ភ្នំពេញៈ អង្គការ WCS Cambodia បង្ហាញ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​រក​ឃើញ​សម្បុក​របស់​សត្វ​ ត្រដក់តូច ដែល​ជា​សត្វ​ត្រូវ​បាន​កត់ត្រាក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​ងាយ​រងគ្រោះ​ជា​សកល ចំនួន ២​ហ្វូង ក្នុង​នោះ​ហ្វូង​ទី​១ មាន​សម្បុក​ចំនួន ៥ និង​ហ្វូង​ទី​២ មាន​សម្បុក​ចំនួន ២។ នេះ​បើ​តាម​ហ្វេសប៊ុក​របស់​អង្គការ WCS Cambodia នៅថ្ងៃនេះ។

ហ្វេសប៊ុក អង្គការ WCS Cambodia នៅ​ថ្ងៃ​នេះ​បាន​ឱ្យ​ដឹង​ថា ក្នុង​ពេល​ថ្មីៗ​នេះ ក្រុម​ការងារ​ស្រាវជ្រាវ​សត្វ​ព្រៃ​នៃ​អង្គការ WCS បាន​រកឃើញ​សម្បុក​របស់​សត្វ​ ត្រដក់តូច (Lesser adjutant) ចំនួន ២​ហ្វូង ដែល​ហ្វូងទី​១ មាន​សម្បុក​ចំនួន ៥​សម្បុក និង​ហ្វូង​ទី​២ មាន ២សម្បុក។

អង្គការ​នេះ​បន្ត​ថា ក្រុម​ការងារ​បាន​ចាប់​ផ្តើម​ស្វែង​រក​សម្បុក​សត្វ​ត្រដក់​តូច​ កាល​ពី​ដើម​ខែ​កញ្ញា​កន្លង​ទៅ​បន្ទាប់​ពី​ក្រុម​ការពារ​សម្បុក​សហគមន៍​បាន​យាម​ការពារ​សម្បុក​សត្វ​ត្រយង​យក្ស​មួយ​សម្បុក​រហូត​ដល់​កូន​ញាស់​ហើរ​ចេញ​ដោយ​សុវត្ថិភាព កាល​ពី​ពីរបី​សប្តាហ៍​កន្លង​ទៅ។

អង្គការ WCS Cambodia បានឱ្យដឹងថា រដូវ​ពង​កូន​របស់​សត្វ​ត្រដក់​តូច​ចាប់​ផ្តើម​ពី​ខែ​កញ្ញា​ដល់​ខែ​វិច្ឆិកា។ សត្វ​ត្រដក់​តូច ត្រូវ​បាន​កត់ត្រាក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​ងាយ​រងគ្រោះ​ជា​សាកល។ បច្ចុប្បន្ន ក្រុម​ការងារ​ស្រាវជ្រាវ​សត្វព្រៃ​នៃ​អង្គការ WCS បាន​ចាត់តាំង​ក្រុម​ការពារ​សម្បុក​សហគមន៍​ឱ្យ​យាម​ការពារ​សម្បុក​សត្វ​ត្រដក់តូច​ទាំង​អស់ ហើយ​ក្រុម​ស្រាវជ្រាវ​សត្វ​ព្រៃ​កំពុង​ស្វែង​រក​សម្បុក​សត្វត្រដក់តូច​បន្ត​ទៀត​ដើម្បី​ការពារ។

អង្គការនេះលើកឡើងថា តាមការប៉ាន់ស្មាន ចំនួន​សត្វ​ត្រដក់​តូច​កំពុង​តែ​ថយចុះ​យ៉ាង​ខ្លាំង​បណ្តាល​មក​ពី​កត្តា​គំរាម​កំហែង​ផ្សេងៗ ជាពិសេស​ដោយ​សារ​មាន​ការ​លួច​ប្រមូល​យក​ពង​និង​កូន​ត្រដក់តូច​ពី​ហ្វូង​របស់​វា ការ​បាត់បង់​ទី​ជម្រក​សម្រាប់​ធ្វើ​សម្បុកពងកូន ការ​ផ្លាស់ប្តូរ​និងការ​បាត់បង់​តំបន់​ដី​សើម និង​ការ​ផ្លាស់ប្តូរ​ទៅ​រក​ការ​ធ្វើ​កសិកម្ម​តាម​បែប​ប្រពលវប្បកម្ម។

អង្គការនេះសរសេរ​លើ​ហ្វេសប៊ុក​ថា ៖«ត្រដក់តូច ក៏​ទទួល​រង​ការ​គំរាម​កំហែង​ផងដែរ​តាម​រយៈសកម្មភាព​ដាក់​ថ្នាំ​បំពុល​ក្នុង​ទឹក​ដើម្បី​ចាប់​ត្រី»។

កាល​ពី​រដូវពងកូន​ឆ្នាំ ២០២០ ក្រុម​ការងារ​ស្រាវជ្រាវ​សត្វ​ព្រៃ​បាន​រក​ឃើញ​សម្បុក​ត្រដក់​តូច​ចំនួន ៤សម្បុក ក៏​ប៉ុន្តែ​ពង​នៅ​ក្នុង​សម្បុក​ទាំងអស់​មិន​បាន​ញាស់​ទេ ដោយសារ​តែ​មាន​ការ​រំខាន​ពី​មនុស្ស។

អង្គការ WCS Cambodia សរសេរថា ៖«ប្រទេស​កម្ពុជា គឺជា​ទី​ជម្រក​មួយ​របស់​សត្វ​ត្រដក់​តូច​ដែល​នៅ​លើ​ពិភព​លោក​មាន​ចំនួន​សរុបប្រហែល ៣០០០ក្បាល ហើយ​ចំនួន​នេះ​កំពុង​ថយ​ចុះ ទោះ​បី​ជា​មាន​វិធានការ​ទប់​ស្កាត់​មិន​ឱ្យ​ចំនួន​នេះ​ថយ​ចុះ​នៅ​ក្នុង​តំបន់​មួយ​ចំនួន​ក្តី»៕