ប៉ៃលិនៈ អាជ្ញាធរខេត្ត​ប៉ៃលិន​បាន​បិទ​ផ្សារ​អូរច្រា​ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​អូរច្រា សង្កាត់​ទួលល្វា ក្រុងប៉ៃលិន ចាប់ពី​ថ្ងៃទី ២៣ ខែកញ្ញា រហូត​ដល់​មាន​ការសម្រេច​ជាថ្មី ដើម្បី​ទប់ស្កាត់​ការរាតត្បាត​ជំងឺ​កូវីដ ១៩។

សេចក្តី​សម្រេច​រដ្ឋបាល​ខេត្ត​ប៉ៃលិន​បញ្ជាក់​កាលពី​ថ្ងៃទី ២៤ ខែកញ្ញា​ថា ក្នុង​អំឡុងពេល​បិទ​ជា​បណ្តោះអាសន្ន​ផ្សារ​នេះ រដ្ឋបាល​ក្រុងប៉ៃលិន​ត្រូវ​ហ៊ុមព័ទ្ធ​ទីតាំង​ផ្សារ​ទាំងមូល ផ្អាក​ការចេញ​ចូល​ក្នុង​បរិវេណ​ផ្សារ​ ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​អនាម័យ និង​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត​ ដើម្បី​ប៉ាញ់ថ្នាំ​សម្លាប់​មេរោគ​នៃ​ជំងឺ​កូវីដ ១៩។

សេចក្តី​សម្រេច​បញ្ជាក់ថា រូបវន្តបុគ្គល ឬ​នីតិបុគ្គល ដែល​មិន​អនុវត្តតាម​ការណែនាំ​នេះ​ត្រូវ​ទទួលទោស​តាមច្បាប់៕