បង្កើត​តំណែង​របស់​អ្នកនយោបាយ រួមជាមួយ​នឹង​កែ​ពី​ ២ / ៣ មក ៥០ បូក ១ អីហ្នឹង យើង​យកមក​កែ​បែបនេះ បាន​ធ្វើឱ្យ​គុណតម្លៃ​នៃ​រដ្ឋធម្មនុញ្ញ​របស់​យើង​វា​បាត់បង់​។ កន្លែង​ខ្លះ​វា អ៊ីចឹង​»​។

បើតាម លោក អ៊ូ ច័ន្ទរ័ត្ន រដ្ឋធម្មនុញ្ញ​ត្រូវ​បង្កើតឡើង​ដើម្បី​ផលប្រយោជន៍​ដល់​ប្រទេស​ទាំងមូល មិនមែន​ដើម្បី​ប្រយោជន៍​ដល់​ក្រុម​អ្នកនយោបាយ​ណាមួយ​ទេ គឺ​ធ្វើ​ដើម្បី​ការពារ​ផលប្រយោជន៍​រាស្ត្រ និង​ប្រជាជាតិ​ទាំងមូល​។ ប៉ុន្តែ​កន្លងមកនេះ អ្នកនយោបាយ​កម្ពុជា ដើម្បី​ចង់បាន​ឈ្នះ​ចាញ់​គ្នា តែងតែ​យក​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់កំពូល​របស់​ជាតិ យកមក​លេងសើច ដែល​ធ្វើឱ្យ​គុណតម្លៃ​ត្រូវ​បាន​ធ្លាក់ចុះ​។

លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៣ ខែកញ្ញា ឆ្នាំ ២០២១ ឱ្យដឹង​ដែរ​ថា រដ្ឋធម្មនុញ្ញ គឺជា​ច្បាប់​គោល​របស់​ប្រទេស​កម្ពុជា នៅពេល​ដែល​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​បោះពុម្ព​ចែកជូន​ដល់​ស្ថាប័ន​ជាតិ និង​អន្តរជាតិ និង​ជូន​ដល់​អ្នកវិភាគ​ជាដើម វា​គឺ​ការល្អ​មួយ​បំផុត​។

លោក​បន្តថា សៀវភៅ​ទាំងនេះ​នឹង​ក្លាយជា​ផែនទី​ចង្អុល​ផ្លូវ​មួយ​ឱ្យដឹងថា យើង​ដើរទៅ​តាមផ្លូវ​ណា​? រដ្ឋធម្មនុញ្ញ គ្របដណ្តប់​ដល់​ណា​? ដើម្បី​ចៀសវាង​នូវ​អ្វីដែល​យើង​មិនបាន​ដឹង ហើយ​យើង​ជា​ពលរដ្ឋ​ម្នាក់ៗ ត្រូវតែ​ស្គាល់​ពី​ច្បាប់​នេះ ព្រោះ​ជា​ច្បាប់​គោល​សម្រាប់​អ្នក​ទាំងអស់​គ្នា ឈាន​ទៅ​ធ្វើ​អ្វីមួយ ឬក៏​ការប្រើប្រាស់​ពាក់ព័ន្ធ​នឹង​សិទ្ធិ ត្រូវ​មើល​រដ្ឋធម្មនុញ្ញ​ជា​គោល​។

បើតាម លោក អ៊ឹម ឈុនលឹម រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ បន្ទាប់ពី​ប្រជា​ជាតិខ្មែរ​សម្រេចបាន​កិច្ចព្រមព្រៀង​ស្តីពី​ដំណោះស្រាយ​នយោបាយ​រួមមួយ​នៃ​ជម្លោះ​កម្ពុជា​នៅក្នុង​សន្និសីទ​ទីក្រុង​ប៉ារីស​ស្ដីពី​កម្ពុជា​ថ្ងៃទី​ ២៣ ខែ តុលា ឆ្នាំ​ ១៩៩១​។ ប្រទេស​កម្ពុជា​បានរៀបចំ​ការបោះឆ្នោត​សកល​នៅក្នុង​ខែឧសភា ឆ្នាំ​ ១៩៩៣ ដោយ​បង្កើតបាន​សភាធម្មនុញ្ញ ដើម្បី​រៀបចំ​តាក់តែង​ព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​។

លោក​បន្តថា មកដល់​ថ្ងៃទី​ ២១ ខែ កញ្ញា ឆ្នាំ​ ១៩៩៣ រដ្ឋធម្មនុញ្ញ​ថ្មី​មួយ ត្រូវបាន​សភា​ធម្មនុញ្ញ​អនុម័ត​យល់ព្រម ហើយ​ព្រះមហាក្សត្រ​ទ្រង់​ឡាយ​ព្រះហស្ត​លេខា​លើ​ព្រះរាជក្រម​ប្រកាស​ឱ្យប្រើ​រដ្ឋធម្មនុញ្ញ នៅ​ថ្ងៃទី​ ២៤ ខែ កញ្ញា ឆ្នាំ​ ១៩៩៣ ដែល​រដ្ឋធម្មនុញ្ញ​នេះ​បាន​ក្លាយជា​រដ្ឋធម្មនុញ្ញ​ទី​ ៦ ចាប់តាំងពី​ប្រទេស​កម្ពុជា​ ទទួលយក​ធម្មនុញ្ញនិយម​ទំនើប​។ ស្ថាបនិក​ដំបូង​បង្កើតឱ្យមាន​រដ្ឋធម្មនុញ្ញ​នេះ​ឡើង គឺ​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះនរោត្តម សីហនុ (​ព្រះបរមរតន​កោដ្ឋ​) និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​៕