សៀមរាបៈ អាជ្ញាធរ​ខេត្ត​សៀមរាប​សម្រេច​បន្ត​បិទ​ខ្ទប់ និង​កំណត់​ជា “តំបន់ក្រហម” ក្នុង​ភូមិ​វ៉ារិន ឃុំ​វ៉ារិន ស្រុក​វ៉ារិន ជា​តំបន់​ដែល​មានការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ជា​បណ្តោះ​អាសន្ន រយៈពេល ១​សប្តាហ៍​ចាប់​ពី​ថ្ងៃទី ២៥ រហូត ដល់​ថ្ងៃទី​១ ខែ​តុលា ឆ្នាំ ២០២១។

លោក ទៀ សីហា អភិបាល​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា​នេះ បាន​ចេញ​លិខិត​សម្រេច​បន្ត​បិទ​ខ្ទប់​និង​កំណត់​ជា “តំបន់ក្រហម” ក្នុង​ភូមិ​សាស្ត្រ ភូមិ​វ៉ារិន ឃុំ​វ៉ារិន ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ជា​តំបន់​មាន​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ ជា​បណ្តោះ​អាសន្ន​រយៈពេល១ សប្តាហ៍​ទៀត ដើម្បី​ការពារ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩។

ក្នុង​លិខិត​សម្រេច​បិទ​ខ្ទប់​នោះ លោក​អភិបាល​ខេត្ត​បញ្ជាក់​ថា ខ្លឹមសារ​បទប្បញ្ញត្តិ​នៃ​សេចក្តី​សម្រេច​លេខ ១៥៩/២១ ស.ស.រ ចុះ​ថ្ងៃ​ទី ១៧ ខែ​កញ្ញា ឆ្នាំ ២០២១ របស់​រដ្ឋបាល​ខេត្ត​សៀមរាប ស្តី​ពី​ការ​កំណត់​ជា “តំបន់​ក្រហម” ក្នុង​ភូមិសាស្ត្រ​ភូមិ​វ៉ារិន ឃុំ​វ៉ារិន ស្រុក​វ៉ារិន ខេត្តសៀមរាប ដែល​ជា​តំបន់​ក្រហម​មាន​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ រហូត​មាន​ការ​ចេញ​សេចក្តី​សម្រេច​ជា​ថ្មី។

លោក​ថ្លែង​ថា៖ «បទ​ប្បញ្ញត្តិ​ទាំង​ឡាយ​ណា​ដែល​បាន​ដាក់​ចេញ​ដើម្បី​ប្រយុទ្ធ និង​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ មុន​ពេល​សេចក្តីសម្រេច​នេះ​ចូល​ជា​ធរមាន ហើយ​ដែល​មិន​ផ្ទុយ​នឹង​សេចក្តី​សម្រេច​នេះ​ត្រូវ​អនុវត្ត​បន្ត​រហូត​ដល់​មាន​លិខិត​បទដ្ឋាន​គតិយុត្ត​ថ្មី​មក​ជំនួស»។

លោកអភិបាល​ខេត្ត​សៀមរាប បាន​សម្រេច​ប្រគល់​ភារកិច្ច​ទៅ​នាយក​រដ្ឋបាល​សាលា​ខេត្ត ស្នងការ​នគរបាល​ខេត្ត មេ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹករង​សៀមរាប មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថខេត្ត អភិបាល នៃ​គណៈអភិបាល​ស្រុក​វ៉ារិន ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ និង​មេ​ឃុំវ៉ារិន ទទួល​បន្ទុក​អនុវត្ត​សេចក្តី​សម្រេច​ភារកិច្ច​រៀងៗ​ខ្លួន៕