ភ្នំពេញៈ ​រយៈពេល​ជិត​ ២ ឆ្នាំ​មក​នេះ​ គ្រូ​បង្រៀន​ប្រមាណ ​៦០០ នាក់​ បាន​ឆ្លង​ជំងឺកូវីដ ​១៩ ​ក្នុង​នោះ ​២០ នាក់​បាន​ស្លាប់​ ដោយសារ​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ ​ប៉ុន្ដែ​ក្រោយ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ ​គឺ​មិនមាន​គ្រូបង្រៀន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ ​ទៀត​ទេ។ នេះ​បើ​តាម​ការបញ្ជាក់​របស់​រដ្ឋមន្រ្ដី ​ក្រសួង​អប់រំ។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​លោក ​ហង់ជួន ណារ៉ុន ​បានបញ្ជាក់​បែបនេះ ​តាមរយៈ​វេទិកា​ ការដាក់​ចេញ​គោល​នយោបាយ​ផ្អែក​លើ​ភ័ស្តុតាង ​រៀបចំ​ដោយ ​អង្គការ ​Save the Children ​ប្រចាំ​ប្រទេស​កម្ពុជា​ជាមួយ​ក្រសួង​អប់រំ​តាម​ប្រព័ន្ធ​អនឡាញ​នៅ​ថ្ងៃទី ២៧ ​កញ្ញា។ វេទិកា​នេះ​មាន​អ្នក​ពាក់ព័ន្ធ​មកពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ ​លោកគ្រូ ​អ្នកគ្រូ ​សិស្សានុ​សិស្ស ​ចូលរួម​ប្រមាណ​២៧០នាក់។

លោក​រដ្ឋ​មន្រ្ដី​ថ្លែងថា​៖ «ក្នុង​រយៈពេល​២ឆ្នាំ​នេះ​ គឺ​យើង​មាន​គ្រូ​ប្រមាណ​ជា​ ៦០០ នាក់​ ដែល​ឆ្លង​ជំងឺ​កូវីដ ១៩ ​ហើយ​នៅ​ក្នុង​នោះ​ ២០ នាក់​បាន​បាត់បង់​ជីវិត ​ដោយ​សារ​តែ​នៅ​ពេលនោះ​នៅ​មិនទាន់​មាន​វ៉ាក់សាំង»។​

លោក​បញ្ជាក់ថា​៖ «រាជរដ្ឋា​ភិបាល​កម្ពុជា​ ជាពិសេស​ សម្ដេច ​[ហ៊ុន សែន]​ នាយក​រដ្ឋ​មន្រ្ដី​លោក​ក៏បាន​ផ្ដល់​អាទិភាព ​ការ​ចាក់​វ៉ាក់សាំង​ដល់​គ្រូ​បង្រៀន។ យើង​ក៏សង្កេត​ឃើញថា​ បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង​ចំនួន​៣ខែ ​រួចមក​ ដូស​ទី២​ គឺ​មិន​មាន​គ្រូ​បង្រៀន​ណាម្នាក់ ​ដែល​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ ​ទេ ​ហើយ​សិស្ស​ប្រមាណ​ជា ៤ ពាន់​នាក់ ​ឈឺ​ជំងឺ​កូវីដ ១៩​ ប៉ុន្ដែ​មិន​មាន​សិស្ស​ណាម្នាក់​ស្លាប់​ទេ»។

លោក​ឱ្យដឹង​ថា ​ក្នុង​រយៈពេល​ជិត​ ៨ ឆ្នាំ ​ក្រសួង​អប់រំ​បានដាក់​ចេញ​នូវ​កម្មវិធី​កំណែទម្រង់​ជាបន្តបន្ទាប់​ ដើម្បី​ពង្រឹង​គុណ​ភាព​និង​ប្រសិទ្ធភាព​សេវា​អប់រំ។ ជាពិសេស​ការបណ្ដុះ​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព ​និង​ជំនាញ​ច្បាស់​លាស់​ក្នុង​ការចូលរួម​ចំណែក​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ក្នុង​បរិបទថ្មី ​ពោល​គឺ​សេដ្ឋកិច្ច​បែប​ឌីជី​ថល។

លោក​ថ្លែងថា​ កម្មវិធី​កំណែ​ទម្រង់​ដែល​បាន​ដាក់ចេញ​ រួមមាន​ អាទិភាព​ ៨ ចំណុច​ និង​សសរស្ដម្ភ​ចំនួន​ ៥​ ក្នុង​នោះ​ជាពិសេស ​គឺ​ការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ​និង​ការធ្វើ​កំណែទម្រង់​គ្រូ​បង្រៀន។ លោក​បន្តថា ​ឈរលើ​លទ្ធផល​នៃ​ការប្រឡង​នេះ ​បញ្ហា​ក្នុង​វិស័យ​អប់រំ​បាននិង​កំពុង​ជួបប្រទះ ​គឺ​ចាំបាច់ ​ការពង្រឹង​និង​បង្កើន​គុណវុឌ្ឍិ​គ្រូ ​ក៏ដូច​ជា​ការពង្រឹង​ការគ្រប់គ្រង​តាម​សាលារៀន។ ដូច្នេះ​ក្នុង​អាណត្តិ​ទី៦ នេះ ​ក្រសួង​ផ្ដោត​លើ​កំណែ​ទម្រង់​សាលា​រៀន ​និង​កំណែ​ទម្រង់​សាលា​គរុកោ​សល្យ។

លោក​រដ្ឋ​មន្រ្ដី​បញ្ជាក់ថា ​ដោយ​ចាប់ផ្តើម​ និង​ផ្អែកលើ​លទ្ធផល​ នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ​ក្រសួង​អប់រំ​ ក៏​បានធ្វើ​ការវិភាគ​និង​ឆ្លុះបញ្ចាំង​ដ៏​ស៊ីជម្រៅ​ ស្វែងរក​បញ្ហា​ដើម្បី​កែលម្អ​ឱ្យ​ប្រព័ន្ធ​អប់រំ​កាន់តែ​ប្រសើរ​ឡើង។ ក្នុង​នោះ​ សមត្ថភាព​គ្រូបង្រៀន ​ជា​រឿង​សំខាន់​លើ​មុខវិជ្ជា​ឯកទេស ​វិធីសាស្ត្រ​បង្រៀន ​និង​ការវាយ​តម្លៃ​លទ្ធផល​សិក្សា​របស់​សិស្ស​បាន​ត្រឹម​ត្រូវ។

បើ​តាម​លោក​រដ្ឋ​មន្រ្ដី​ មាន​គ្រូបង្រៀន​ប្រមាណ​ជា​ ៣ ០០០ នាក់ ​ដែលជា​គ្រូបង្រៀន​អនុវិទ្យាល័យ ​ហើយ​បាន​ជួយ​បង្រៀន​នៅ​វិទ្យាល័យ​ដោយសារ​តែ​បញ្ហា​ខ្វះ​គ្រូបង្រៀន​កម្រិត​ឧត្តម។ ដូច្នេះ​ក្រសួង​អប់រំ​ ក៏​បាន​សម្រេច​រៀបចំ​ជាកម្មវិធី ​ពន្លឿន​ដល់​គ្រូបង្រៀន​ទាំង​នោះ ​បាន​៣ជំនាន់​ប្រមាណ​ជា ​២ ៦៨៩ នាក់​ ៦០ ក្រេឌីត​ រៀន​ ២ ដង ​ក្នុង​ពេល​វិស្សម​កាល ​ផ្តោត​លើ​ខ្លឹម​សារ​មេរៀន​និង​វិធីសាស្ត្រ​បង្រៀន​ថ្មី។

លោក​ ហង់ជួន ណារ៉ុន ​បញ្ជាក់​ថា​៖ «ក្រសួង​អប់រំ​ ក៏បាន​លើក​ទឹកចិត្ត​ដល់​គ្រូបង្រៀន ​ដោយ​បាន​ដំឡើង​ប្រាក់ខែ ​ការ​ជ្រើស​រើស​គ្រូបង្រៀន​ល្អ ​នាយក​សាលា​ល្អ ​នាយក​សាលា​ស្អាត។​ ការបង្កើន​ថវិកា​ដំណើរការ​សាលារៀន​និង​ការកែ​លម្អ​យន្តការ ​និង​នីតិវិធី​បើក​ផ្តល់​ប្រាក់ខែ​ថវិកា​ដំណើរការ​សាលា​តាម​ប្រព័ន្ធ​ធនាគារ»។

លោកស្រី ​អ៊ុក ឆាយ៉ាវី ​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ (CITA) ​ឱ្យដឹង​នៅ​ថ្ងៃទី ​២៧ ​កញ្ញា​នេះ​ថា ​លោកគ្រូ​អ្នក​គ្រូ​ភាគច្រើន​ដែលបាន​ចូលបង្រៀន​នៅតាម​គ្រឹះស្ថាន​សិក្សា​ គឺ​ពួកគាត់​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ ​ដូស​ទី៣ ​រួច​ហើយ។ ប៉ុន្ដែ​ពួកគាត់​នៅមាន​ការបារម្ភ​ចំពោះ​ការឆ្លង​មេរោគ​កូវីដ ១៩ ​បំប្លែង​ថ្មី​ប្រភេទ ​Delta ​ដែល​មាន​ការឆ្លង​លឿន ​និង​កំពុង​មាន​សម្ទុះ​ការ​ឆ្លង​កើនឡើង​វិញ​នា​ពេល​បច្ចុប្បន្ន។

លោកស្រី​ថ្លែង​ថា​៖ «យើង​មាន​ការ​បាម្ភ ​ដោយសារ​ក្រោយ​ការ​ចូល​រៀន​វិញ​បាន​ ២-៣ ថ្ងៃ ​សិស្ស​នៅ​សាលា​រៀន​របស់​ខ្ញុំ​ មាន ​២-៣ នាក់ ​បាន​រក​ឃើញថា ​មាន​ផ្ទុក​កូវីដ​ ១៩ ​ហើយ​ក៏មាន​អ្នក​ពាក់ព័ន្ធ​ជាច្រើន​នាក់​ដែរ។ សូម្បីតែខ្ញុំ​ក៏មាន​ការភ័យ​ខ្លាច​ដែរ ​ទោះបី​មាន​ការ​​ពាក់​ម៉ាស់​ប្រើ​អាល់កុល​លាង​ដៃ​ក្ដី»។

បើតាម​ក្រសួង​អប់រំ ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ផ្ដល់​អាទិភាព​ចាក់​វ៉ាក់សាំង​ដល់​បុគ្គលិក​អប់រំ ​គ្រូ​បង្រៀន​ទាំង​ក្នុង​វិស័យ​រដ្ឋ ​និង​ឯកជន ​ទូទាំង​ប្រទេស។ ​ក្រសួង​អប់រំ​ និង​ក្រសួង​សុខាភិបាល​ បាន​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺកូវីដ​ ១៩ ​ដល់​បុគ្គលិក​អប់រំ​ និង​គ្រូបង្រៀន ​កាលពី​ថ្ងៃទី ១​ ខែ មេសា ​ឆ្នាំ​ ២០២១។ រហូត​ដល់​ពេល​នេះ​មាន​បុគ្គលិក​អប់រំ​ប្រមាណ​ ៩៥ ភាគរយ​ បាន​ចាក់​វ៉ាក់សាំង​រួចរាល់។ ចំណែក​អ្នកដែល​នៅសេស​សល់​ដោយសារ​មាន​បញ្ហា​សុខភាព​ផ្ទាល់​ខ្លួន ​និង​មាន​ផ្ទៃ​ពោះ៕