ភ្នំពេញៈ ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅ​ចំពោះមុខ​អង្គការ​សហប្រជាជាតិ​ (​អ.ស.ប.) ​ថា ប្រទេស​ធំ និង​តូច​តែងតែ​មាន​ការរៀបចំ​នយោបាយ​ខុសៗ​គ្នា ហើយ​ប្រទេស​នីមួយៗ​មិនគួរ​ត្រូវបាន​បង្អាក់​ដំណើរ​ដោយសារ​តែ​ការដាក់ទណ្ឌកម្ម​ ឬ​វិធានការ​បង្ខិតបង្ខំ​ផ្នែក​សេដ្ឋកិច្ច​នោះទេ ដែល​ជា​ការរំលោភ​លើ​ច្បាប់​អន្តរជាតិ​។

ការលើកឡើង​របស់​លោក​យ៉ាង​​ដូច្នេះ​ធ្វើ​ឡើង​នៅក្នុង​អង្គ​មហាសន្និបាត​ អ.ស.ប. ​លើក​ទី​ ៧៦ ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​កាលពី​ថ្ងៃទី​ ២៥ ខែកញ្ញា​។

លោក​ ហ៊ុន សែន បាន​មានប្រសាសន៍​ថា​៖ «​ប្រទេស​ធំ និង​តូច​តែងតែ​មាន​ប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណី របៀបរបប​រស់នៅ និង​ការរៀបចំ​នយោបាយ​ខុសៗ​គ្នា​។ ​ប្រទេស​នីមួយៗ​មិនគួរ​ត្រូវបាន​បង្អាក់ដំណើរ​ដោយសារ​តែ​ការដាក់​ទណ្ឌកម្ម​ជា​ឯកតោភាគី ការហាមឃាត់​ ឬ​វិធានការ​បង្ខិតបង្ខំ​ផ្នែក​សេដ្ឋកិច្ច​ផ្សេងទៀត​ដែល​រំលោភបំពាន​លើ​ច្បាប់​អន្តរជាតិ និង​គោលការណ៍​ដែល​មានចែង​ក្នុង​ធម្មនុញ្ញ​នៃ​អង្គការ​សហប្រជាជាតិ​នោះឡើយ​»​។

លោក​លើកឡើងថា ពិភពលោក​នៅតែ​ត្រូវ​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ជាច្រើន​ផ្សេងទៀត​ដូចជា ការប្រកួតប្រជែង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​ និង​ការប្រឈមមុខ​ដាក់គ្នារ​វាង​មហាអំណាច សង្គ្រាម​បច្ចេកវិទ្យា និង​ពាណិជ្ជកម្ម ជម្លោះ​ប្រដាប់អាវុធ​ដណ្តើម​ទឹកដី អំពើ​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការប្រែប្រួល​អាកាសធាតុ ហើយ​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ​នៅតែ​កំពុង​ទទួលរង​នូវ​សម្ពាធ​ធ្ងន់ធ្ងរ​ដូច​មុន​ដដែល​។

លោក​បាន​ថ្លែងថា ប្រវត្តិសាស្ត្រ​បាន​ប្រាប់​ម្តង​ហើយ​ម្តង​ទៀតថា ការជ្រៀតជ្រែក និង​ការដែល​កាន់តែ​អាក្រក់​ជាងនេះទៅទៀត​នោះ​គឺ​ការប្រើប្រាស់​ជម្រើស​យោធា​ក្នុង​ការកំណត់​នូវ​ប្រព័ន្ធ​អភិបាលកិច្ច​ផ្សេងៗ​មិនមែន​ជា​ដំណោះស្រាយ​នោះឡើយ​។ ផ្ទុយទៅវិញ ជម្រើស​ទាំងអស់នេះ​បាន​ត្រឹម​នាំមក​នូវ​ការបាត់បង់​ជីវិត ការឈឺចាប់ និង​ទុក្ខវេទនា​សម្រាប់​មនុស្ស​ជាតិ និង​ជម្លោះ​ផ្នែក​សង្គម​សេដ្ឋកិច្ច​កាន់តែច្រើន​ជាង​មុន​តែប៉ុណ្ណោះ​។

លោក​ ហ៊ុន សែន បញ្ជាក់​ថា​៖ «​កម្ពុជា​គឺជា​ឧទាហរណ៍​ជាក់ស្តែង ដែល​បាន​ឆ្លងកាត់​សោកនាដកម្ម​ដ៏អាក្រក់​បំផុត​ហើយ​អ្វីដែល​គួរឱ្យ​សោកស្តាយ​នោះ ​គឺ​នាពេល​បច្ចុប្បន្ន​យើង​កំពុងតែ​ឃើញ​ការអនុវត្ត​ឡើងវិញ​នូវ​គោលនយោបាយ​ដដែល​នេះ​។ ​ប្រសិនបើ​យើង​អាច​ចាត់​​ទុកជា​មេរៀន​នូវ​ព្រឹត្តិការណ៍​ថ្មីៗ​ដែល​កំពុង​កើតឡើង​នៅ​អាហ្វហ្គានីស្ថាន និង​ព្រឹត្តិការណ៍​ជាច្រើន​ផ្សេងទៀត​ពីមុន ការគោរព​នូវ​បំណងប្រាថ្នា​នៃ​ប្រជាជាតិ​នីមួយៗ និង​សិទ្ធិ​របស់​ប្រជាជន​ក្នុងការ​សម្រេចចិត្ត​ដោយ​ខ្លួនឯង​គឺជា​គុណ​តម្លៃ​មួយ​ដ៏ធំធេង​»​។

លោក​បាន​អំពាវនាវ​ឱ្យមាន​ការពង្រឹង​នូវ​ពហុភាគី​និយម និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ដោយ​ផ្អែកលើ​ច្បាប់ ហើយ​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ​មាន​សារៈសំខាន់​បំផុត​សម្រាប់​​អនាគត​ប្រកប​ដោយ​ចីរភាព​។

លោក ហ៊ុន សែន លើកឡើង​ជាថ្មី​ពី​ជំហរ​របស់​កម្ពុជា​ដែល​ប្រកាន់យក​ជា​យូរ​មកហើយ​ថា ការទទួល​ខុសត្រូវ​ចម្បង​ក្នុង​ការថែរក្សា​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ​គឺ​ស្ថិតនៅលើ​អង្គការ​សហប្រជាជាតិ​។ ចាប់តាំងពី​ឆ្នាំ​ ២០០៦ ​មក កម្ពុជា​បាន​រួម​ចំណែក​តាមរយៈ​ការបញ្ជូន​កងកម្លាំង​ជាង​ ៧ ៥០០ ​នាក់ ដើម្បី​បម្រើ​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​ផ្សេងៗ នៅ​ទូទាំង​ពិភពលោក​របស់​អង្គការ​សហប្រជាជាតិ​ហើយ​កងកម្លាំង​របស់​កម្ពុជា​មួយ​ចំនួន​បានធ្វើ​ពលិកម្ម​បូជាជីវិត​ក្នុង​អំឡុងពេល​បំពេញ​បេសកកម្ម​ការពារ​ជនស្លូតត្រង់​។

លោក​បញ្ជាក់ថា កម្ពុជា​គាំទ្រ​ដល់​សកម្មភាព​សម្រាប់​គំនិត​ផ្តួចផ្តើម​រក្សា​សន្តិភាព​បូក​ (A4P+) ​របស់​អគ្គលេខាធិការ​ អ.ស.ប. លោក Antonio Guterres និង​គាំទ្រ​របៀបវារៈ​ស្តីពី​ស្ត្រី សន្តិភាព និង​សន្តិសុខ​ (WPS) ដែល​នឹងធ្វើ​សមាហរណកម្ម​ទស្សនៈ​វិស័យ​យេនឌ័រ​ដ៏​មាន​អត្ថន័យ​ទៅក្នុង​ប្រតិបត្តិ​ការរក្សា​សន្តិភាព​នានា​។

លោក​ ហ៊ុន សែន បន្តថា ការប្រែប្រួល​តថភាព​នៃ​សតវត្សរ៍​ទី​ ២១ ទាមទារ​នូវ​អង្គការ​សហប្រជាជាតិ​មួយ​ដែលមាន​ទម្រង់​ថ្មី និង​មាន​ភាពរហ័សរហួន​ក្នុងការ​ឆ្លើយតប​។ ​អង្គការ​នេះ​ត្រូវតែ​ប្រកាន់​ឱ្យបាន​ខ្ជាប់ខ្ជួន​ជាង​មុន​នូវ​អភិក្រម​ដោះស្រាយ​បញ្ហា​តាម​​បែប​ប្រជាធិបតេយ្យ​ប្រកប​ដោយ​បរិយាប័ន្ន និង​ភាពជា​តំណាង​។

លោក​ថ្លែងថា​៖ «​ក្នុងន័យនេះ​កម្ពុជា​សូម​សម្តែង​នូវ​ការគាំទ្រ​ពេញទំហឹង​ចំពោះ​កិច្ច​ខំប្រឹងប្រែង​ប្រកបដោយ​ភាពបុរេសកម្ម​របស់​ឯកឧត្តម​អគ្គលេខាធិការ​ក្នុង​ការរៀបចំ​អង្គការ​នេះ​ឱ្យ​កាន់តែ​មាន​ភាពឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រទេស​ជា​សមាជិក​។ ​ទំនាក់ទំនង​រវាង​ក្រុមប្រឹក្សាសន្តិសុខ អង្គមហាសន្និបាត និង​អគ្គលេខាធិការដ្ឋាន​អង្គការសហប្រជាជាតិ​ក៏ត្រូវ​មាន​ការពង្រឹង​ឡើង​វិញ​ផងដែរ​»​។

លោកនាយក​រដ្ឋមន្ត្រី​ថ្លែងថា កម្ពុជា​បញ្ជាក់​ជាថ្មី​អំពី​ការគាំទ្រ​របស់ខ្លួន​ចំពោះ​ការកែទម្រង់​ក្រុមប្រឹក្សា​សន្តិសុខ​។ ​កម្ពុជា​ប្រកាន់​ទស្សនៈ​ថា ការបង្កើន​ភាពជា​តំណាង​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​គ្របដណ្តប់​ចំណែក​ធំ​បំផុត​នៃ​ប្រទេស​ជា​សមាជិក​គឺជា​អាទិភាព​ចម្បង​បំផុត​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២៦ ខែកញ្ញា​ថា ការលើកឡើង​របស់​លោក ហ៊ុន សែន គឺ​គ្រាន់តែ​ជាការ​ឆ្លុះបញ្ចាំង​លើ​ការវិវឌ្ឍ និង​និន្នាការ​ថ្មីៗ​មួយចំនួន​របស់​មហា​អំណាច​មួយចំនួន​តែងតែ​ប្រើប្រាស់​សម្ពាធ​ ឬ​​ការដាក់​ទណ្ឌកម្ម​មក​លើ​ប្រទេស​តូច​ ដើម្បី​សម្រេច​គោលដៅ​ពួកគេ​។

លោក​ថ្លែងថា​៖ «​កន្លងមក​ហ្នឹង​ក៏​យើង​ធ្លាប់​ទទួល​នូវ​ភាពអយុត្តិធម៌​ពាក់ព័ន្ធ​ជាមួយនឹង​ទណ្ឌកម្ម​ពាក់ព័ន្ធ​ជាមួយនឹង​សម្ពាធ​អី​មួយចំនួន​អ៊ីចឹង​ដែរ​ពី​ប្រទេស​ធំ​មួយចំនួន​ដែល​តែងតែ​មើល​កម្ពុជា​ក្នុង​រូបភាព​អវិជ្ជមាន​ដោយសារ​គេ​មាន​ជម្លោះ​ ឬ​ក៏​មាន​ការប្រកួតប្រជែង​ខាង​ភូមិសាស្ត្រ​នយោបាយ​ជាមួយ​ប្រទេស​ធំ​ផ្សេង​ទៀត​»៕