The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - តំណាង​ពលរដ្ឋ​ក្នុង​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​ភូមិ​ ១៦ និង​ ១៧ ស្នើសុំ​សាលាក្រុង​អភិវឌ្ឍ​នៅនឹងកន្លែង




តំណាង​ពលរដ្ឋ​ក្នុង​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​ភូមិ​ ១៦ និង​ ១៧ ស្នើសុំ​សាលាក្រុង​អភិវឌ្ឍ​នៅនឹងកន្លែង

Content image - Phnom Penh Post
ប្រជា​ពលរដ្ឋ​រង​ផលប៉ះពាល់​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​នៅ​ភូមិ​ ១៦ និង​ ១៧ ស្ថិតក្នុង​ខណ្ឌទួលគោក។ ហេង ជីវ័ន

តំណាង​ពលរដ្ឋ​ក្នុង​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​ភូមិ​ ១៦ និង​ ១៧ ស្នើសុំ​សាលាក្រុង​អភិវឌ្ឍ​នៅនឹងកន្លែង

ភ្នំពេញៈ ពលរដ្ឋ​រង​ផលប៉ះពាល់​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​នៅ​ភូមិ​ ១៦ និង​ ១៧ ស្ថិតក្នុង​ខណ្ឌទួលគោក ជួប​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ស្នើសុំ​គោលការណ៍​អភិវឌ្ឍន៍​នៅនឹង​កន្លែង បន្ទាប់ពី​ពួកគេ​បង្ហាញ​ជំហរ​បដិសេធ​ក្នុង​ការទទួល​យក​ដំណោះស្រាយ​ដែល​ត្រូវ​ប្តូរ​ទីតាំង​ឆ្ងាយ​ពី​ទីលំនៅ​បច្ចុប្បន្ន​។

កិច្ចពិភាក្សា​នេះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី​ ២៧ កញ្ញា ឆ្នាំ​ ២០២១ ដោយមាន​តំណាង​ពលរដ្ឋ​ចំនួន ៣ ​រូប​តំណាង​ឱ្យ​ពលរដ្ឋ​រង​ផលប៉ះពាល់​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​នៅ​ភូមិ​ ១៦ និង​ ១៧ ចំនួន ៣០ ​គ្រួសារ​ដែល​ស្ថិតនៅ​សង្កាត់​បឹងកក់​ ២ និង​សង្កាត់​ទឹកល្អក់​ ១​។

អ្នកស្រី ហ៊ុយ សាធៀន ជា​ពលរដ្ឋ​រស់នៅក្នុង​តំបន់​រង​ផលប៉ះពាល់​ជាង ៣០ ​ឆ្នាំ​ដែល​បាន​ចូលជួប​ពិភាក្សា​ជាមួយ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៧ កញ្ញា​ថា ការជួបពិភាក្សា​នេះ​គឺជា​សំណើ​របស់​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍ ដើម្បី​ស្នើឱ្យ​សាលា​រាជធានី​ជួយ​​ដោះស្រាយ​បញ្ហា​ផ្ទះសំបែង​របស់​ខ្លួន ដែល​នឹងត្រូវ​រុះរើ​ដោយ​អាជ្ញាធរ​ខណ្ឌ​ទួលគោក​បើក​ផ្លូវ​ស្ថាបនា​ផ្លូវ​បេតុង និង​អាង​ស្តុក​ទឹក​ក្នុង​ខណ្ឌទួលគោក​នាពេល​ខាងមុខ​។

អ្នកស្រី​បន្តថា តាម​គោលការណ៍​នៃ​ដំណោះស្រាយ​ដែល​បាន​ប្រកាស​កាលពី​ថ្ងៃទី​ ២០ ខែមេសា ២០២១ អាជ្ញាធរ​ខណ្ឌ​ទួលគោក​បាន​ឱ្យ​គ្រួសារ​ដែល​រង​ផលប៉ះពាល់​ទាំងស្រុង​ទៅយក​ដី​នៅ 7NG ស្ថិត​ខេត្តកណ្តាល និង​នៅ​គោកខ្សាច់​ក្នុង​ខណ្ឌ​កំបូល​ជំនួស​ការបាត់បង់​ផ្ទះសំបែង​ដែល​កំពុង​រស់នៅ​បច្ចុប្បន្ន​។

អ្នកស្រី​បញ្ជាក់ថា​៖ «​ជាមួយ​នឹង​ការអភិវឌ្ឍ​នេះ ពួកយើង​មិន​ជំទាស់​នោះទេ ប៉ុន្តែ​ពួកយើង​ស្នើសុំ​សំណង​ជា​ការដោះដូរ​ពី​កន្លែង​ដែល​យើង​រស់នៅ​នេះ​មក​រស់នៅក្នុង​ខណ្ឌ​ទួលគោក​ដដែល ឬ​នៅ​ជិត​វត្ត​ទួល​អស់លោក ដែល​ស្ថិតនៅ​កន្លែង​យើង​ចាស់​»​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​សុំ​ការអត្ថាធិប្បាយ​ពី​លោក ម៉េត មាសភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ទេ ជុំវិញ​លទ្ធផល​នៃ​កិច្ចពិភាក្សា​ជាមួយ​តំណាង​ពលរដ្ឋ ដោយសារ​តែ​លោក​មិន​លើក​ទូរស័ព្ទ​។ ប៉ុន្តែ​បើតាម​លោក សុខ ឃឿន តំណាង​ពលរដ្ឋ​ម្នាក់ទៀត​បាន​ឱ្យដឹងថា សាលា​រាជធានី​ភ្នំពេញ​ស្នើសុំ​ឱ្យ​ពួកគាត់​រក្សា​ភាពស្ងៀមស្ងាត់ ដើម្បី​រង់ចាំ​ការដោះស្រាយ​របស់​អាជ្ញាធរខណ្ឌ ខណៈ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​អះអាង​ថា នឹង​ចាត់​ឱ្យ​អាជ្ញាធរ​ខណ្ឌទួលគោក ចុះទៅ​សម្របសម្រួល​ក្នុង​ករណី​នេះ​ក្នុង​ពេល​ឆាប់ៗ​។

លោក ជា ពិសី អភិបាលខណ្ឌ​ទួលគោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ២៧ កញ្ញា ដោយ​អះអាងថា​ក្រោយពី​ទទួលបាន​ការណែនាំ​ពី​សាលា​រាជធានី​ភ្នំពេញ មន្ត្រី​នឹង​ចុះទៅ​ដោះស្រាយ​បញ្ហា​នេះ​ជាមួយ​ពលរដ្ឋ​ក្នុង​ពេល​ខាងមុខ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​បាន​ទទួល​ដំណឹង​នេះ ប៉ុន្តែ​រង់ចាំ​ការណែនាំ​ពី​ខាងលើ​ពី​សាលា​រាជធានី​ភ្នំពេញ ដើម្បី​យើង​អនុវត្ត​បន្ត​»​។

លោក សឿន សារ៉ន នាយក​ប្រតិបត្តិ​នៃ​សមាគម​ធាងត្នោត​ថ្លែង​ថា អាជ្ញាធរ គួរតែ​ស្វែងរក​ដំណោះស្រាយ​ណាមួយ​ដែល​ឱ្យ​ប្រជាពលរដ្ឋ​អាច​ទទួលយក​ពី​គម្រោង​អភិវឌ្ឍន៍​នានា ហើយ​ជាទូទៅ​សំណង និង​ដំណោះស្រាយ​ដែល​អាជ្ញាធរ​បាន​ផ្តល់ឱ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​ហាក់​មិនអាច​ទទួល​យក​បាន​នោះទេ មូលហេតុ​នេះហើយ​ទើប​បណ្តាលឱ្យ​មាន​ការតវ៉ា និង​បង្ក​ភាពអយុត្តិធម៌​ក្នុង​សង្គម ដែល​ធ្វើឱ្យ​មាន​ការឈឺចាប់​ដល់​ពលរដ្ឋ​ខ្លួន​។

លោក​ថា​៖ «​នៅពេល​មាន​ការដោះស្រាយ​តាម​យុទ្ធសាស្ត្រ​ឈ្នះៗ នោះ​ប្រជាពលរដ្ឋ​ក៏​គាត់​សប្បាយ​ពេញចិត្ត​នឹង​ទទួលយក ហើយ​បង្កើត​សុខ​សន្តិភាព​ដល់​ពលរដ្ឋ​។ ចំពោះ​អាជ្ញាធរ​ខ្លួនឯង​ផ្ទាល់ ក៏​ទទួល​បាន​ការកោតសរសើរ​ទៅ​តាម​នោះ​ក្នុង​ការដោះស្រាយ​ផលប៉ះពាល់​ដល់​ពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​»៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍