ភ្នំពេញៈ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បង្ហាញ​សុទិដ្ឋិនិយម​ថា អាស៊ាន និង​សហរដ្ឋអាមេរិក​នឹង​បញ្ចប់​ការរាតត្បាត​ជំងឺ​កូវីដ ១៩ ដើម្បី​បើក​ឱ្យ​ដំណើរការ​ឡើងវិញ​នូវ​ការធ្វើដំណើរ និង​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​រវាង​អាស៊ាន អាមេរិក និង​ប្រទេស​ផ្សេងៗ​ទៀត។

លោក​លើកឡើង​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន-សហរដ្ឋអាមេរិក​កាលពី​ថ្ងៃទី ២៣ ខែកញ្ញា តាម​ប្រព័ន្ធ​វីដេអូ​ក្នុង​ឱកាស​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី ៧។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី ២៥ ខែកញ្ញា បញ្ជាក់​ថា៖ «ឯកឧត្តម [ប្រាក់ សុខុន] បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ថា អាស៊ាន និង សហរដ្ឋអាមេរិក​នឹង​បញ្ចប់​ជំងឺ​រាតត្បាត​កូវីដ ១៩ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​អាច​ចាប់ផ្តើម​ឡើងវិញ​នូវ​ការធ្វើដំណើរ​ដោយ​សុវត្ថិភាព ការផ្លាស់ប្តូរ​ធុរកិច្ច និង​សេដ្ឋកិច្ច ដោយ​មិន​ត្រឹមតែ​នៅក្នុង​អាស៊ាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​រវាង​អាស៊ាន និង​ ស.រ.អា ព្រមទាំង​ជាមួយ​នឹង​ប្រទេស​នានា​ក្នុង​សកលលោក​ផងដែរ»។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា លោក ប្រាក់ សុខុន បាន​ចែករំលែក​ការព្រួយបារម្ភ​អំពី​ផល​អវិជ្ជមាន​ដែល​បណ្តាល​មកពី​ភាពស្មុគស្មាញ​ដែល​កំពុងតែ​កើនឡើង និង​ភាពធ្ងន់ធ្ងរ​នៃ​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់ ហើយ​អាមេរិក​បាន​ប្តេជ្ញាចិត្ត​ធ្វើការ​ជាមួយ​អាស៊ាន ដើម្បី​ជំរុញ​សន្តិភាព និង​វិបុលភាព​ក្នុង​តំបន់។

ប្រភព​ដដែល​បញ្ជាក់ថា រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន និង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​បាន​ឯកភាពគ្នា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អាស៊ាន-សហរដ្ឋអាមេរិក​ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​កូវីដ ១៩ និង​ផលប៉ះពាល់​ដ៏ធំធេង​របស់​ជំងឺ​នេះ និង​ធានា​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ឱ្យ​រឹងមាំ។

កិច្ចប្រជុំ​នេះ​បាន​គាំទ្រ​សំណើ​សេចក្ដី​ប្រកាស​ថ្នាក់ដឹកនាំ​អាស៊ាន-សហរដ្ឋអាមេរិក​ស្តីពី​ការអភិវឌ្ឍ​ឌីជីថល ដែល​នឹងត្រូវ​អនុម័ត​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន-សហរដ្ឋ​អាមេរិក​លើក​ទី ៩ នៅ​ខែតុលា ខាងមុខ​នេះ​ដែល​អាច​នឹង​ពង្រឹង​ការត្រៀម​ខ្លួន​របស់​អាស៊ាន​សម្រាប់​បដិវត្តន៍​ឧស្សាហកម្ម​ទី ៤ និង​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អាស៊ាន​ក្នុង​ការតភ្ជាប់​ទំនាក់ទំនង​ឌីជីថល និង​គម្លាត​ការអភិវឌ្ឍ​ព័ត៌មានវិទ្យា​នៅក្នុង​អាស៊ាន។

អាស៊ាន​បាន​សរសើរ​ដល់​ការប្តេជ្ញា​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​សកម្មភាព​គ្រប់​ជ្រុងជ្រោយ​ឆ្ពោះទៅរក​ការបញ្ចប់​ជំងឺ​រាតត្បាត​សកល​ក៏ដូចជា​ការផ្តល់​វ៉ាក់សាំង​ចំនួន​ជាង ២៣ លាន​ដូស និង​ទឹកប្រាក់​ជិត ១៦០ លាន​ដុល្លារ​ក្នុង​ក្របខ័ណ្ឌ​ជំនួយ​សម្រាប់​សង្គ្រោះបន្ទាន់​ផ្នែក​សុខាភិបាល និង​មនុស្សធម៌​ដល់​ប្រទេស ជា​សមាជិក​អាស៊ាន និង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID ដើម្បី​ជួយ​ដល់​អាស៊ាន​ក្នុង​ការអភិវឌ្ឍ​ប្រព័ន្ធ​សម្របសម្រួល​ភាពបន្ទាន់​ផ្នែក​សុខភាព​សាធារណៈ​អាស៊ាន។

អាស៊ាន និង​សហរដ្ឋអាមេរិក​លើកឡើង​ថា វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ ១៩ មិនគួរ​យកមក​ធ្វើជា​ឧបករណ៍​នយោបាយ និង​បាន​ជំរុញ​ការចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​ជុំវិញ​ពិភពលោក​ឱ្យបាន​ឆាប់រហ័ស​បំផុត។

អាស៊ាន​បាន​ស្វាគមន៍​ចំពោះ​សំណើ​សហរដ្ឋអាមេរិក​ក្នុង​ការពង្រីក​ទំនាក់ទំនង​អាស៊ាន-សហរដ្ឋអាមេរិក ក្នុង​វិស័យ​ដឹកជញ្ជូន សមភាព​យេនឌ័រ ការពង្រឹង​សិទ្ធិអំណាច​ស្ត្រី ថាមពល ការការពារ​បរិស្ថាន និង​បម្រែបម្រួល​អាកាសធាតុ​ហើយ​រំពឹងថា​នឹងធ្វើ​សកម្មភាព​រួមគ្នា​នាពេល​ដ៏ខ្លី​ខាងមុខ៕