The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ខេត្ត​ ៣ ​បញ្ចប់​ការកំណត់​អត្តសញ្ញាណ​អ្នករស់នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ




ខេត្ត​ ៣ ​បញ្ចប់​ការកំណត់​អត្តសញ្ញាណ​អ្នករស់នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ

Content image - Phnom Penh Post
លោក នេត្រ ភក្ត្រា បង្ហាញ​សៀវភៅ​របាយការណ៍​ដី​ពីថ្ងៃ​ទី​ ២៣ កញ្ញា​។ ហេង ជីវ័ន

ខេត្ត​ ៣ ​បញ្ចប់​ការកំណត់​អត្តសញ្ញាណ​អ្នករស់នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ

កោះកុង/កែបៈ ខេត្ដ​ចំនួន​ ៣ ​គឺ​កោះកុង កែប និង​ឧត្ដរមានជ័យ​បាន​បញ្ចប់​ការកំណត់​អត្តសញ្ញាណ​ពលរដ្ឋ​រស់នៅ​យូរ​ឆ្នាំ​លើដី​តំបន់​ការពារ​ធម្មជាតិ​ និង​តំបន់​អភិរក្ស​ ដើម្បី​ស្នើសុំ​កាត់ឆ្វៀល​តាម​បញ្ជា​លោកនាយក​រដ្ឋមន្ដ្រី​កម្ពុជា​ដែល​បានដាក់​ចេញ​កាលពី​ថ្ងៃទី​ ៣ ​ខែកក្កដា ឆ្នាំមុន​។ នេះ​បើតាម​មន្ដ្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បានឱ្យដឹង​បែបនេះ​ក្នុងពេល​ធ្វើជា​អធិបតី​ប្រកាស​ឱ្យប្រើប្រាស់​ និង​ផ្សព្វផ្សាយ​របាយការណ៍​ស្តីពី​ស្ថានភាព​បរិស្ថាន​ជាតិ​លើក​ទី​ ៤ និង​លទ្ធផល​នៃ​ការវាយតម្លៃ​ធនធាន​គម្រប​ព្រៃឈើ​កម្ពុជា​ឆ្នាំ​ ២០១៨ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន​កាលពី​ថ្ងៃទី​ ២៣ ​កញ្ញា​ឆ្នាំនេះ​។

លោក​ថ្លែងថា តាម​ការអនុវត្ត​ស្មារតី​នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ដ្រី​ពីថ្ងៃ​ទី​ ៣ ​ខែកក្កដា ឆ្នាំ​ ២០២០ និង​មតិ​ណែនាំ​របស់​លោកនាយករដ្ឋមន្ដ្រី​ ហ៊ុន សែន ​កាលពី​ថ្ងៃទី​ ៥ ​ខែកក្កដា ឆ្នាំ​ ២០២០ គឺ​រយៈពេល​ ១ ​ឆ្នាំ​មកនេះ​ក្រសួង​បរិស្ថាន​បាន​សហការ​ជាមួយ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​ និង​សំណង់ និង​រដ្ឋបាល​ខេត្ដ​បាន​ពិនិត្យ​សិក្សា​ចងក្រង​លើ​ទិន្នន័យ​ដី​ដែល​ពលរដ្ឋ​បាន​ប្រើ​ និង​​អាស្រ័យផល​ក្នុង​តំបន់​ការពារ​ធម្មជាតិ និង​តំបន់​អភិរក្ស​យូរ​ឆ្នាំ​។

លោក​ថ្លែងថា​៖ «​ការងារ​នេះ​គឺ​យើង​បានធ្វើ​ជាមួយ​រដ្ឋបាលខេត្ត ហើយ​ខេត្ដ​ដែល​បានបញ្ចប់​នូវ​កិច្ចការងារ​នេះ​មានដូចជា ខេត្ដ​កោះកុង កែប ឧត្ដរមានជ័យ និង​ខេត្ដ​មួយចំនួនទៀត​បាននិង​កំពុង​ពិនិត្យ​ប្រជុំ​អន្តរក្រសួង ដើម្បី​ពិនិត្យ​លើ​សំណើសុំ​កាត់​ឆ្វៀល​»​។

បើតាម​លោក ភក្ត្រា អ្វីដែល​ក្រសួងបរិស្ថាន​ពិនិត្យ​លើ​សំណើ​របស់​ខេត្ដ​គឺ​ការសម្រួល​ព្រំដី​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ ដើម្បី​កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​ដែល​កាន់កាប់​ និង​អាស្រ័យផល​យូរ​ឆ្នាំ​មកហើយ​។ ​

លោក​ថា លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន បាន​ណែនាំ​ឱ្យ​រក្សាទុក​នូវ​ដី​បម្រុង​ចំនួន​ ១០ ​ភាគរយ​ សម្រាប់​ប្រើ​​ជា​ផលប្រយោជន៍​សហគមន៍ និង​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​កាត់​ឆ្វៀល​នោះ​ផងដែរ​។

លោក​ថា កិច្ចការងារ​នេះ​ជា​ផ្នែក​មួយ​ដែល​ក្រសួងបរិស្ថាន​កំពុង​ធ្វើ​ជាមួយ​រដ្ឋបាល​ខេត្ដ​ ដើម្បី​ឱ្យ​រដ្ឋបាល​ខេត្ដ​ពិនិត្យមើល​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​ ឬ​ ២០ ​ឆ្នាំ​ខាងមុខ ប្រសិនបើ​មាន​ការចង់​បង្កើត​ភូមិ​ថ្មី​ ឬក៏​ចំនួន​ពលរដ្ឋ​មាន​​ការកើនឡើង តើ​ត្រូវ​រៀបចំ​យ៉ាង​ដូចម្ដេច​? ​នេះ​គឺជា​ការគិតគូរ​ទុកជាមុន​ពី​ពេលនេះ​ទៅមុខ​។

លោក វៅ សុខា អភិបាលរង​ និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ដ​កែប​ថ្លែង​នៅ​ថ្ងៃទី​ ២៦ កញ្ញា​ថា រដ្ឋបាល​ខេត្ដ​កែប​បានដាក់​សំណើសុំ​កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​ដែល​អាស្រ័យផល​ក្នុង​ឧទ្យាន​ជាតិ​កែប​មក​ក្រសួងបរិស្ថាន​ថ្ងៃទី​ ២២ ​ខែមករា ឆ្នាំនេះ​។

លោក​បាន​ថ្លែងថា​៖ «​យើង​បាន​ដាក់សំណើ​ទៅ​យូរ​ដែរ​ហើយ ប៉ុន្ដែ​អត់​ទាន់​ឃើញ​ធ្លាក់​មកវិញ​ទេ​។ មុនដំបូង​សំណើ​នេះ​ចូលដល់​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​។

ជារួម​ការស្នើសុំ​កាត់​ឆ្វៀល​នេះ​គឺ​អនុវត្ដ​តាម​ការណែនាំ​របស់​សម្ដេចតេជោ​នាយករដ្ឋមន្ដ្រី​ដោយ​ពិនិត្យមើល​លើ​ពលរដ្ឋ​ដែល​បានរស់នៅ​ជាក់ស្ដែង​យូរ​ឆ្នាំ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ឬ​តំបន់​ការពារ​»​។

តាម​លិខិត​ស្នើសុំ​កាត់​ឆ្វៀល​របស់​រដ្ឋបាល​ខេត្ដ​បានឱ្យ​ដឹងថា ទីតាំង​​ភូមិស្រាស្ត​ក្នុង​ក្រុងកែប បច្ចុប្បន្ននេះ​មួយចំនួនធំ​ស្ថិតក្នុង​តំបន់​ឧទ្យានជាតិ​កែប​។ ​ឆ្លងតាម​ការចុះអនុវត្ត​ការងារ​ពិនិត្យ​ និង​សិក្សា​ជាក់ស្តែង​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប ក្រុមការងារ​សម្រេចបាន​លទ្ធផល​ដើម្បី​ស្នើសុំ​កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​ក្នុង​ភូមិសាស្ដ្រ ភូមិ​កែប សង្កាត់​កែប និង​ភូមិ​ថ្មី សង្កាត់​ព្រៃធំ លើ​ក្បាលដី​សរុប​ចំនួន ២៧៥ ​ក្បាលដី ស្មើនឹង​ជាង​ ១៧៦ ​ហិកតា​។

លោក​ សុខ សុទ្ធី អភិបាលរង​ខេត្ត​បានឱ្យដឹង​ដែរ​ថា ដី​នៅ​កោះកុង​ជាង​ ៩០ ​ភាគរយ​គ្របដណ្តប់​ដោយ​តំបន់​ការពារ​។ ការកាត់​ឆ្វៀល​ដី​ក្នុង​ភូមិសាស្ដ្រ​ខេត្ដ​កោះកុង​មាន​ផ្ទៃដី​ជាង​ ១៥ ​ម៉ឺន​ហិកតា ហើយ​ជាទូទៅ​ផ្តល់​​ជូន​ពលរដ្ឋ​ប្រហែល​ជាង​ ៣ ​ម៉ឺន​គ្រួសារ​​ដោយ​ក្នុង​ ១ ​គ្រួសារ​អាចនឹងទទួល​បាន​ដី​ជា​មធ្យម​ចន្លោះ​ពី​ ៣ ​ទៅ​ ៥ ​ហិកតា​។

លោក ឌី រ៉ាដូ អភិបាលរង​ខេត្ដ​ឧត្ដរមានជ័យ​បានឱ្យដឹងថា ក្រោយ​បញ្ចប់​ការពិនិត្យ ស្រាវជ្រាវ រដ្ឋបាល​ខេត្ដ​បានដាក់​លិខិត​ស្នើសុំ​កាត់​ឆ្វៀល​ដី​ជូន​​ពលរដ្ឋ​មក​ក្រសួងបរិស្ថាន​រួចហើយ​ ប៉ុន្ដែ​លោក​ថា​មិនបាន​ចាំ​ពី​ចំនួន​ដី​ដែល​ត្រូវ​កាត់​ឆ្វៀល​នោះទេ ដោយសារ​ទិន្នន័យ​នៅ​មន្ដ្រី​ជំនាញ ហើយ​លោក​កំពុង​ចុះ​បេសកកម្ម​នៅ​មូលដ្ឋាន​។

លោក​ថ្លែងថា​៖ «​យើង​បានដាក់​លិខិត​ស្នើសុំ​កាត់​ឆ្វៀល​នេះ​ទៅ​ក្រសួង​បរិស្ថាន​កាលពី​ដើមឆ្នាំ​ ២០២១​។ ពេលនេះ​ខ្ញុំ​មិនមាន​ទិន្នន័យ​ផ្ទៃដី​ស្នើសុំ​កាត់​ឆ្វៀល​នោះ​នៅក្នុង​ដៃ​ទេ​»​។

លោក​បានឱ្យដឹង​ដែរ​ថា អ្វី​ដែល​ជា​​ការសង្កេត​នាពេល​ចុងក្រោយ បន្ទាប់ពី​មាន​បទបញ្ជា​ពី​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ​ឱ្យ​កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​​គឺ​មាន​ជនខិលខូច​មួយចំនួន​បាននិង​កំពុង​លួច​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ដោយ​ខុសច្បាប់​។ បញ្ហា​នេះ​ក្រសួង​បាន​ចងក្រង​ឯកសារ​កំណត់​អត្តសញ្ញាណ​អ្នក​ដែល​ទន្ទ្រាន​ទាំងនោះ​ ដើម្បី​បញ្ជូន​ទៅ​តុលាការ​។

លោក ភក្ត្រា ក៏បាន​រំឭក​ឡើងវិញ​ផងដែរ​នូវ​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន ដែល​បានលើកឡើង​នៅ​ថ្ងៃទី​ ៥ ​ខែ​កក្កដា​ឆ្នាំ​ ២០២០ ​បន្ថែម​លើ​ស្មារតី​នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ដ្រី​នៅ​ថ្ងៃទី​ ៣ ខែកក្កដា​ឆ្នាំ​ ២០២០ ​តាមរយៈ​ការផូស្ត​នៅលើ​ហ្វេសប៊ុក​​ថា​៖ «​ជន​ឆ្លៀតឱកាស​ពី​ការបែងចែក និង​ទទួល​ដីធ្លី​នឹងត្រូវ​មានទោស​»​។

បើតាម​លោក ភក្ត្រា គ្រាន់តែ​នៅ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ​មួយ​ពីថ្ងៃ​ទី​ ៣ ខែកក្កដា ឆ្នាំ​ ២០២០ ដល់​ថ្ងៃទី​ ៣១ ខែកក្កដា ឆ្នាំ​ ២០២១ មាន​ការលួច​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ខុសច្បាប់​ចំនួន​ ២០១ ​ករណី​ដែល​មាន​ផ្ទៃដី​ចំនួន​ ៦១៩ ​ហិកតា​។

លោក​ថ្លែងថា​៖ «​ឥឡូវនេះ​ក្រសួងបរិស្ថាន​បានដាក់​លិខិតផ្លូវការ​ទៅកាន់​រដ្ឋបាល​ខេត្ដ​កំពត ដើម្បី​ស្នើឱ្យ​ឯកឧត្ដម​អភិបាល​នៃ​គណៈអភិបាលខេត្ដ​ដែលជា​គណៈបញ្ជាការ​ឯកភាព​ខេត្ដ​ចេញ​ដីកា​ដកហូត​ដី​ដែល​រុករាន​ទន្ទ្រាន​កាន់កាប់​ទាំងនោះ និង​ដី​មួយចំនួន​ដែល​ទន្ទ្រាន​កាន់កាប់​នោះ​គឺ​យើង​នឹងដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ​ដើម្បី​អនុវត្ដ​តាមច្បាប់​»៕

អត្ថបទគួរចាប់អារម្មណ៍