រដ្ឋបាលខេត្ត​ឧត្តរមានជ័យ​បាន​ធ្វើការ​ណែនាំ​បន្ថែម​នូវ​វិធានការ​ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ក្នុងអំឡុង​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​នេះ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល សំដៅ​រួម​ធានា​ការពារ​បាន​អាយុជីវិត​ប្រជាពលរដ្ឋ សុខភាព​សាធារណៈ និង​សណ្តាប់ធ្នាប់​សាធារណៈ ព្រមទាំង​កាត់បន្ថយ​ឱ្យ​បានជា​អតិបរមា​នូវ​ផលប៉ះពាល់​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​នេះ​ផងដែរ​។

លោក ប៉ែន កុសល្យ អភិបាលខេត្ត​ឧត្តរមានជ័យ​បាន​ឱ្យ​ដឹងថា ក្នុង​នាម​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ឧត្តរមានជ័យ លោក​បាន​សម្រេច​ដាក់ចេញ​នូវ​វិធាន​ការណែនាំ​អនុវត្ត​បន្ទាន់​ទៅ​ដល់​មន្ទីរ​ធម្មការ និង​សាសនា និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​សម្របសម្រួល និង​សហការ​ជាបន្ទាន់​ជាមួយ​សាលាគណ​ខេត្ត ទាំងពីរ​គណៈសាលា​អនុគណ​គ្រប់​ក្រុង-ស្រុក ណែនាំ​ដល់​គ្រប់​វត្តអារាម និង​បូជនីយដ្ឋាន​សាសនា​នានា​ឱ្យ​ផ្អាក​ការរៀបចំ​ពិធី និង​កិច្ចសាសនា​នានា​ដែលមាន​លក្ខណៈ​ប្រមូលផ្តុំ​មនុស្ស ចាប់ពី​បិណ្ឌ​ ៤ រហូតដល់​ថ្ងៃ​ភ្ជុំបិណ្ឌ​។

លោក​ថា៖ «​ព្រះសង្ឃ​តាម​បណ្តា​វត្ត​អារាម​អាច​ទទួលយក​ចង្ហាន់ និង​ទេយ្យទាន​ដែល​ទាយក ទាយិកា និង​ពុទ្ធបរិស័ទ​យកមក​វេរ​ប្រគេន​បាន តែ​ដាច់ខាត​ត្រូវ​រៀបចំ​យន្តការ​អនុវត្ត​ជា ចាំបាច់​មួយចំនួន គឺ​គ្រប់​ព្រះសង្ឃ ដូនជី តាជី និង​ពុទ្ធបរិស័ទ​ទាំងអស់​ត្រូវ​ពាក់​ម៉ាស់​គ្រប់ៗ​គ្នា​នៅពេល​ចូល​ទីវត្តអារាម និង​បូជនីដ្ឋាន​សាសនា​ជា​ចាំបាច់​»​។

លោក ប៉ែន កុសល្យ បាន​បន្ថែមថា ចាំបាច់​ត្រូវ​រៀបចំ​ឱ្យមាន​កន្លែង​លាង​សម្អាត​ដៃ​, ទឹក​អាល់កុល ឬ​ជែល​លាងដៃ និង​មាន​ការវាស់​កម្តៅ​នៅ​ច្រកចេញចូល និង​រក្សា​ការលាង​សម្អាត​ដៃ​ឱ្យបាន​ញឹកញាប់ និង​ត្រូវ​រៀបចំ​ឱ្យមាន​គម្លាត​សុវត្ថិភាព​បុគ្គល គ្រប់​ពេល​ដែល​ទាយក ទាយិកា និង​ពុទ្ធបរិស័ទ​ចូលក្នុង​ទីវត្តអារាម ព្រះវិហារ សាលាឆាន់ និង​ក្ដី​។​ល​។

អភិបាលខេត្ត​រូបនេះ​បាន​បន្ថែមថា ត្រូវ​បន្ត​អប់រំ ផ្សព្វផ្សាយ និង​ណែនាំ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​អំពី​វិធានការ​បង្ការ ការពារ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ សំដៅ​ធានា​អនុវត្តបាន​នូវ​ការរស់នៅ​តាម​បែប​គន្លង​ថ្មី​ជាមួយ​កូវីដ​ ១៩ ដោយ​ចាំបាច់​ត្រូវអនុវត្ត​វិធានការ ៣ការពារ និង ៣កុំ ព្រម​ជាមួយនឹង​វិធានការ​សុខាភិបាល​ចាំបាច់​ផ្សេងៗ​ទៀត សំដៅ​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ឱ្យបាន​ខ្ជាប់​ខ្លួន និង​គ្រប់ៗ​គ្នា​។

លោក ប៉ែន កុសល្យ ​បាន​ឱ្យដឹងថា​៖ «​ខ្ញុំ​សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ថា លោក​អភិបាលក្រុង​-​ស្រុក ដែលជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល ក្រុង-ស្រុក ប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ មេបញ្ជាការ​កងកម្លាំង​ទាំង​ ៣ ​ប្រភេទ​របស់​ខេត្ត និង​បងប្អូន​ប្រជាពលរដ្ឋ​នឹង​បន្ត​ចូលរួម​សហការណ៍​អនុវត្ត​ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩»៕