វត្តជាង ១៥០ វត្ត ក្នុងរាជធានីភ្នំពេញ ត្រូវបានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) នៅថ្ងៃទី ២៤ ខែកញ្ញា នេះ បានចុះយកសំណាកពីព្រះសង្ឃ លោកតាអាចារ្យ យាយជី និងសិស្សលោកដែលស្នាក់នៅក្រោយពីវត្តមួយចំនួនមានការផ្ទុះការឆ្លងរាលដាលនូវវីរុសកូវីដ ១៩ ក្នុងពិធីបុណ្យកាន់បិណ្ឌថ្ងៃទី ១ និងទី ២កន្លងមកនេះ។

ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក ងី មានហេង បានប្រាប់ឱ្យដឹងថា ក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាល និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) បានចុះយកសំណាកនៅតាមវត្តអារាមក្នុងរាជធានីភ្នំពេញទាំងអស់ចំនួន ១៥១ វត្ត ក្នុងរយៈពេល ២ ថ្ងៃ គឺចាប់ពី ថ្ងៃទី ២៤ និង ២៥ ខែកញ្ញា នេះ។

យោងតាមតារាងផែនការសកម្មភាពយកសំណាកពិសេសតាមវត្តក្នុងខណ្ឌទាំង ១៤ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) បានឱ្យដឹងថា ក្រុមគ្រូពេទ្យ TYDA នឹងធ្វើការប្រមូលសំណាកនៅតាមវត្តចំនួន ៧៥ វត្ត រីឯក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាល នឹងធ្វើការប្រមូលសំណាកនៅតាមវត្តអារាមចំនួន ៧៦ វត្តផ្សេងទៀត។

គួរបញ្ជាក់ផងដែរថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្រោយពិនិត្យឃើញមានការប្រមូលផ្តុំមនុស្សជាច្រើននៅតាមបណ្តាវត្តអារាម។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២៣ ខែកញ្ញា ក៏បានបញ្ជាក់ដែរថាក្នុងរយៈពេល ២ ថ្ងៃ នៃការរៀបចំពិធីបុណ្យកាន់បិណ្ឌកន្លងទៅនេះ រាជរដ្ឋាភិបាលពិនិត្យឃើញថា មានការជួបជុំ និងប្រមូលផ្តុំមនុស្សជាច្រើននៅតាមបណ្តាវត្តអារាម ដើម្បីប្រារព្ធពិធីកាន់បិណ្ឌ ដែលមិនអាចធានាបានការអនុវត្តត្រឹមត្រូវតាមវិធានការសុវត្ថិភាពផ្នែកសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ ១៩។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានណែនាំ ដល់គណៈអភិបាលរាជធានី-ខេត្ត ត្រូវធ្វើការសម្របសម្រួលជាមួយយន្តការ ដែលមានការពាក់ព័ន្ធទាំងអស់ ដើម្បីធានាដល់ការនាំយកចង្ហាន់ និងទេយ្យវត្ថុចាំបាច់នានា ប្រគេនដល់ព្រះសង្ឃ នៅតាមបណ្តាវត្តអារាមនានា ដែលស្ថិតក្នុងសមត្ថកិច្ចដែនដីរបស់ខ្លួន៕

វីដេអូ៖