ភ្នំពេញៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាប្រកាសនៅថ្ងៃទី ២៥ ខែកញ្ញានេះថា រយៈពេលជាង ១ ឆ្នាំកន្លងទៅនេះ រាជរដ្ឋាភិបាលបានចំណាយថវិកា ១ ៧៦៣ ២៤៧ ០៤៦ ០០០ រៀល ស្មើនឹង ៤៤០,៨១ លានដុល្លារអាមេរិក ជូនដល់ប្រជាជនក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសង្គមកិច្ចនៅថ្ងៃទី ២៥ ខែកញ្ញានេះ បង្ហាញថា ចាប់ពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០ ដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២១ រាជរដ្ឋាភិបាលបានចំណាយថវិការដ្ឋ ១ ៧៦៣ ២៤៧ ០៤៦ ០០០ រៀល ស្មើនឹង ៤៤០,៨១ លានដុល្លារអាមេរិក ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩។
សេចក្តីជូនដំណឹងដដែលបានឱ្យដឹងថា កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ ហើយក្រសួងក៏បានចាប់ផ្តើមដំណើរការអនុវត្តកម្មវិធីនៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០ មកដល់បច្ចុប្បន្នបានចំនួន ៦ ជុំ មាន ១៥ លើករួចមកហើយ។
ក្រសួងសង្គមកិច្ចបញ្ជាក់ថា៖ «សម្រាប់ការបើកផ្តល់ប្រាក់ឧបត្ថម្ភជុំទី ៦ លើកទី ៣ មានរយៈពេល ៣០ ថ្ងៃ និងចាប់ផ្តើមពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២១»។
បើតាមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាគិតត្រឹមថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ៦ ល្ងាច ការបើកផ្តល់ជុំទី ៦ លើកទី ២ ត្រូវបានបញ្ចប់។ ក្នុងនោះ សរុបគ្រួសារដែលត្រូវបានទទួលសេវាឧបត្ថម្ភមានគ្រួសារ ក្រ ១ ចំនួន ២៤៩ ៣០៤ និង គ្រួសារក្រ ២ មានចំនួន ៤២៤ ១៨៣ មានសមាជិកចំនួន ២ ៦៦០ ៧២៦ រាជរដ្ឋាភិបាលបានចំណាយទឹកប្រាក់សរុប ១២០ ១៨៤ ០៦០ ០០០ រៀល៕