ភ្នំពេញៈ ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចរាចរណ៍​សត្វ និង​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ​បាន​ឃាត់​រថយន្ត​ ១ ​គ្រឿង​ ដឹក​ជើងមាន់​ប្រមាណ ១៧ ១០០ ​គីឡូក្រាម កាលពី​យប់ ថ្ងៃទី​ ២៣ ខែកញ្ញា នាំ​ចេញពី​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​។

លោក ហ៊ុន សារ៉ាត់ ប្រធាន​ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចរាចរណ៍​សត្វ និង​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៦ ខែ​កញ្ញាថា ក្រុម​ការងារ​អន្តរាគមន៍​បាន​ចុះ​ស្ទាក់ចាប់​រថយន្ត​ ១ ​គ្រឿង ម៉ាក HYUNDAI ប្រភេទ​ដឹកទំនិញ​ចំណុះ​ ២០ ​តោន​ នៅ​ភូមិ​បន្ទាយស្រី ឃុំ​ខ្នារសណ្ដាយ ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប នៅពេល​ឈ្មួញ​បាន​ព្យាយាម​ដឹក​ផលិតផល​ទាំងនេះ​ពី​ប្រទេស​ថៃ តាម​ច្រក​អូរស្មាច់ សង្កាត់​អូរស្មាច់ ខេត្ត​ឧត្តរមានជ័យ ឆ្ពោះ​ទៅ​ចែកចាយ​នៅ​រាជធានី​ភ្នំពេញ ដោយ​ពុំមាន​លិខិត​អនុញ្ញាត​អ្វី​ទាំងអស់​។

លោក​បាន​ថ្លែងថា​៖ «​ក្រុមការងារ​បាន​បញ្ជូន​វត្ថុតាង​ទៅ​រក្សាទុក​នៅ​ទីតាំង​ចត្តាឡីស័ក​សត្វ​របស់​ឣគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដើម្បី​រង់ចាំ​លទ្ធផល​សំណាក​។ មកដល់ពេលនេះ សំណាក​វិភាគ​នៅ​មិនទាន់​ទទួល​បាន​លទ្ធផល​នៅឡើយ​ទេ តែបើ​ពិនិត្យឃើញ​ថា មាន​សារធាតុ​ហាមឃាត់​ណាមួយ​នោះ យើង​នឹង​ដុត​កម្ទេចចោល​ភ្លាមៗ​»​។

លោក សារ៉ាត់ ថ្លែងថា នៅ​ថ្ងៃ​ ២៦ កញ្ញា​នេះ ក្រុមការងារ​អន្តរាគមន៍​ក៏បាន​សហការ​ជាមួយ​អាជ្ញាធរខេត្ត​កំពង់ចាម ស្ទាក់ចាប់​រថយន្ត​ដឹក​ផលិតផល​សាច់​ខុសច្បាប់ ១ ​ករណី​ទៀតផង​ដែរ​។ ចំពោះ​បទល្មើស​នេះ ក្រុមការងារ​អន្តរាគមន៍​កំពុង​បញ្ជូន​រថយន្ត​មក​អគ្គនាយកដ្ឋាន​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

លោក​ថា​៖ «​យើង​ចាប់បាន​ហើយ ឡាន​នេះ ដឹក​ចេញពី​ច្រក​អូរស្មាច់ សង្កាត់​អូរស្មាច់ ខេត្ត​ឧត្តរមានជ័យ​ដូចគ្នា ហើយ​ឆ្លងកាត់​ខេត្តកំពង់ចាម ហើយ​ជំនាញ​យើង​បាន​ឃាត់ និង​បញ្ជូនមក​ត្រួតពិនិត្យ​នៅ​ភ្នំពេញ​។ យើង​មិនទាន់​បើក​ទ្រុង​ឡាន​នោះ​មើល​ទេ ដូច្នេះ​ក៏​មិនទាន់​ដឹង​ជា​ប្រភេទ​សាច់​អ្វី ឬ​ប៉ុន្មាន​គីឡូ​ដែរ​»​។ លោក​ថា បើទោះ​ជា​បច្ចុប្បន្ន​នៅតែ​មាន​ឈ្មួញ​លួច​នាំ​ផលិតផល​សាច់​ដោយ​ខុសច្បាប់​ពី​ប្រទេស​ថៃ និង​ឡាវ តាម​ច្រកព្រំដែន ដើម្បី​មក​ចែកចាយ​ក្នុងប្រទេស ប៉ុន្តែ​បទល្មើស​ទាំងនេះ គឺមាន​ការថយ​ពី ៦០ ​ភាគរយ មក​នៅ​ប្រមាណ​ ៣០ ​ភាគរយ​ប៉ុណ្ណោះ​៕