ភ្នំពេញៈ ក្រសួងបរិស្ថាន​នៅ​ថ្ងៃទី​ ២២ ខែកញ្ញា បានបង្ហាញ​វត្តមាន​បង្កួយ​ហោះ​ ឬ​បង្កួយ​ស្លាប​ ៣ ​ប្រភេទ ​ក្នុងចំណោម​ឧរង្គសត្វ​ ១៨០ ​ប្រភេទ ដែល​ត្រូវ​បាន​រកឃើញ​នៅ​កម្ពុជា​។

របាយការណ៍​ជាតិ​ស្តីពី​ស្ថានភាព​ជីវចម្រុះ​នៅ​កម្ពុជា​បង្ហាញ​​ថា ក្នុង​ឆ្នាំ​ ២០១៦ ​ឧរង្គសត្វ​នៅ​កម្ពុជា​មាន​ ១៧៣ ​ប្រភេទ ហើយ​​បច្ចុប្បន្ន​ចំនួន​នេះ​បាន​កើនឡើង​ដល់​ ១៨០ ​ប្រភេទ​។ ​ក្នុងចំណោម​ឧរង្គសត្វ​ទាំង​ ១៨០ ​ប្រភេទ​នេះ មាន​បង្កួយ​ហោះ​ចំនួន​ ៣ ​ប្រភេទ គឺ​ Draco indochinensis Smith 1928,Draco maculatus Grey 1845 និង Draco taeniopteru Günther 1861​។ នេះ​បើតាម​ការបង្ហាញ​លើ​ហ្វេសប៊ុក​របស់​ក្រសួង​បរិស្ថាន​នៅ​ថ្ងៃទី​ ២២ ខែកញ្ញា​។

បើតាម​ក្រសួងបរិស្ថាន Draco indochinensis Smith - 1928 គឺជា​ប្រភេទ​បង្កួយ​ហោះ​ដែល​មាន​ទីជម្រក​ជា​ព្រៃស្រោង​​ និង​ព្រៃ​ពាក់កណ្តាល​ស្រោង​។ ​បង្កួយ​នេះ​មាន​ខ្នង​ពណ៌​ត្នោត​ប្រផេះ និង​មាន​ស្នាម​អុជៗ​ស្បែក​គល់​ក មាន​ពណ៌​ខ្មៅ​ហើយ​វា​​អាច​ហក់​ទម្លាក់ខ្លួន​ពី​ទី​ខ្ពស់​ទៅ​ទី​ទាបៗ​ដូច​ប្រភេទ​តុកកែ​ហោះ​ដែរ​។ វា​មាន​វត្តមាន​តែ​នៅ​កម្ពុជា និង​វៀតណាម​ប៉ុណ្ណោះ​។

ហ្វេសប៊ុក​ក្រសួងបរិស្ថាន​សរសេរ​ថា​៖ «​នៅ​កម្ពុជា​បង្កួយ​នេះ​​ត្រូវបាន​កត់ត្រា​ដំបូង​នៅ​ឧទ្យានជាតិ​ព្រះមុនីវង្ស​ “​បូកគោ​” ​ក្នុង​ឆ្នាំ​ ១៩២៨ និង​កត់ត្រា​ឡើងវិញ​នៅ​ឧទ្យានជាតិ​វ៉ើនសៃ និង​ដែនជម្រក​សត្វព្រៃ​កែវសីមា​ក្នុង​ឆ្នាំ​​ ២០០៣»​។

លោក សុខ វិជ្ជា អ្នកស្រាវជ្រាវ​ជីវចម្រុះ​នៅ​កម្ពុជា​ថ្លែង​នៅ​ថ្ងៃទី​ ២៣ ខែកញ្ញា​ថា សត្វ​បង្កួយស្លាប​ ឬ​បង្កួយ​ហោះ​មាន​ដើមកំណើត​តែ​ក្នុងប្រទេស​កម្ពុជា​ និង​វៀតណាម​ខាងត្បូង តែ​​ប៉ុណ្ណោះ ដែល​គេ​អាច​រកឃើញ​ពួកវា​នៅក្នុង​តំបន់​ព្រៃធំៗ​ ឬ​ព្រៃក្រាស់​ក្នុង​រយៈកម្ពស់​ចាប់ពី​ ៥០០ ​ម៉ែត្រ​ឡើងទៅ ហើយ​ចូលចិត្ត​រស់នៅ​តាម​ដើមឈើ​ជាង​នៅលើ​ដី​។

លោក​ថ្លែងថា​៖ «​សត្វ​បង្កួយ​ស្លាប​នៅ​ទូទាំង​ពិភពលោក​មាន​ប្រហែល​ជាង​ ៤០​ ប្រភេទ​​ ដែល​ភាគច្រើន​មាន​ដងខ្លួន​ខ្លី​ជាង​ ៨ ​ស.ម ហើយ​ភាគច្រើន​មាន​វត្តមាន​នៅក្នុង​ព្រៃ​នៃ​ទ្វីបអាស៊ី​អាគ្នេយ៍​យើង និង​ឥណ្ឌា​ខាងកើត​» ។

លោក វិជ្ជា បាន​បញ្ជាក់ថា នៅ​កម្ពុជា​អាចមាន​បង្កួយ​ស្លាប​ពី​ ២ ​ទៅ​ ៣ ​ប្រភេទ​ឡើង​គ្រាន់តែ​មិនទាន់មាន​ការស្រាវជ្រាវ​ឱ្យបាន​ជាក់លាក់​។

យ៉ាងណាក្ដី ក្រសួងបរិស្ថាន​បង្ហាញ​ថា Draco maculatus Grey 1845 គឺជា​ប្រភេទ​បង្កួយ​ហោះ​មួយ​ប្រភេទ​ទៀត​ដែល​រស់​នៅតាម​តំបន់​ព្រៃស្រោង​​ព្រៃ​ពាក់កណ្តាល​ស្រោង និង​ព្រៃរបោះ​។ វា​មាន​ខ្នង​ពណ៌​ប្រផេះ​មាន​ស្បែក​ក និង​ចុងស្លាប​ពណ៌​លឿង​។ បច្ចុប្បន្ន បង្កួយ​នេះ​នៅ​ពុំទាន់​បាន​សិក្សា​ច្បាស់លាស់​នៅឡើយ​។

អ្នកស្រាវជ្រាវ​ជឿជាក់​ថា អាច​​មាន​ប្រភេទ​ថ្មី​មួយចំនួន​ក្រោម​ឈ្មោះ Draco maculates ​នេះ ដែល​អ្នកវិទ្យាសាស្ត្រ​កំពុង​សិក្សា​ពី​ធនធាន​ពន្ធ​ ដើម្បី​បញ្ជាក់​អត្តសញ្ញាណ​ពិតប្រាកដ​។ ​របាយ​បង្កួយ​នេះ​ត្រូវបាន​រកឃើញ​នៅ​ភាគខាងត្បូង​ប្រទេស​ចិន ភូមា ថៃ ឡាវ កម្ពុជា វៀតណាម និង​ម៉ាឡេស៊ី​។

ក្រសួង​បរិស្ថាន​បញ្ជាក់​ថា​ «​នៅ​​ប្រទេស​កម្ពុជា​បង្កួយ​នេះ​ត្រូវបាន​គេ​រកឃើញ​នៅ​តំបន់​ជួរភ្នំក្រវាញ​ខាងលិច និង​តាម​កោះ​មួយចំនួន​ដូចជា​កោះកាពិ​ក្នុង​ខេត្តកោះកុង​ឆ្នាំ​ ២០០៧»​។

ចំណែក​ ១ ​ប្រភេទ​ទៀត​គឺ​ Draco taeniopterusGünther 1861 ​គឺជា​ប្រភេទ​បង្កួយហោះ ដែល​រស់​នៅតាម​តំបន់​ព្រៃស្រោង និង​ព្រៃ​ពាក់កណ្តាល​ស្រោង​។ ​ជាទូទៅ​វា​មាន​​ខ្នង​ពណ៌​បៃតង​ត្នោត មាន​ស្បែកក និង​ចុង​ស្លាប​ពណ៌​ឈាមជ្រូក​។

របាយ​នៃ​ប្រភេទ​បង្កួយ​នេះ​ត្រូវបាន​រកឃើញ​នៅ​ភាគខាងត្បូង​ប្រទេស​ភូមា ថៃ កម្ពុជា ភាគខាងត្បូង​ប្រទេស​វៀតណាម និង​ឧបទ្វីប​ម៉ាឡេស៊ី​។ នៅ​ប្រទេស​កម្ពុជា បង្កួយ​នេះ​ត្រូវបាន​រកឃើញ​តែ​នៅ​តំបន់​ជួរ​ភ្នំក្រវាញ​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​ ២០០៧​។

ក្រសួង​នេះ​បាន​បញ្ជាក់ថា បង្កួយ​ហោះ ឬ​បង្កួយ​ស្លាប ជា​ឧរង្គសត្វ ដែលមាន​ស្បែក​ពិសេស​នៅ​ឆ្នឹង​ជំនីរ អាច​ត្រដាង ដើម្បី​ទប់​សម្រាល​ខ្លួន​នៅពេល​វា​ហក់​ពី​ទីតាំង​ ១ ​ទៅ​ទីតាំង​ ១ ​ទៀត​។ បង្កួយ​ហោះ​ញី ឬ​ឈ្មោល អាច​បែងចែក​បាន​នៅពេល​ពេញវ័យ​តាមរយៈ​ការសង្កត​មើល​បួរក​ (​ឈ្មោល​មាន​បួរ​កវែង​ជាង​ញី​) ​ពណ៌​ខ្លួន​ (​ឈ្មោល​មាន​ពណ៌​ច្បាស់​ជាង​ញី​) ​និង​ប្រវែង​ខ្លួន​ (​ភាគច្រើន​ឈ្មោល​មាន​ប្រវែង​ខ្លួន​វែង​ជាង​ញី​)​។ បង្កួយ​ប្រភេទ​នេះ ស៊ី​សត្វល្អិត​ជា​អាហារ​ជាពិសេស​ស្រមោច​ខ្មៅ ចង្រិត​ និង​កណ្តៀរ​ជា​អាហារ​៕

វីដេអូ៖