The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាជ្ញា​ធរហាម​រថយន្ត​ធុនធ្ងន់​ធ្វើចរាចរណ៍​លើកំណាត់ផ្លូវ​ ២៦៨A​ ដោយ​សារបារម្ភ​ខ្លាចស្រុត​

អាជ្ញា​ធរហាម​រថយន្ត​ធុនធ្ងន់​ធ្វើចរាចរណ៍​លើកំណាត់ផ្លូវ​ ២៦៨A​ ដោយ​សារបារម្ភ​ខ្លាចស្រុត​

Content image - Phnom Penh Post
ទិដ្ឋភាពទឹកជំនន់លិចកំណាត់ផ្លូវលេខ ២៦៨A កាលពីថ្ងៃទី ២៦ កញ្ញា ។ រូបថត ហ្វេសប៊ុក

អាជ្ញា​ធរហាម​រថយន្ត​ធុនធ្ងន់​ធ្វើចរាចរណ៍​លើកំណាត់ផ្លូវ​ ២៦៨A​ ដោយ​សារបារម្ភ​ខ្លាចស្រុត​

បន្ទាយ​មាន​ជ័​យៈ​ អាជ្ញាធរខេត្ត​បន្ទាយ​មានជ័យ​បាន​ហាម​រថយន្ត​ធុនធ្ងន់​ធ្វើ​ចរាចរណ៍​លើ​កំណាត់ផ្លូ​វ​លេខ​ ២៦៨A ចាប់ពី​ចំណុ​ច​ព្រៃ​មាន់​ដល់​អាង​ត្រពាំង​ថ្ម​ ស្រុក​ភ្នំស្រុក​ជា​បណ្ដោះអាសន្ន​​ ដើម្បី​ថែរក្សា​ផ្លូវថ្នល់​ ស្ពាន កុំ​ឲ្យ​បាក់​ស្រុត ខណៈ​ជំនន់​ទឹកភ្លៀង​កំពុង​ប៉ះពា​ល់ដ​ល់ ៦ ក្រុង-ស្រុក​នៃ​ខេត្ត​នេះ ហើយ​ពលរដ្ឋ​​ប្រមាណ ៧៤​០ គ្រួសា​រ​ ត្រូវ​បាន​ជម្លៀស​ទៅទី​ទួល​សុវត្ថិ​ភាព​។

លោក សុក​ ចាន់ថា ប្រធាន​មន្ទីរ​សាធា​រណការ​នឹង​ដឹក​ជញ្ជូន ខេត្ត​បន្ទាយមា​​នជ័យ​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​នៅ​​ថ្ងៃទី ២៧ ខែកញ្ញា​ថា ជំនន់​ទឹកភ្លៀង​នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះបាន​បង្ក​ឲ្យ​មានការ​ជន់​លិច​ និង​ហូរ​កាត់​ផ្លូវ​មួយចំនួន​ក្នុងខេត្តបន្ទាយ​មាន​ជ័យ ​ជាពិសេស​កំណាត់​ផ្លូវ​ខេត្ត​លេខ ​២៦៨A ចាប់ពី​ព្រៃ​មាន់ ដល់​អាង​ត្រពាំងថ្ម ​ស្រុក​ភ្នំស្រុក​។

លោក​បាន​បញ្ជាក់ថា​៖ «ដើម្បី​ថែរក្សា​ផ្លូវថ្នល់​ ស្ពា​ន កុំ​ឲ្យ​បាក់ស្រុ​ត និង​ធានា​ដល់​ការធ្វើ​ចរាចរណ៍ ប្រកបដោ​យ​សុវត្ថិភាព​យើង​បានសម្រេច​ផ្អាក​ចរាចរណ៍​បណ្តោះអាសន្ន​នូវ​រថយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់​គ្រប់​ប្រភេទ ធ្វើដំណើរ​ឆ្លងកាត់​តាម​កំណាត់​ផ្លូវ​ខេត្ត​លេខ ២៦៨A ចាប់ពី​ចំណុច​ព្រៃ​មាន់​ដល់​អាង​ត្រពាំងថ្ម ​ស្រុក​ភ្នំស្រុក ចាប់​ពីថ្ងៃ​ជូនដំ​ណឹង​នេះ​តទៅ រហូ​តដល់​មានការ​ជូន​ដំណឹង​សាជា​ថ្មី»។​

បើតាម​ ​លោក​ ចាន់ថា ប្រភេទ​រថយន្ត​ទេសចរណ៍​ជា​លក្ខណៈ​គ្រួសារ អា​ចធ្វើ​ដំណើរ​ឆ្លងកាត់​កំណាត់​ផ្លូវ​នេះ​បានជា​ធម្មតា។ ជាមួ​យ​គ្នានេះលោក​បានរំពឹង​ថា ក្រោយពី​ទទួល​បាន​សេចក្តី​ជូន​ដំណឹង​នេះ ​ពលរដ្ឋ និង​ក្រុមហ៊ុន​ដឹកជ​ញ្ជូន​ទំនិញ​ធុន​ធំ​នឹង​អនុវត្ត​តាម​ដោយ​ការទទួល​ខុស​ត្រូវ​ខ្ពស់ដើ​ម្បី​រួ​មចំណែក​ថែរក្សា ផ្លូវថ្នល់​ ស្ពាន ប្រើប្រា​ស់​ឲ្យ​បាន​យូរ​អង្វែង ។

ចាប់តាំ​ងពី​ដើមខែ​កញ្ញា​មក ​ជំនន់​ទឹកភ្លៀង​បា​ន​បង្ក​ផល​ប៉ះ​ពាល់​​ដល់​ហេដ្ឋារ​ចនា​សម្ព័ន្ធ​ផ្លូវជាតិ ផ្លូវ​ខេ​ត្តនិង ផ្លូវលំ​ជនបទ​និង​ដំណាំ​កសិកម្ម រួ​មទាំង​លំនៅ​ឋាន​ពលរដ្ឋ​ក្នុង​ខេត្ត​ចំនួន​៧ រួមមាន ​ខេត្តប​ន្ទាយមា​នជ័យ បាត់​ដំបង ប៉ៃលិន ព្រះវិហារ ឧ​ត្ត​រ​​មាន​ជ័យ ​ពោធិ៍​សាត់ និង​កំពង់​ឆ្នាំង។ ​ក្នុងនោះ​ខេ​ត្តបន្ទាយមាន​ជ័យរ​ង​ផលប៉ះពា​ល់​ធ្ងន់ធ្ងរ​ជា​ងគេ។ នេះ​បើតាម​លោក ឃុន សុខា អ្នក​នាំពា​ក្យ គណៈ​ក​ម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះម​ហន្តរាយ​ ។

លោក​បាន​ថ្លែង​ថា៖ «គិត​ត្រឹម​ព្រឹក​ថ្ងៃទី ២៧ ខែ កញ្ញា​ ឆ្នាំ ២០២១ ជំនន់​ទឹក​ភ្លៀង​ក្នុង​ខេត្ត​យ​បន្ទា​យមានជ័​យ បាន​បង្ក​ផល​ប៉ះពាល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ចំនួន​ ៦​ ៦៨៦ គ្រួ​សារ ក្នុង​ក្រុង-ស្រុក​ចំនួន ៦ រួមមាន ​ក្រុង​សិរីសោ​ភ័ណ ប៉ោយប៉ែ​ត ស្រុក​មង្គល​បុរី ភ្នំ​ស្រុក ម៉ាឡៃ និង​ស្រុក​អូរជ្រៅ​ ក្នុងនោះ​ពលរដ្ឋ​ចំនួន​ ៧៣៦ ​គ្រួសា​រ ត្រូវបាន​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព»។

បើតាម​លោក​សុខា មក​ទល់ពេ​លនេះ​ ក្រុម​អន្តរា​គមន៍​សង្គ្រោះ​របស់​គណៈកម្មា​ធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ថ្នាក់​ជាតិ កំពុង​សហការ​​ជាមួយ​ថ្នាក់​ខេត្ត​ចុះជួ​យ​អន្ត​រាគ​មន៍ដល់​ពលរដ្ឋគ្រោះ​​ដោយ​ជំនន់​ទឹកភ្លៀង​នេះ។ ក្រុមកា​រងារ​ក៏បាន​ផ្ដល់​ជំ​នួយសង្គ្រោះ​បឋម​មួយចំនួ​ន រួម​មាន​ គ្រឿង​បរិភោគ ឧប​ភោគ និង​សម្ភារ​ប្រើប្រាស់​ដល់​គ្រួសារ​រងគ្រោះ​ដែល​កំពុង​ស្នាក់​នៅ​បណ្ដោះអាសន្ន​ក្នុង​ទីទួល​សុវត្ថិ​ភាព​។

យ៉ាង​ណាក្ដី នៅពេលនេះស្ថាន​​ភាព​ជំនន់​ទឹកភ្លៀង​ក្នុង​ខេត្តបន្ទាយ​មានជ័​យ​បាន​ថមថយ​បន្តិច​ហើយ​ ប៉ុន្តែ​នៅ​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​កម្ពស់​ទឹក​ក្នុង​អាង​ស្តុក​ទឹក​មួយចំនួ​នបា​ន​ហក់​ឡើងដល់​កម្រិត​ប្រកាស​អាសន្ន។​មិន​តែប៉ុណ្ណោះមាន​​សេចក្ដី​រាយ​ការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន​ថា​មាន​យុវជន​វ័យ ១៩​ ឆ្នាំ​ម្នា​ក់បាន​ស្លាប់​ដោយ​លង់ទឹក​អូរ កាលពី​ព្រលប់​ថ្ងៃទី ២៦ ​ខែកញ្ញា នៅ​ឃុំ ស្រឯម ស្រុក​ជាំ​ក្សាន្ត គ្រា​ដែល​កំពុង​មាន​ជំនន់​ទឹក​ភ្លៀង​កើត​ឡើង​។

លោក​ ប្រាក់ ភី មេឃុំ​ស្រអែម​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា យុវជន​រងគ្រោះ​ឈ្មោះ ជុំ មិថុនា អាយុ ១៩ ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី១២ មាន​លំនៅ​ក្នុង​ភូមិ​ស្រអែម​ខាងជើង ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ។ មុនកើតហេតុ យុវជន​រងគ្រោះ និងមិត្ត​ភក្តិ​គាត់៩នាក់​នាក់​ទៀត​បាននាំគ្នា​មក​លោត​លេង​ទឹក នៅ​ទំនប់​បង្ហៀរទឹក​តេ​ជោ​បុស្ស​ស្បូវ។

លោក​បាន​បញ្ជាក់​ថា៖ «តាម​ការអះអាង​ពីសា​ក្សី​នៅ​កន្លែង​កើតហេ​តុ បន្ទាប់ពី​លោត​លេង​ទឹក​មួយសម្ទុះ​ក្រោយ​មក​នៅវេលា​ម៉ោង​ជាង ៦ ​ល្ងា​ច យុវជន​រងគ្រោះ ក៏បាន​លោតទឹក​​លេង​ម្ដង​ទៀត ហើយក៏​ត្រូវ​ទឹក​ហូរ​កួច​បោក​គាប​ចូលទៅក្នុង​រូង​ថ្ម បណ្ដាល​ឲ្យ​លង់ទឹក​ស្លាប់​តែម្ដង»។

ដោយមាន​ជំនឿ​អរូបី​ លោក​ ប្រាក់ ភី បាន​ប្រាប់​ថា ទឹកអូរ​បុស្ស​ស្បូវ​នៅ​ចំណុច​នោះ គឺមាន «ជើងកប» ព្រោះ​ជា​រៀងរាល់ឆ្នាំ ឲ្យ​តែ​រដូវ​ទឹកជំនន់​មកដល់គឺ​តែងតែមាន​មនុស្ស​លង់​ស្លាប់។កាលពី​ឆ្នាំមុន ក្មេងប្រុស​អាយុ៧ឆ្នាំ​ម្នាក់ បានរួម​ដំណើរ​ជាមួយ​ឪពុកម្ដាយ​របស់​វា​តាម​ម៉ូតូ មកដល់​ចំណុច​ខាងលើនេះ ក៏បាន​រអិលដួល ធ្លាក់ចូល​ទៅក្នុង​អូរ ហើយ​ត្រូវ​ទឹក​ហូរ​គួច​បណ្ដាល​ឲ្យ​លង់​ស្លាប់ដែរ។

ជាមួយគ្នានេះ លោក ប្រាក់ ភី បាន​អំពាវនាវ ដល់​ពលរដ្ឋ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន ជាពិសេសគួរ​ផ្អាក​កម្មការកម្សាន្ត​តាម​តំបន់​រមណីយ​ដ្ឋា​ន​ទឹកធ្លាក់ឬ​តំបន់​ដែលមាន​ទឹកអូរស្ទឹង​នឹង​បឹងបួ ក្នុងអំឡុងពេល​មាន​គ្រោះទឹកជំនន់​នេះ ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ។

លោក ញើ​ន កួន ប្រ​ធាន​មន្ទីរ​ធនធានទឹ​ក​និង​ឧ​តុនិយម ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​ពេលនេះ កម្ពស់​ទឹក​ក្នុង​អាង​ស្តុក​ទឹក​ចំនួន ៥​ ទីតាំង ​ក្នុង​ស្រុក​ត្រពាំង​ប្រាសាទ ស្រុក​អន្លង់វែ​ង និង​ស្រុក​ចុ​ងកាល់ បាន​ហក់​ឡើង ជិតដ​ល់ក​ម្រិតប្រ​កាសអា​សន្នហើយ។​ ក្នុងនោះ​​អាងទឹក​ថ្មី នៅ​ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់​វែង ទឹក​មាន​កម្ពស់ ៣,៤៩ ម៉ែត្រ ជិត​ដល់​កម្រិត​ប្រកាសអា​សន្នដែល​មានក​ម្ពស់​ ៣,៥០ ម៉ែត្រ។ ដូ​ចគ្នា​នេះ អាងទឹក​ស្រែង ២ ស្ថិតនៅ​ឃុំ​ពង្រ ស្រុក​ចុងកាល់​ ទឹក​មាន​កម្ពស់​ ៣៩,៨០ ម៉ែត្រ ខណៈ​កម្ពស់​ទឹ​ក​ត្រូវ​ប្រកា​សអាសន្ន​គឺ ​៣៩,៩០ ​ម៉ែត្រ។

ចំណែក​អាងទឹក ​០៥ (សូន្យ​ប្រាំ) នៅ​ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ​ទឹក​មាន​កម្ពស់ ១,៦៥ ម៉ែ​ត្រ ទាប​ជាង​កម្រិត​ប្រកាស​អាសន្ន​ ០,៣៥ ម៉ែត្រ ខណៈ​អាង​ទឹក​តា​ម៉ុក នៅឃុំ-ស្រុក​អន្ល​ង់វែង ទឹក​មាន​កម្ពស់ ​៣,៩៩​ម៉ែត្រ និង​លិច​ហូរ​កាត់​លើ​ស្ពាន​តា​ម៉ុក​ក្នុង​កម្ពស់ ០,៣០ ម៉ែត្រ​ ប៉ុន្តែ​កម្រិត​កម្ពស់​ទឹក​ដែល​ត្រូវ​ប្រកាស​អាសន្ន​គឺ ៤,៥០ ម៉ែត្រនិ​ងអា​ងទឹក​ស្រែង ១ ស្ថិតនៅ​ឃុំ ស្រុក​ចុង​កាល់ ទឹក​មាន​កម្ពស់ ២៦,៥៥ ម៉ែត្រ ជិត​ដល់​ក​ម្រិត​ប្រកា​សអាសន្ន​ដែលមា​ន ២៧​ ម៉ែត្រ ។

លោក​ កួន បាន​បញ្ជាក់​ថា​៖ «ប៉ុន្តែ​ដោយសារ​ សមត្ថ​ភា​រំដោះ​ទឹក​របស់​សំណង់​បង្ហៀរ និង​សំណង់​ទ្វារ​ទឹក បាន​បង្ហូរទឹក​ចេញ​លឿន នៅ​រសៀល​ថ្ងៃ ២៧ ខែ​ កញ្ញា ​ឆ្នាំ ២០២១ នេះ តំបន់​អាង​ទឹក​ខ្លះ ទឹក​បាន​ស្រក​ចុះ​ជាបណ្ដើ​រៗហើយ មិន​បង្ក​ផល​ប៉ះពា​ល់​ដល់​ដំណាំ​កសិកម្ម ឬ​លំនៅ​ឋាន​ប្រជាព​លរដ្ឋ​នោះទេ»៕

អត្ថបទគួរចាប់អារម្មណ៍