​ព្រៃវែងៈ នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ​ខេត្តព្រៃវែង​បាន​ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ យ៉ុម ចន្ថា អាយុ​ ៣០​ ឆ្នាំ ជា​ប្រធាន​សាខា​មីក្រូហិរញ្ញវត្ថុ​វិវឌ្ឍន៍​សាខា​ប្រចាំ​ស្រុក​ស្វាយ​អ​ន្ទ​រ​ខេត្តព្រៃវែង នៅ​ព្រឹក​ថ្ងៃទី​ ២៧ ​កញ្ញា ពាក់ព័ន្ធ​ការស្លាប់ ស្ត្រី​ជា​បុគ្គលិក​នៅក្នុង​ស្ថាប័ន​ជាមួយគ្នា​។ យោងតាម លោក ពឹង វន់ អធិការរង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ស្វាយ​អ​ន្ទ​រ​។​

លោក វន់ ថ្លែងថា ស្ត្រី​រងគ្រោះ​ឈ្មោះ​ មុំ ចិន្តា អាយុ​ ២៧ ​ឆ្នាំ​រស់នៅ​ភូមិ​លេខ​ ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង​ ជា​ប្រធាន​គណនេយ្យ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​វិវឌ្ឍន៍​។

លោក​ឱ្យដឹងថា ​ស្ត្រី​រងគ្រោះ​ត្រូវបាន​បុគ្គលិក​រួមការ​ងារ​ប្រទះឃើញដេកស្លាប់​នៅក្នុង​បន្ទប់ធ្វើការ​​​ នៅក្នុង​អគារ​គ្រឹះស្ថាន​កាលពី​រសៀលថ្ងៃទី​ ២៦ ​កញ្ញា ក្រោយពី​មាន​សេចក្ដីរាយការណ៍​អំពី​ហេតុការណ៍ នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ​ខេត្ត​ព្រៃ​វែង​ចុះ​ដល់​កន្លែងកើតហេតុ​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ​។​

នគរបាល​ជំនាញ​បាន​ពិនិត្យ​សាកសព​ឃើញថា​ នៅលើខ្លួន​របស់​ជនរងគ្រោះ​ឃើញ​មានស្នាមរបួស​ជាច្រើន​កន្លែង ដូចជា​នៅ​ផ្នែក​ដៃជើង និង​ខ្លួនប្រាណ ដោយឡែក​នៅ​គល់ក​ឃើញ​មាន ស្នាម​ជាំ​ដែល​សមត្ថកិច្ច​ដាក់​ការ​សន្និដ្ឋាន​ថា​​ ជនសង្ស័យ​បានធ្វើ​ទារុណកម្ម​ចងដៃ​ជើង​វាយដំ​ហើយ​ច្របាច់ក ទើប​ធ្វើឱ្យ​នារី​រងគ្រោះ​ថប់ដង្ហើម​ដាច់ខ្យល់​ស្លាប់​។​

លោក វន់ ថ្លែងថា ជនសង្ស័យ​ក្រោយ​សម្លាប់​នារី​រងគ្រោះ​មក ​បាន​ផឹកថ្នាំ​កណ្តុរ​ប៉ង​សម្លាប់ខ្លួន​តាម​ក្រោយ​ តែ​មិន​ស្លាប់ ព្រោះ​ភ្លាមៗ​នោះ​សមត្ថកិច្ច​បាន​ដឹក​ជនសង្ស័យ​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្វាយ​អ​ន្ទ​រ​។ ក្រោយមក​ក្រុមគ្រូពេទ្យ​បាន​សង្គ្រោះ​ជីវិត​ជនសង្ស័យ​។ លុះ​ព្រឹក​ឡើង​ថ្ងៃទី​ ២៧ ​កញ្ញា ​ក៏​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង​។

លោក ពឹង វន់ ថ្លែងថា​៖ «​ជនសង្ស័យ​សារភាពថា ​គាត់​សម្លាប់​នារី​រងគ្រោះ​ដោយសារ​ទំនាស់​គ្នា​ក្នុង​ការងារ​»៕

វីដេអូ៖