
ផ្សារវាលយន្ត ដែលត្រូវបានដាក់ឱ្យដំណើរការឡើងវិញ។ រូបថត Covid-19 tracing sub-commission
សៀមរាបៈ អាជ្ញាធរខេត្តសៀមរាបសម្រេចបន្តបិទខ្ទប់ និងកំណត់ជា “តំបន់ក្រហម” ក្នុងភូមិកំពង់ និងភូមិស្រម៉ ឃុំជីក្រែង ស្រុកជីក្រែង ១ សប្តាហ៍ទៀត ដើម្បីទប់ស្កាត់កុំឱ្យជំងឺកូវីដ ១៩ រាលដាលទៅតំបន់ផ្សេងៗទៀត ខណៈខេត្តស្វាយរៀងបើកដំណើរការផ្សារវាលយន្តឡើងវិញចាប់ពីថ្ងៃ ២៦ កញ្ញាទៅ។
លោក ទៀ សីហា អភិបាលខេត្តសៀមរាបនៅថ្ងៃទី ២៥ កញ្ញា បានចេញលិខិតបន្តបិទខ្ទប់ និងកំណត់ជា “តំបន់ក្រហម” ក្នុងភូមិសាស្ត្រភូមិកំពង់ និងភូមិស្រម៉ ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ជាបណ្តោះអាសន្នរយៈពេល ១ សប្តាហ៍ទៀត។
ការបន្តបិទនេះធ្វើឡើងរហូតដល់ថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២១ ដើម្បីធានាប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្នុងភូមិសាស្ត្រនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងៗរហូតដល់មានការចេញសេចក្តីសម្រេចថ្មី។
កាលពីថ្ងៃ ១៩ កញ្ញា ឆ្នាំនេះអាជ្ញាធរខេត្តនេះធ្លាប់បានបិទខ្ទប់ និងកំណត់ភូមិសាស្ត្រភូមិកំពង់ និងភូមិស្រម៉ ឃុំជីក្រែងស្រុកជីក្រែងនេះជា “តំបន់ក្រហម” រយៈពេល ១ សប្ដាហ៍មកហើយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក៏ប៉ុន្តែដោយសារស្ថានភាពកូវីដមិនទាន់ប្រសើរ ខេត្តក៏សម្រេចអនុវត្តបន្តរហូតដល់មានបទប្បញ្ញត្តិថ្មីមកជំនួស។
បើតាមលោក ទៀ សីហា បទប្បញ្ញត្តិទាំងឡាយណារបស់រដ្ឋបាលខេត្តសៀមរាបដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចថ្មីនេះត្រូវទុកជានិរាករណ៍។ លោកបញ្ជាក់ថា៖ «បទប្បញ្ញត្តិទាំងឡាយណាដែលមិនបានដាក់ចេញ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ មុនពេលសេចក្តីសម្រេចនេះចូលជាធរមានហើយដែលមិនផ្ទុយនឹងសេចក្តីសម្រេចនេះត្រូវមានអានុភាពអនុវត្តបន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួស» ។
ដោយឡែក រដ្ឋបាលខេត្តស្វាយរៀងបានសម្រេចអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវការធ្វើអាជីវកម្មតូបលក់ដូរនៅផ្សារវាលយន្តស្ថិតនៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ចាប់ពីថ្ងៃទី ២៦ ខែកញ្ញា តទៅ។ នេះបើតាមលិខិតរបស់លោកអភិបាលខេត្ត ម៉ែន វិបុល នៅថ្ងៃទី ២៦ ខែកញ្ញា ។
តាមរយៈលិខិតសម្រេចអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនេះ លោក ម៉ែន វិបុល បានបញ្ជាក់ប្រាប់ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវផ្សព្វផ្សាយ និងណែនាំដល់អាជីវករ និងអ្នកពាក់ព័ន្ធឱ្យអនុវត្តម៉ឺងម៉ាត់តាមវិធានការ៣កុំ ៣ការពាររបស់រាជរដ្ឋាភិបាលផងដែរ៕