The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បើក​ដំណើរការ​ជា​ផ្លូវការ​នូវ​កំណាត់​ផ្លូវ​អាស៊ាន​ហាយវេ​ទី១ កំណាត់​ផ្លូវជាតិ​លេខ ៥ ចាប់ពី​ចំណុច​ខេត្ត​បាត់ដំបង ដល់​ខេត្ត​បន្ទាយមានជ័យ




ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បើក​ដំណើរការ​ជា​ផ្លូវការ​នូវ​កំណាត់​ផ្លូវ​អាស៊ាន​ហាយវេ​ទី១ កំណាត់​ផ្លូវជាតិ​លេខ ៥ ចាប់ពី​ចំណុច​ខេត្ត​បាត់ដំបង ដល់​ខេត្ត​បន្ទាយមានជ័យ

Content image - Phnom Penh Post
​ទិដ្ឋភាពផ្លូវ​អាស៊ាន​ហាយវេ​ទី១ កំណាត់​ផ្លូវជាតិ​លេខ ៥ ចាប់ពី​ចំណុច​ខេត្ត​បាត់ដំបង ដល់​ខេត្ត​បន្ទាយមានជ័យ​កាលពី ​ថ្ងៃទី ២៣ ខែកញ្ញា។ រូបភាព ក្រសួងសាធារណការ និងដឹកជញ្ជូន

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បើក​ដំណើរការ​ជា​ផ្លូវការ​នូវ​កំណាត់​ផ្លូវ​អាស៊ាន​ហាយវេ​ទី១ កំណាត់​ផ្លូវជាតិ​លេខ ៥ ចាប់ពី​ចំណុច​ខេត្ត​បាត់ដំបង ដល់​ខេត្ត​បន្ទាយមានជ័យ

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បើក​ដំណើរការ​ជា​ផ្លូវការ​នូវ​កំណាត់​ផ្លូវ​អាស៊ាន​ហាយវេ​ទី១ កំណាត់​ផ្លូវជាតិ​លេខ ៥ ចាប់ពី​ចំណុច​ខេត្ត​បាត់ដំបង ដល់​ខេត្ត​បន្ទាយមានជ័យ​កាលពី​ថ្ងៃទី ២៣ ខែកញ្ញា ដែល​ផ្លូវនេះ​ជា​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ ៥ ភាគ​ខាងជើង (បាត់ដំបង-សិរីសោភ័ណ) ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ឱ្យបាន​ប្រសើរ និង​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ផងដែរ។

រដ្ឋបាលខេត្ត​បាត់ដំបង បាន​ឱ្យដឹង​កាលពី​ថ្ងៃទី ២៣ ខែកញ្ញា ថា កំណាត់​ផ្លូវជាតិ​លេខ ៥ ចាប់ពី​បាត់ដំបង ដល់​សិរីសោភ័ណនេះ ចាប់ផ្តើម​សាងសង់​ចេញពី​ខេត្តបាត់ដំបង រហូតដល់​ក្រុងសិរីសោភ័ណ មាន​ប្រវែង​សរុប ៨៤,៧៤ គីឡូម៉ែត្រ និង​បច្ចុប្បន្ន​ការ​សាងសង់​បាន​សម្រេច ១០០%ហើយ។

លោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​លើក​ឡើង​នា​ឱកាស​ពិធី​ប្រគល់ និង​ទទួល​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើង​ផ្លូវជាតិ​លេខ ៥ (បាត់ដំបង-បន្ទាយមានជ័យ) ថា ផ្លូវ​មួយខ្សែ​នេះ បាន​ចាប់ផ្តើម​ធ្វើ​ពី​ចុង​ខែមីនា ឆ្នាំ២០១៨ ក្រោម​អធិបតីភាព​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន។

លោក​មាន​ប្រសាសន៍​ថា ៖ «ផ្លូវនេះ​ជា​ប្រភេទផ្លូវ ៤គន្លង ដែល​មាន​ទទឹង ២៣ ម៉ែត្រ សម្រាប់​តំបន់​ជនបទ និង ២៨ម៉ែត្រ​សម្រាប់​តំបន់​ទីប្រជុំជន ដោយ​ចំណាយ​ថវិកា​ក្នុង​ការ​សាងសង់​សរុប ១៦០,៦លានដុល្លា​សហរដ្ឋ​អាមេរិក»។

Content image - Phnom Penh Post
​ទិដ្ឋភាពផ្លូវ​អាស៊ាន​ហាយវេ​ទី១ កំណាត់​ផ្លូវជាតិ​លេខ ៥ ចាប់ពី​ចំណុច​ខេត្ត​បាត់ដំបង ដល់​ខេត្ត​បន្ទាយមានជ័យ​កាលពី ​ថ្ងៃទី ២៣ ខែកញ្ញា។ រូបភាព ក្រសួងសាធារណការ និងដឹកជញ្ជូន

លោក តូច ចាន់កុសល បាន​បញ្ជាក់​ថា ចំពោះ​ខេត្តបាត់ដំបង មាន​ផ្លូវ​វាងក្រុង​បាត់ដំបង​មួយខ្សែ​ដែល​មាន​ប្រវែង​សរុប ២៣,៩២ គីឡូម៉ែត្រ និង​ផ្លូវ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៥ ប្រវែង ២២,៣៥គីឡូម៉ែត្រ ដែលមាន​សួនច្បារ​នៅ​កណ្ដាល ដោយ​មាន​ដាំ​ដើម​ត្របែកព្រៃ និង​ចំពោះ​ផ្នែក​ផ្លូវ​វាង​ក្រុង មាន​ការ​ដាំ​ដើម​ក្ងោក នៅ​ត្រឹម​ព្រំដី។

លោកថា៖ «ចំពោះ​ផ្លូវ ចាប់ពី​ផ្លូវជាតិ​ទៅដល់​ព្រំដី គឺ​មិន​អនុញ្ញាត​ឱ្យមាន​ការ​សាងសង់ ឬ​ធ្វើអ្វី​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​សោភ័ណ​ភាព​ផ្លូវឡើយ ព្រោះ​ចំណី​ផ្លូវ ពី​ផ្លូវថ្នល់​រហូត​ដល់​ព្រំដី ដែល​មាន​ដាំ​ដើម​ក្ងោក​ប្រមាណ ៦ ០០០ ដើម រាជរដ្ឋាភិបាល​បាន​ធ្វើការ​ដោះស្រាយ និង​ទិញ​ពី​ប្រជាពលរដ្ឋ​រួចរាល់​មក​ហើយ ដើម្បី​លើក​កម្ពស់​សោភ័ណភាព​ផ្លូវ​ឱ្យ​កាន់តែ​ធំ និង​មាន​ដើម​ឈើ​សងខាងផ្លូវ»។

លោក​បានបន្ត​ថា បើសិន​ជាមាន​ករណី​ណាមួយ​ខុស​ពី​ការ​កំណត់​របស់​រាជរដ្ឋាភិបាល រដ្ឋបាលខេត្ត​ត្រូវ​ចាត់​វិធានការ​នានា​ដែល​បាន​កំណត់ ទៅ​បុគ្គល​ណា​ដែល​បាន​រំលោភបំពាន​ផ្លូវចំណី ឬ​សាងសង់​សំណង់​ផ្សេងៗ ធ្វើឱ្យ​ប៉ះពាល់​ដល់​សោភ័ណភាព​ផ្លូវ​ផងដែរ។

គួរបញ្ជាក់​ថា គម្រោង​ស្ថាបនា​កំណាត់​ផ្លូវជាតិ​លេខ ៥ នេះ ត្រូវបាន​បែងចែក​ជា ២ កញ្ចប់​ការងារ​គឺ កញ្ចប់​ការងារ​ទី១ សាងសង់​ដោយ​សម្ព័ន្ធ​ក្រុមហ៊ុន Tekken-Taiyo Joint Venture មាន​ប្រវែង ៤៦,២៧ គីឡូម៉ែត្រ (ផ្លូវវាង​ក្រុងបាត់ដំបង​ប្រវែង ២៣,៩២ គីឡូម៉ែត្រ) និង​កញ្ចប់​ការងារ​ទី២ សាងសង់​ដោយ​សម្ព័ន្ធ​ក្រុមហ៊ុន Daiho-Asanuma Joint Venture មាន​ប្រវែង ៣៨,៤៧ គីឡូម៉ែត្រ (ផ្លូវវាង​ក្រុងសិរីសោភ័ណ​ប្រវែង ៩,៣៤គីឡូម៉ែត្រ) និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​សម្ព័ន្ធ​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស KEI-OCG-KCI និងKCEC & TANCONS៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍