មន្ត្រី​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​លើកឡើងថា ដើម្បី​សម្រេច​ឱ្យបាន​ចក្ខុវិស័យ​ស្តីពី​ប្រព័ន្ធ​ស្បៀង​ឆ្នាំ​ ២០៣០ ដែល​ផ្តល់នូវ​សន្តិសុខ​ស្បៀង​ និង​អាហារូបត្ថម្ភ សម្រាប់​មនុស្ស​គ្រប់រូប គិតគូរ​ពី​ចីរភាព​សេដ្ឋកិច្ច សង្គម​ និង​បរិស្ថាន រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​អាទិភាព​ចំនួន​បួន​សំខាន់ៗ​ក្នុង​ការអនុវត្ត​។

ថ្លែង​នា​ថ្ងៃទី​ ២៤ ខែកញ្ញា​នេះ​ក្នុង​កិច្ចប្រជុំ​កំពូល​ស្ដីពី​ប្រព័ន្ធ​ស្បៀង ដែល​រៀបចំ​ដោយ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​នាទី​ក្រុង​ញ៉ូវយ៉ក​លោក យឹម ឆៃលី ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ​បាន​ឱ្យដឹងថា ផែនទី​បង្ហាញផ្លូវ​ស្តីពី​ប្រព័ន្ធ​ស្បៀង​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​ឆ្នាំ​ ២០៣០ បាន​រៀបចំ​ឡើង​ផ្អែកលើ​លទ្ធផល​កិច្ចសន្ទនា​ និង​ការវិភាគ ហើយ​បាន​ផ្សារភ្ជាប់​នឹង​ក្របខ័ណ្ឌ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​នានា ដែល​មាន​ស្រាប់​។

លោក​បាន​បន្ថែមថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​អាទិភាព​ចំនួន​បួន ដើម្បី​សម្រេច​ឱ្យបាន​ចក្ខុវិស័យ​ស្តីពី​ប្រព័ន្ធ​ស្បៀង​ឆ្នាំ​ ២០៣០ ដែល​ផ្តល់នូវ​សន្តិសុខ​ស្បៀង​ និង​អាហារូបត្ថម្ភ សម្រាប់​មនុស្ស​គ្រប់រូប គិតគូរ​ពី​ចីរភាព​សេដ្ឋកិច្ច សង្គម​ និង​បរិស្ថាន​។

លោក យឹម ឆៃលី បាន​ថ្លែងថា៖ « អាទិភាព​ទីមួយ​គឺ ការលើកកម្ពស់​របប​អាហារ​សុខភាព​សម្រាប់​ទាំងអស់​គ្នា ដើម្បី​បំបែក​វដ្ត​អន្តរ​ជំនាន់​នៃ​បញ្ហា​អាហារូបត្ថម្ភ​។ កម្ពុជា​ប្ដេជ្ញា​ត្រឹម​ឆ្នាំ​ ២០៣០ នឹង​ធ្វើឱ្យ​របប​អាហារ​សុខភាព មាន​ភាពងាយស្រួល​អាច​រកបាន និង​មានតម្លៃ​សមរម្យ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​»​។

លោក​បាន​បន្តថា អាទិភាព​ទី​ពីរ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​គឺ ការលើកកម្ពស់​ភាពអង់អាច​របស់​យុវជន ស្ត្រី និង​ជន​ងាយ​រងគ្រោះ​។ កម្ពុជា​នឹង​បន្ត​អនុវត្ត សកម្មភាព​លើកកម្ពស់​សមត្ថភាព​យេនឌ័រ បង្កើត​ការងារ​សមរម្យ អភិវឌ្ឍន៍​សហគ្រិន និង​ផ្តល់ឱកាស ការងារ​សម្រាប់​យុវជន​ស្ត្រី និង​ជន​ងាយ​រងគ្រោះ និង​ផ្ដល់​ទីកន្លែង​សម្រាប់​យុវជន​ចូលរួម​ក្នុង​កិច្ចសន្ទនា គោលនយោបាយ​។

ក្នុង​បរិការណ៍​ដែល​ពិភពលោក​ទាំងមូល​បាននិង​កំពុង​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ និង​ការប្រែប្រួល​អាកាសធាតុ ការរៀបចំ​កិច្ចប្រជុំ​កំពូល​នេះ​បាន​ក្រើនរំឭក​ទាំងអស់​គ្នា ឱ្យ​យកចិត្ត​ទុកដាក់​លើ​ការពង្រឹង​ភាពធន់​លើ​មុខរបរ​ចិញ្ចឹមជីវិត​ និង​ប្រព័ន្ធ​ស្បៀង ដើម្បី​ឆ្លើយតប​ទៅនឹង​វិបត្តិ​និង​បញ្ហា​នានា ដែល​អាច​កើតឡើង​នៅពេល​អនាគត​។

លោក យឹម ឆៃលី ​បាន​បញ្ជាក់ថា នេះ​ជា​ចំណុច​ទី​ ៣ ដែល​កម្ពុជា​នឹង​បន្តធ្វើ​សកម្មភាព ដើម្បី​ដោះស្រាយ​ភាពងាយ​រងគ្រោះ និង​កាត់បន្ថយ​ភាពក្រីក្រ ពង្រឹង​ភាពធន់​របស់​តួអង្គ​ពាក់ព័ន្ធ ពង្រឹង​បណ្តាញ​ការងារ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​។

លោក យឹម ឆៃលី ​បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​នេះ​ថា៖ «​ការពង្រឹង​អភិបាលកិច្ច​ ដើម្បី​ធ្វើឱ្យ​ប្រព័ន្ធ​ស្បៀង​កាន់តែ​មាន​បរិយាប័ន្ន គឺជា​ចំណុច​អាទិភាព​ទី​ ៤ ​ដែល​យើង​បានដាក់​។ កម្ពុជា​នឹង​បន្ត​រៀបចំ កិច្ចសន្ទនា ការសម្របសម្រួល និង​ការសហការ​ជាមួយ​គ្រប់​តួអង្គ​ពាក់ព័ន្ធ ដើម្បី​ធ្វើឱ្យ​ប្រព័ន្ធ​ស្បៀង​កាន់តែ​មាន​បរិយាប័ន្ន ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អ្នកប្រើប្រាស់ ជន​ងាយ​រងគ្រោះ និង​ជនជាតិដើម​ភាគតិច​»​។

លោក​ថា កម្ពុជា​នឹងធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​ ២០២២ ដែលជា​ពេលវេលា​ដ៏សំខាន់​មួយ​សម្រាប់​កម្ពុជា​ពង្រឹង កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​នានា ដើម្បីឱ្យ​ប្រព័ន្ធ​ស្បៀង​កាន់តែ​មាន​ភាពរឹងមាំ​ និង​មាន​ចីរភាព សម្រាប់​មនុស្ស ភពផែនដី និង​វិបុលភាព​។

ដោយ​ប្រទេស​កម្ពុជា​នឹង​ក្លាយទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៣០ ប្រព័ន្ធ​ស្បៀង គឺជា​មូលដ្ឋានគ្រឹះ​ដ៏សំខាន់​សម្រាប់​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព លុបបំបាត់​គ្រោះ​អត់ឃ្លាន និង​បញ្ហា​អាហារូបត្ថម្ភ និង​កាត់បន្ថយ​ភាពក្រីក្រ ដោយ​មិន​ទុក​នរណាម្នាក់​ចោល​នោះឡើយ​៕