ភ្នំពេញៈ សម្តេច​ព្រះសង្ឃ​នាយករង​ទី​ ១ ​នៃ​គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេចព្រះ​ពោធិវ័ង្ស អំ លឹមហេង បាន​អំពាវនាវ​ដល់​ព្រះសង្ឃ​ និង​ពុទ្ធបរិស័ទ​ទាំងអស់​មាន​ការយោគយល់​ពី​ស្ថានភាព​ដ៏លំបាក​នៃ​ការរីករាលដាល​វីរុស​កូវីដ​ ១៩ ​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​ និង​ភ្ជុំបិណ្ឌ ហើយ​ត្រូវ​បន្ត​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីករាលដាល​នៃ​ជំងឺ​នេះ​។

សម្តេច​ព្រះពោធិវ័ង្ស អំ លឹមហេង លើកឡើង​ក្នុង​លិខិត​នា​ថ្ងៃទី​ ២៦ ខែកញ្ញា ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នៃ​ការចាប់ផ្តើម​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ​ និង​ភ្ជុំបិណ្ឌ​នេះ​មាន​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​ចូលក្នុង​វត្តអារាម ជាពិសេស​តាម​បណ្តា​វត្ត​មួយចំនួន​ក្នុង​រាជធានី-ភ្នំពេញ​។

ព្រះអង្គ​មាន​ថេរដីកា​ថា​៖ «​គណៈសង្ឃ​នាយក សូម​សម្តែង​នូវ​ការព្រួយបារម្ភ​ជាខ្លាំង​ និង​សូម​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​ប្រកប​ដោយ​គតិបណ្ឌិត និង​គិតគូរ​ពី​បញ្ហា​សុខភាព​សាធារណៈ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី​ការផ្អាក​ការរៀបចំ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដើម្បី​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩»​។

ដើម្បី​ចូលរួម​គាំទ្រ​ដល់​វិធានការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អំពាវនាវ​ដល់​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ទាំងអស់​ដែល​មិនបាន​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ឱ្យ​បាន​ពេញលេញ​តាម​ទំនៀមទម្លាប់​ប្រពៃណីជាតិ​ពី​បុរាណ​មក មេត្តា​យោគយល់​ពី​ស្ថានភាព​ដ៏លំបាក​នេះ​។

សម្តេច​ព្រះពោធិវ័ង្ស អំ លឹមហេង បញ្ជាក់ថា​៖ «​ចំពោះ​ព្រះសង្ឃ​ដែលមាន​វិជ្ជមាន​កូវីដ​ ១៩ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរមាន​សមត្ថកិច្ច ដើម្បី​ព្យាបាល​តាម​ការចាត់ចែង​របស់​មន្ត្រី​សុខាភិបាល​»​។

ព្រះអង្គ​បន្ថែមថា​៖ «​ដោយឡែក ចំពោះ​ព្រះសង្ឃ​តាម​បណ្តា​វត្តអារាម​ទាំងអស់ សូម​គោរព​វត្តប្រតិបត្តិ កិច្ចវត្ត ព្រឹក ល្ងាច ស្របតាម​ត្រៃសិក្ខា មាន សីល សមាធិ បញ្ញា និង​អនាម័យ ជាប់​ជាប្រចាំ​។ ជាពិសេស​អនុវត្តតាម​វិធានការ ៣​កុំ ៣​ការពារ ឱ្យបាន​ខ្ជាប់ខ្ជួន ចៀសវាង​ការឆ្លង​រាលដាល​បន្ថែមទៀត​»​។

ទន្ទឹមនឹងនេះ គណៈសង្ឃនាយក​គាំទ្រ​នូវ​ការដាក់ចេញ​វិធានការ​ទាន់​ពេលវេលា​ក្នុង​ការទប់ស្កាត់ ការឆ្លង​រាលដាល​ទ្រង់ទ្រាយ​ធំ​ទូទាំង​ប្រទេស​នៃ​ជំងឺ​កូវីដ​ ១៩​។ ជាពិសេស​មេរោគ​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​ដែលតា​ (Delta) ដែលមាន​កម្រិត​នៃ​ការឆ្លង​រាលដាល​ឆាប់រហ័ស​។

កាលពី​ថ្ងៃទី​ ២៦ ខែកញ្ញា អភិបាល​រាជធានី​ភ្នំពេញ​លោក​ ឃួង ស្រេង បាន​បញ្ជា​ទៅគ្រប់​អាជ្ញាធរ​ខណ្ឌ​ទាំងអស់​ត្រូវធ្វើ​ការបាញ់​ថ្នាំ​សម្លាប់​មេរោគ​កូវីដ-១៩ នៅតាម​បណ្តា​ទីវត្តអារាម​ទាំងអស់​ជាង​ ១៥០ ​វត្ត​។ ការបាញ់​ថ្នាំ​នេះ​ត្រូវបាន​កង​ប្រតិបត្តិ​ការរុករក និង​សង្គ្រោះ​គ្រោះមហន្តរាយ​ ៧១១ កងពលតូច​លេខ​ ៧០ ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​តាម​បណ្តា​វត្តអារាម​ទាំងអស់នោះ​។

យោងតាម​កងពលតូច​លេខ​ ៧០ បានឱ្យដឹងថា កង​ប្រតិបត្តិការ​រុករក និង​សង្គ្រោះ​គ្រោះមហន្តរាយ​ ៧១១ បាន​សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​ ១៤ ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ការពារ​ជំងឺ​កូវីដ​ ១៩ នៅតាម​បណ្តា​វត្តអារាម​ចំនួន​ ១៥៣ ​វត្ត ទូទាំង​រាជធានី​ភ្នំពេញ​។ កង​ប្រតិបត្តិការ​រុករក និង​សង្គ្រោះ​គ្រោះមហន្តរាយ​ ៧១១ បាន​បែងចែក​ជា​ ៦ ​ក្រុម ដើម្បី​បាញ់ថ្នាំ​សម្លាប់​មេរោគ​ជំងឺ​កូវីដ ​១៩ នៅតាម​បណ្តា​វត្តអារាម​ទាំង​ ១៥៣ ​វត្ត​នេះ​ផងដែរ​។

ការបាញ់សម្លាប់​មេរោគ​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការផ្ទុះឡើង​នូវ​ការឆ្លង​វីរុស​កូវីដ​ ១៩ ​ក្នុង​វត្តអារាម​នា​ពិធីបុណ្យ​កាន់បិណ្ឌ​ថ្ងៃទី​ ១ និង​ទី ​២ នៅតាម​បណ្តា​វត្ត​អារាម​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​។

លោក​ ហែម ដារិទ្ធ អភិបាលខណ្ឌ​ពោធិ៍សែនជ័យ​ថ្លែង​កាលពី​ថ្ងៃទី​ ២៦ កញ្ញា ក្នុងពេល​ចុះ​ជួប​ក្រុម​កង​ប្រតិបត្តិការ​រុករក និង​សង្គ្រោះ​គ្រោះមហន្តរាយ-៧១១ ត្រៀម​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​វត្ត​ពោធិ៍ចិនតុង ថា តំបន់​មួយចំនួន​ក្នុង​មូលដ្ឋាន​ខណ្ឌ​របស់​លោក​ធ្លាប់ជា​តំបន់​ក្រហម​ដែល​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​។

ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ​មាន​វត្តអារាម​ចំនួន​ ១៤ ព្រះសង្ឃ​ជិត​ ៨០០ ​អង្គ ដែល​ក្នុងចំណោម​ព្រះសង្ឃ​ទាំងអស់​នេះ​មាន​ព្រះសង្ឃ និង​អ្នកស្នាក់នៅ​ក្នុង​វត្តមាន​វិជ្ជមាន​កូវីដ​ ១៩ ​ចំនួន​ ៤ ​អង្គ​/​នាក់​។

លោក​ ហែម ដារិទ្ធ បញ្ជាក់ថា​៖ «​ក្រោម​ការណែនាំ​របស់​ឯកឧត្តម ឃួង ស្រេង យើង​បាន​អនុវត្ត​នូវ​វិធាន​ការពារ​ពី​វីរុស​កូវីដ​ ១៩ យ៉ាង​តឹងរ៉ឹង​បំផុត ហើយ​យើង​ទប់ស្កាត់​បាន​ទាន់ពេលវេលា​ផងដែរ​»​។

ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ​លោក​ ទេព គង្គា ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ កាលពី​ថ្ងៃទី​ ២៦ កញ្ញា ថា ព្រះសង្ឃ និង​អ្នកស្នាក់នៅ​វត្ត​ចំនួន​ ១៤១ ​អង្គ​/​នាក់ ត្រូវបាន​រកឃើញ​វិជ្ជមាន​វីរុស​កូវីដ​ ១៩ ក្នុងនោះ​មាន​ព្រះសង្ឃ​ចំនួន​ ៩៧ ​អង្គ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​យប់​ថ្ងៃទី​ ២៣ កញ្ញា បានចេញ​សេចក្តី​សម្រេច​ផ្អាក​ការរៀបចំ​ពិធី​បុណ្យកាន់បិណ្ឌ​ និង​ភ្ជុំបិណ្ឌ ចាប់ពី​បិណ្ឌ​ទី​ ៤ រហូតដល់​ថ្ងៃ​ភ្ជុំបិណ្ឌ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ក្រោយ​ពិនិត្យឃើញ​មាន​ការជួបជុំ និង​ប្រមូលផ្តុំ​មនុស្ស​ជាច្រើន​នៅ​តាម​បណ្តា​វត្តអារាម និង​មាន​ការឆ្លង​រាលដាល​នៃ​វីរុស​នេះ​ផងដែរ​៕

វីដេអូ៖