ភ្នំពេញៈ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស បានថ្លែងថា សហរដ្ឋអាមេរិកមានឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ានក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ ១៩ ហើយលោកសង្ឃឹមថា ទំនាក់ទំនងរវាងអាមេរិក និងអាស៊ាននេះនឹងបន្តរីកចម្រើនទៅមុខ។
លោកថ្លែងដូច្នេះ បន្ទាប់ពីលោកបានចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-អាមេរិក កាលពីថ្ងៃទី ២៣ ខែកញ្ញា។
លោក ប្រាក់ សុខុន សរសេរលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី ២៤ ខែកញ្ញាថា៖ «រដ្ឋមន្រ្តីការបរទេសអាស៊ាន-អាមេរិកបានប្រជុំ ៣ ដងហើយនៅឆ្នាំនេះ ដោយសបញ្ជាក់ឱ្យឃើញពីឆន្ទៈរបស់អាមេរិកក្នុងការពង្រឹងទំនាក់ទំនងជាមួយអាស៊ាន ជាពិសេសក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ ១៩»។
លោកបញ្ជាក់ថា លោកបានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិកជាថ្មីម្តងទៀត ដែលបានផ្តល់ជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Johnson & Johnson ចំនួន ១ លាន ដូសដល់កម្ពុជា។
លោក ប្រាក់ សុខុន សរសេរថា៖ «ខ្ញុំក៏សង្ឃឹមថា ភាពជាដៃគូអាស៊ាន-អាមេរិក នឹងបន្តរីកចម្រើនតទៅមុខទៀតលើគ្រប់វិស័យ»៕
វីដេអូ៖