ប៉ៃលិនៈ រដ្ឋបាលខេត្ត​ប៉ៃលិន​បើក​យុទ្ធនាការ​ដាំ​ឈើ​ប្រណីត ៤ ០០០ដើម ដើម្បី​ស្តារ​គម្រប​បៃតង​ឡើងវិញ។ មន្ត្រី​អះអាងថា ព្រៃឈើ​ក្នុង​ខេត្ត​នេះ​កំពុងតែ​រង​ការកាប់បំផ្លាញ​ដែល​ឈាន​ទៅ​រក​ការបាត់បង់​បន្តិចម្តងៗ។

លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន​ថ្លែង​ក្នុង​ពិធី​បើក​ធ្វើ​យុទ្ធនាការ​ដាំ​ដើមឈើ​ប្រណីត​នេះ​នៅ​ថ្ងៃទី ២៥ ខែកញ្ញា ថា ការដាំ​កូនឈើ​ប្រណីត​គឺ​ក្នុង​គោលបំណង​ស្តារ​គម្រប​បៃតង និង​ឈើ​ប្រណីត​ក្នុង​ខេត្ត​ឡើងវិញ ជំរុញ​ការផ្សព្វផ្សាយ និង​អប់រំ​ដល់​ប្រជាពលរដ្ឋ និង​សិស្ស​ឱ្យ​យល់ដឹង​ពី​សារៈសំខាន់ និង​ផលប្រយោជន៍​របស់​បរិស្ថាន និង​ធម្មជាតិ​ក្នុង​ការកាត់បន្ថយ​ឥទ្ធិពល​អវិជ្ជមាន​នៃ​ការប្រែប្រួល​អាកាសធាតុ។ នេះ​បើ​យោងតាម​ហ្វេសប៊ុក​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី ២៥ ខែកញ្ញា។

លោកស្រី​ថ្លែងថា៖ «ជាពិសេស​បណ្តុះ​គំនិត [ប្រជាពលរដ្ឋ និង​សិស្ស] ស្រលាញ់​ព្រៃឈើ និង​បរិស្ថាន​ធម្មជាតិ ដែល​កំពុងតែ​រង​ការកាប់បំផ្លាញ​ដែលនាំឱ្យ​ឈានទៅរក​ការបាត់បង់​បន្តិចម្តង»។

លោកស្រី បាន ស្រីមុំ ថ្លែងថា៖ «ដូច្នេះ​យើង​ទាំងអស់​គ្នា ដែលជា​អ្នកទទួល​ផលប្រយោជន៍​ពី​ដើមឈើ​គួរ​គប្បី​ចូលរួម​ដាំដុះ​ឡើងវិញ​ព្រមទាំង​ថែរក្សា​ការពារ​ជីវចម្រុះ និង​បរិស្ថាន​ធម្មជាតិ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ដើម្បី​រក្សាទុក​ជា​សម្បតិ្ត​ជាតិ និង​សម្បត្តិ​មនុស្សជាតិ​ជា​សកល ក៏ដូចជា​លើកស្ទួយ​មុខមាត់​ខេត្ត​របស់​យើង​ផងដែរ»៕

>