ភ្នំពេញៈ មេដឹកនាំ​កម្ពុជា វៀតណាម និង​ឡាវ​បាន​ឯកភាព​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ និង​ពង្រឹង​យន្តការ​ ដើម្បី​ផលប្រយោជន៍​រួម​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ ៣ ដោយ​រក្សា​សន្តិភាព​ស្ថិរភាព​ក្នុង​តំបន់ និង​ពិភពលោក​។

កាលពី​ថ្ងៃទី​ ២៦ ខែកញ្ញា ឆ្នាំ​ ២០២១ លោក​ ង្វៀង ភូជុង អគ្គលេខាបក្ស​កុម្មុយនីស្ត​វៀតណាម លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក​ ថងលូន ស៊ីស៊ូលីត អគ្គលេខាបក្ស​ប្រជាជន​បដិវត្តន៍​ឡាវ​បាន​មាន​ជំនួប​កំពូល​មួយ​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​កុម្មុយនីស្ត​វៀតណាម​នៅ​​ទីក្រុង​ហាណូយ​នៃ​ប្រទេស​វៀតណាម​។

សេចក្តី​ប្រកាស​ព័ត៌មាន​គណបក្ស​ប្រជាជន​កម្ពុជា​បញ្ជាក់​នា​ថ្ងៃទី​ ២៦ កញ្ញា ថា មេដឹកនាំ​នៃ​គណបក្ស​ទាំង​ ៣ បាន​ឯកភាព​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ព្រមទាំង​ពង្រឹង និង​ពង្រីក​ដោយ​ប្រសិទ្ធភាព​នូវ​បណ្តា​យន្តការ​ដែល​មាន​ស្រាប់​។ បន្ត​ពិគ្រោះ​យោបល់​សម្រាប់​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ សម្រាប់​ពេលខាងមុខ ដើម្បី​ផលប្រយោជន៍​នៃ​ប្រជាជន​របស់​ប្រទេស​ទាំង​ ៣ ក្នុង​គោលដៅ​រក្សាបាន​នូវ​សន្តិភាព ស្ថិរភាព​សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​ក្នុង​តំបន់ និង​លើ​ពិភពលោក​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា ក្នុង​ជំនួប​កំពូល​នេះ មេដឹកនាំ​នៃ​គណបក្ស​ទាំង​ ៣ បាន​វាយតម្លៃ​ខ្ពស់​នូវ​អត្ថន័យ​ និង​សារៈសំខាន់​នៃ​ជំនួប​កំពូល​នេះ​។ មេដឹកនាំ​គណបក្ស​នីមួយៗ​បាន​ជូន​ដំណឹង​គ្នា​ទៅវិញទៅមក អំពី​សភាពការណ៍​ក្នុងប្រទេស​រៀងៗ​ខ្លួន​ក្នុង​នោះ​មាន​ការងារ​គណបក្ស ការងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម ពិសេស​ក្នុង​ទិដ្ឋភាព​បង្ការ និង​ប្រឆាំង​ជំងឺ​កូវីដ​ ១៩​។

មេដឹកនាំ​នៃ​គណបក្ស​ទាំង​ ៣ ​បាន​ពិភាក្សា​គ្នា​អំពី​កិច្ចសហប្រតិបត្តិការ​ក្នុង​រយៈពេល​កន្លងមក និង​ទិសដៅ​នៃ​កិច្ចសហប្រតិបត្តិការ​សម្រាប់​រយៈពេល​ខាងមុខ និង​បាន​ឯកភាព​រួមគ្នា​អំពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​ជា​ប្រពៃណី សាមគ្គីភាព មិត្តភាព​ស្អិតល្មួត​រវាង​បក្ស​ទាំង​ ៣ ​នៃ​ប្រទេស​ទាំង​ ៣​។

ក្នុង​ឱកាស​ជំនួប​កំពូល​នេះ​លោក​ ហ៊ុន សែន ក៏បាន​ជួប​ជាមួយ​លោក​ ង្វៀន ស៊ុនហ៊ុក ប្រធាន​រដ្ឋ​នៃ​ប្រទេស​វៀតណាម និង​លោក​ ផាម មីញជីង នាយករដ្ឋមន្ត្រី​ប្រទេស​វៀតណាម​។ ជាមួយគ្នា​នោះដែរ លោក​ ថងលូន ស៊ីស៊ូលីត អគ្គលេខាបក្ស​ប្រជាជន​បដិវត្តន៍​ឡាវ និង​ជា​ប្រធាន​រដ្ឋ​ឡាវ​ក៏បាន​ជួប​ជាមួយ​លោក​ង្វៀន ស៊ុនហ៊្វុក ផងដែរ​។

លោក​ គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នា​ថ្ងៃទី​ ២៧ ខែកញ្ញា​ថា កិច្ចប្រជុំ​កំពូល​នៃ​មេដឹកនាំ​គណបក្ស​ទាំង​ ៣ ​ប្រទេស​នេះ គឺជា​ការបន្ត​ប្រពៃណី ទំនាក់ទំនង សាមគ្គី ឬ​កិច្ចសហប្រតិបត្តិការ​រវាង​គណបក្ស​កាន់អំណាច​ទាំង​ ៣ ​នៅ​ឥណ្ឌូចិន​។ ប៉ុន្តែ វា​មាន​លក្ខណៈ​ខុសគ្នា​ត្រង់​ថា នៅ​វៀតណាម និង​ឡាវ​មាន​គណបក្ស​តែ​ ១ គឺ បក្សកុម្មុយនីស្ត​វៀតណាម និង​បក្សប្រជាជន​បដិវត្តន៍​ឡាវ ដោយឡែក​នៅ​កម្ពុជា​គឺមាន​ពហុបក្ស​។

លោក​ថ្លែងថា​៖ «​តែ​យ៉ាងណា យើង​ឃើញ​តាំងពី​ឆ្នាំ​ ១៩៧៩ រហូតមកដល់​ឥឡូវ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​តែង​បន្ត​ប្រពៃណី ទំនាក់ទំនង​រវាង​គណបក្ស​ និង​គណបក្ស​ជាមួយ​វៀតណាម​ក៏ដូចជា ជាមួយ​ឡាវ​ហ្នឹង គឺ​បាន​ល្អជា​ប្រពៃណី​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង និង​ពង្រឹង​ទំនាក់ទំនង​»​។

អ្នកវិភាគ​រូបនេះ​ថ្លែងថា កម្ពុជា​តែង​ផ្តល់​អាទិភាព​ក្នុង​ទំនាក់ទំនង​របស់ខ្លួន​ជាមួយ​ប្រទេសជិតខាង ទាំង​ជាមួយ​វៀតណាម ឡាវ និង​ថៃ ដែល​នេះ​ជា​ក្របខ័ណ្ឌ​នៃ​ការអនុវត្ត​គោលនយោបាយ​ការបរទេស​របស់​កម្ពុជា​ជាមួយ​ប្រទេស​ជិតខាង​។ នេះ​ជា​ការជំរុញ​ឱ្យ​ទំនាក់ទំនង​រវាង​ប្រទេសជិតខាង​ទាំង​ ៣ ​នេះ​កាន់តែ​ស៊ីជម្រៅ និង​បង្កើន​នូវ​ភាពទុកចិត្ត​គ្នា ពីព្រោះ​កន្លងមក​មាន​ការលើកឡើង​មួយចំនួន​ថា នៅពេល​ដែល​កម្ពុជា​ស្និទ្ធស្នាល​ជាមួយ​ប្រទេស​ចិន គេ​បាន​និយាយ​ថា ទំនាក់ទំនង​កម្ពុជា​ជាមួយ​វៀតណាម​មាន​ការធ្លាក់ចុះ​។ ជា​ការពិត ទំនាក់ទំនង​នេះ​មិនបាន​ធ្លាក់ចុះ​ទេ ប៉ុន្តែ​មាន​ការរីកចម្រើន​ថែម​។

គួរ​បញ្ជាក់ថា កាលពី​ខែមីនា ឆ្នាំ​ ២០២១ នាយករដ្ឋមន្ត្រី​កម្ពុជា វៀតណាម និង​ឡាវ បាន​ឯកភាពគ្នា​ពង្រឹង​បន្ថែម​នូវ​កិច្ចសហប្រតិបត្តិការ និង​ការគាំទ្រ​គ្នា​ទៅវិញទៅមក​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។ នាយក​រដ្ឋមន្ត្រី​ទាំង​ ៣ ក៏បាន​ឯកភាព​គ្នា​ទៅលើ​ការផ្តល់​ការចាក់​វ៉ាក់សាំង​បង្ការ​កូវីដ​ ១៩ ទៅវិញ​ទៅមក​ដោយ​មិន​គិតថ្លៃ​ដល់​មន្ត្រីការទូត និង​សិស្ស និស្សិត កម្ពុជា ឡាវ និង​វៀតណាម​ដែល​ពួកគេ​កំពុង​ស្នាក់នៅ​ក្នុង​ប្រទេស​នីមួយៗ​៕