ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស (​គ. វ. ក-១៩) លោកស្រី ឱ វណ្ណឌីន បាន​លើកឡើងថា រាជរដ្ឋាភិបាល​នឹងត្រូវ​ចំណាយ​ថវិកា និង​កម្លាំង​កាន់តែច្រើន​ទៀត​ក្នុង​ការគ្រប់គ្រង​ និង​ព្យាបាល​អ្នក​ជំងឺ​កូវីដ​ ១៩ ​ដែល​ផ្ទុះ​រាលដាល​ម្តងទៀត​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​ និង​ភ្ជុំបិណ្ឌ ប្រសិនបើ​មិនបាន​ផ្អាក​ពិធី​នេះ​ទាន់ពេលវេលា​នោះទេ​។

លោកស្រី​បាន​គាំទ្រ​ចំពោះ​ការសម្រេច​ក្នុង​ការផ្អាក​រៀបចំ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ចាប់ពី​បិណ្ឌ ៤ រហូតដល់​ថ្ងៃ​ភ្ជុំបិណ្ឌ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ- ១៩ ក្រោយ​ពិនិត្យឃើញ​មាន​ការប្រមូលផ្តុំ​មនុស្ស​ជាច្រើន​នៅតាម​បណ្តា​វត្តអារាម​។

លោកស្រី ឱ វណ្ណឌីន បាន​ថ្លែង​ឱ្យដឹង​កាលពី​ថ្ងៃទី​ ២៤ ខែកញ្ញា ថា​៖ «​យើង​ត្រូវតែ​ធ្វើការ​ថ្លឹងថ្លែង​ពី​ផលប៉ះពាល់​នៃ​ការផ្ទុះ​ឡើង​នូវ​ការឆ្លង​រាលដាល​វីរុស​កូវីដ​ ១៩ ​ក្នុង​ពិធីបុណ្យ​នេះ កម្លាំង​ដែល​យើង​ត្រូវ​ប្រើប្រាស់​ក្នុង​ការអន្តរាគមន៍​នេះ គឺ​យើង​ត្រូវ​លះបង់​ច្រើនណាស់ ហើយ​មិនតែប៉ុណ្ណោះ​យើង​ក៏ត្រូវ​ប្រើប្រាស់​នូវ​ថវិកា​មួយចំណែក​ធំ​ទៀត​សម្រាប់​គ្រប់គ្រង​នូវ​ហេតុការណ៍​ដែល​នឹងត្រូវ​កើតឡើង​នេះ​»​។

ទាក់ទង​នឹង​ការចំណាយ​ថវិកា​នេះ លោកស្រី​បាន​បញ្ជាក់ថា រដ្ឋ​នឹង​ត្រូវ​ប្រើ​ថវិកា​សម្រាប់​ការទិញ​ឧបករណ៍​ធ្វើតេស្ត​រហ័ស ថ្នាំ​សម្រាប់​ព្យាបាល​អ្នកជំងឺ​នៅតាម​មន្ទីរពេទ្យ​ ឬ​មណ្ឌល​សុខភាព​នានា​។ ដូចនេះ ការប៉ះពាល់​ទៅលើ​ការងារ​គ្រប់គ្រង​ជា​រឿង​មួយ ប៉ុន្តែ​មួយវិញទៀត​វា​ក៏​ប៉ះពាល់​ទៅដល់​ការ​រស់នៅ​របស់​សង្គមជាតិ​ទាំងមូល​ផងដែរ ដែល​មិនអាច​មើលរំលង​បានទេ​។

លោកស្រី ឱ វណ្ណឌីន បាន​បន្ថែមថា នេះ​ជា​ការគិតគូរ​ច្បាស់លាស់ និង​ការយកចិត្ត​ទុកដាក់​ខ្ពស់​ទៅលើ​សុខភាព​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ហើយ​អ្វីដែល​ជា​ការ​បារម្ភ​របស់លោក​ជា​ការត្រឹមត្រូវ​ណាស់ ដោយសារ​នៅតាម​ទីវត្តអារាម​នានា​មាន​មនុស្ស​ជាច្រើន​ចេញចូល ឬ​ចរាចរណ៍​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ដែល​អាចធ្វើឱ្យ​មានការ​ផ្ទុះ​ចេញ​នូវ​វីរុស​កូវីដ​ ១៩ ​ក្នុង​ពិធីបុណ្យ​នេះ​។

លោកស្រី​ថ្លែងថា​៖ «​នៅពេល​ដែលមាន​ការរក​ឃើញ​ឆ្លង​វីរុស​នេះ​ជា​បណ្តើរៗ​នៅតាម​ទីវត្តអារាម​មួយចំនួន​នៅក្នុង​ថ្ងៃ​ចាប់ផ្តើម​នៃ​ពិធីបុណ្យ វា​ជា​សញ្ញា​មួយ​បង្ហាញថា ការចម្លង​នេះ​បាន​កើតឡើង​នៅ​ទីសហគមន៍​ណាមួយ កន្លែង​ណាមួយ​ដែល​យើង​មិនបាន​ដឹង​។ នៅពេលដែល​យើង​ដឹង​ទាន់ យើង​ចាត់ចែង ទប់ស្កាត់​ដើម្បី​កុំឱ្យ​មាន​ការឆ្លង​បន្តទៅទៀត​»​។

ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ជាច្រើន​បាន​រកឃើញ​ឆ្លង​វីរុស​កូវីដ​ ១៩ ​នេះ ដែលជា​ហេតុ​ធ្វើឱ្យ​រាជរដ្ឋាភិបាល​សម្រេច​ផ្អាក​ពិធីបុណ្យ​នេះ​នៅតាម​វត្ត​៕

វីដេអូ៖