
សមត្ថកិច្ចបានឃាត់មនុស្សធ្វើការអប់រំ និងពិន័យ ពាក់ព័ន្ធករណីល្មើសវិធានការរដ្ឋបាល និងវិធានការសុខាភិបាល។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ភ្នំពេញៈ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ (គ.អ.ក) ប្រកាសនៅព្រឹកនេះថា សមត្ថកិច្ចបានឃាត់មនុស្សធ្វើការអប់រំនិងពិន័យចំនួន ១៧ នាក់ ពាក់ព័ន្ធករណីល្មើសវិធានការរដ្ឋបាល និងវិធានការសុខាភិបាល កាលពីម្សិលមិញ។
តាមសេចក្តីជូនដំណឹង (គ.អ.ក) នៅព្រឹកថ្ងៃទី២៥ ខែកញ្ញានេះ បានឱ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សធ្វើការអប់រំ និងពិន័យចំនួន១៧នាក់ ប៉ុន្តែ គ្មានយានយន្តល្មើសពាក់ព័ន្ធករណីល្មើសវិធានការរដ្ឋបាល និងវិធានការសុខាភិបាលទេ នៅថ្ងៃទី២៤ ខែកញ្ញា។
ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា នៅថ្ងៃដដែលនោះ សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់ចំនួន ៨ ករណី ដោយពិន័យជាប្រាក់បានចំនួន ១ ២០០ ០០០ រៀល អនុវត្តវិធានការផ្សព្វផ្សាយច្បាប់បានចំនួន ៥៤៣ ទីតាំង និងធ្វើការអប់រំតាមគោលដៅចរាចរណ៍ផ្លូវគោក ២៥១នាក់ ដែលធ្វើដំណើរតាមយានយន្ត ១៦៦គ្រឿង៕