
ទំនិញចម្រុះចំនួន ១៣២គីឡូក្រាម និងភេសជ្ជៈចំនួន ៨៧៩កេស ដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ត្រូវបានដកហូតក្នុងភូមិសាស្រ្តខេត្តកណ្តាល ខេត្តពោធិ៍សាត់ និងខេត្តស្វាយរៀង។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប” ប្រកាសនៅថ្ងៃនេះថា មានទំនិញចម្រុះចំនួន ១៣២គីឡូក្រាម និងភេសជ្ជៈចំនួន ៨៧៩កេស ដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ត្រូវបានដកហូតក្នុងភូមិសាស្រ្តខេត្តកណ្តាល ខេត្តពោធិ៍សាត់ និងខេត្តស្វាយរៀង។
យោងតាមហ្វេសប៊ុកផេក ក.ប.ប នៅថ្ងៃទី ២៥ ខែកញ្ញានេះ បានបង្ហាញថា មន្ត្រី ក.ប.ប បានរកឃើញទំនិញចម្រុះចំនួន ១៣២គីឡូក្រាម និងភេសជ្ជៈចំនួន ៨៧៩កេស ដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ត្រូវបានដកហូតមកពីក្នុងភូមិសាស្រ្តខេត្តចំនួន ៣គឺ ខេត្តកណ្តាល ខេត្តពោធិ៍សាត់ និងខេត្តស្វាយរៀង។
តាមរយៈហ្វេសប៊ុក ក.ប.ប បង្ហាញថា មន្ត្រីស៊ើបអង្កេតនៃសាខា ក.ប.ប. ប្រចាំនៅខេត្តទាំងបី កាលពីថ្ងៃទី ២២, ២៣ និង២៤ ខែកញ្ញា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យទំនិញតាមទីផ្សារ ដេប៉ូចែកចាយភេសជ្ជៈ និងផ្ទះលក់ទំនិញនានា ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ក្រុងពោធិ៍សាត់ និងស្រុកស្វាយជ្រុំ ក្នុងនោះរកឃើញ និងដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទជាង ១០០គីឡូក្រាម និងភេសជ្ជៈ ជាង ៨០០កេស។
ហ្វេសប៊ុក ក.ប.ប បញ្ជាក់ថា៖ «មន្ត្រីជំនាញបានរកឃើញ និងដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចម្រុះចំនួន ១៣២គីឡូក្រាម និងភេសជ្ជៈចំនួន ៨៧៩កេស យកមករក្សាទុកដើម្បីធ្វើការកម្ទេចចោលតាមនីតិវិធីនៅពេលក្រោយ ចំណែកអាជីវករដែលតាំងលក់ទំនិញមិនអនុលោមទាំងនោះ ត្រូវបានទទួលរងចំណាត់ការតាមនីតិវិធី»៕