កណ្តាលៈ មេឃុំ​ប្រាសាទ​នៃ​ស្រុក​ស្អាង ខេត្តកណ្តាល បដិសេធ ចំពោះ​ការចោទ​ថា ខ្លួន​បាន​ឃុបឃិត​យក​ដី​ប្រជាពលរដ្ឋ​នៅ​ភូមិ​លេខ​ ២ ខណៈ​មាន​ពលរដ្ឋ​មួយចំនួន​ដែល​មេឃុំ ថា មិនមាន​ដី​នៅ​ទីនោះ​នាំគ្នា​តវ៉ា ដោយ​សំអាងថា អាជ្ញាធរ​ឃុបឃិត​គ្នា​ ដើម្បី​យក​ដី​ប្រជាពលរដ្ឋ​។

លោក​ ឈាង លី មេឃុំ​ប្រាសាទ ថ្លែង​នា​ថ្ងៃទី​ ២៧ កញ្ញា​ថា អាជ្ញាធរ ឃុំ​ប្រាសាទ​រួម​នឹង​អាជ្ញាធរ​ស្រុក​ស្អាង​កាលពី​ថ្ងៃទី​ ២៣ ខែកញ្ញា​បាន​ចុះទៅ​កំណត់​ព្រំដី​ដែល​ស្ថិតនៅ​ភូមិ​លេខ​ ២ ឃុំ​ប្រាសាទ ស្រុក​ស្អាង តាម​ការស្នើសុំ​របស់​ឈ្មោះ​ លី ហាក់ ប៉ុន្តែ​បែរជា​មាន​ពលរដ្ឋ​ប្រមាណ​ជាង​ ១០០ ​នាក់ លើកគ្នា​មក​តវ៉ា ដោយ​សំអាងថា អាជ្ញាធរ​បាន​ឃុបឃិត​គ្នាយ​កដី​ប្រជាពលរដ្ឋ​ទៅវិញ​។

លោក​មេឃុំ​បញ្ជាក់ថា មុន​អាជ្ញាធរ​ចុះទៅ​ស្រាវជ្រាវ ដើម្បី​ពិនិត្យ​ព្រំដី​នៅ​ទីនោះ គឺមាន​ការបិទ​ប្រកាស​រយៈពេល​ជិត​ ១០ ​ថ្ងៃ ដើម្បីឱ្យ​អ្នកមាន​ដី​ពាក់ព័ន្ធ​នៅ​ទីកន្លែង​នោះ​ដែលមាន​ព្រំប្រទល់​ជាប់​គ្នា អាចដាក់​ពាក្យ​តវ៉ា ប៉ុន្តែ​មិនមាន​អ្នកដាក់ពាក្យ​ដើម្បី​ធ្វើការ​តវ៉ា​នោះទេ​។ ការចោទ​ប្រកាន់​មកលើ​រូបលោក​ជា​អាជ្ញាធរ ឃុំ​ថា​បាន​ឃុបឃិត ដើម្បី​លក់​ដី​នៅ​ទីនោះ គឺជា​រឿង​មិនត្រូវ​ទំនង ដោយ​លោក​បដិសេធ​ទាំងស្រុង ព្រោះ​ដី​នោះ​ត្រូវបាន​ទិញ​លក់​តាំងពី​ឆ្នាំ​ ២០១៧ មកម្ល៉េះ ពោល​គឺ​តាំងពី​លោក​មិនទាន់​បាន​ឡើង​ធ្វើជា​មេឃុំ​នៅឡើយ​។

លោក​ថ្លែងថា​៖ «​អ្នក​អត់​មាន​ដី​ហ្នឹង​គាត់​ចេះតែ​ដើរ​បង្ករឿង ចោទប្រកាន់​ថា អាជ្ញាធរ​ឃុបឃិត​គ្នា​អី​ឯណា​។ អាជ្ញាធរ​ឯណា​ទៅយក​ដី​បាន​នោះ ទៅយក​ដី​គេ គេ​កាប់​ក្បាល​រយះ​អស់​ឥឡូវ​ហើយ ព្រោះ​ដី​គេ​មាន​ម្ចាស់​»​។

លោក​ ឈាង លី បញ្ជាក់ថា​ក្នុង​ចំណោម​អ្នក​តវ៉ា​ទាំងនោះ​មួយចំនួន តូច​ជា​អ្នក​នៅក្នុង​មូលដ្ឋាន ក្រៅពី​នោះ គឺជា​អ្នក​មកពី​កន្លែង​ផ្សេង​។ ពលរដ្ឋ​ដែល​នៅក្នុង​ភូមិ​នោះ​នាំគ្នា​តវ៉ា ព្រោះ​បារម្ភ​ខ្លាច​ប៉ះពាល់​ទៅ​ដល់​ដី​អាស្រ័យផល​របស់​ពួកគាត់​ដែល​កំពុង​កាន់កាប់​។

លោក​ថ្លែងថា​៖ «​អ្នក​មក​តវ៉ា​ហ្នឹង​យើង​បាន​សួរ​គាត់​ថា មក​តវ៉ា​រឿង​អី​? យើង​អញ្ជើញ​គាត់​មក​សាលាឃុំ​ ដើម្បី​សួរនាំ​អំពី​ការតវ៉ា​របស់គាត់​។ គាត់​ថា តវ៉ា​ដី ខ្លះ​ថា គេ​ហៅ​ទៅ​ចេះតែ​ទៅៗ ហើយ​ពេល​យើង​សួរថា ដី​នៅ​កន្លែង​ណា​អី​កន្លែង​ណា ស្រាប់តែ​ពួកគាត់​នាំគ្នា​ចាកចេញ​អស់​តែម្តង​»​។

លោក​ ម៉ៅ តារា អភិបាលរង​ស្រុក​ស្អាង​ថ្លែង​នៅ​ថ្ងៃទី​ ២៧ ខែកញ្ញា ថា លោក​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ធ្វើការ​ស្រាវជ្រាវ​ទីតាំង​ដី​របស់​ម្ចាស់​សំណើ​ដើម្បី​មាន​មូលដ្ឋាន​រាយការណ៍​ជូន​រដ្ឋបាលខេត្ត​។ ប៉ុន្តែ​ក្នុងពេល​ចុះ​ទៅ​ធ្វើការ​ពិនិត្យ​ស្រាវជ្រាវ ស្រាប់តែ​មាន​ប្រជាពលរដ្ឋ​បាននាំគ្នា​មក​ធ្វើការ​ហាមឃាត់ ហេតុនេះ​ក្រុមការងារ​បាន​ផ្អាក​ការពិនិត្យ​ស្រាវជ្រាវ​តែម្តង​។

លោក​ តារា ​បញ្ជាក់ថា​៖ «​ក្រុមការងារ​បាន​ជម្រាបជូន​តំណាង​ម្ចាស់​សំណើ និង​អ្នកពាក់ព័ន្ធ​ថា មិនអាច​ធ្វើការ​វាស់វែង​បានទេ ដោយ​មូលហេតុ​មាន​ការតវ៉ា​ពី​ប្រជាពលរដ្ឋ​»​។

ទោះយ៉ាងណា ករណី​ជម្លោះដីធ្លី​នេះ ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​ស្វែងរក​ប្រភព​ទាក់ទង​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ការតវ៉ា​នោះ​បាន​ទេ នៅ​ថ្ងៃទី​ ២៧ ខែកញ្ញា​៕