ភ្នំពេញៈ ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរ​មា ​បាន​​បើក​កិច្ច​ប្រជុំ​ចរចា​កំណត់​ប្រាក់​ឈ្នួល​សម្រាប់​វិស័យ​កាត់​ដេរ​និង​ផលិត​ស្បែក​ជើង​នៅ​កម្ពុជា​ ឆ្នាំ​២០២២​ នៅ​ថ្ងៃ​ទី២៨​​ កញ្ញា ​ហើយ​ប្រសិនបើ​ក្នុង​ករណី​គ្មាន​ការ​ឯក​ភាព​គ្នា​កំណត់​ចំនួន​ប្រាក់​ឈ្នួល ​ដែល​ភាគី​ពាក់​ព័ន្ធ​បាន​លើក​យក​មក​ចរចា​នោះ ​នឹង​មាន​ការ​បោះឆ្នោត​ ដើម្បី​សម្រេច​លទ្ធផល​ណា​មួយ​ជា​ចុង​ក្រោយ​។​​​

ភាគី​ដែល​ចូលរួម​ក្នុង​កិច្ចចរចា​កំណត់​ប្រាក់​ឈ្នួល​នៅ​ពេល​នេះ​ មាន​តំណាង​មកពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តំណាង​និយោជិក និង​តំណាង​និយោជក ដែល​ធ្វើឡើង​នៅ​ទីស្តីការក្រសួង​ការងារ​។​

កាលពី​ថ្ងៃទី​២១ ខែកញ្ញា ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា បាន​បន្ត​ការចរចា​ជា​លក្ខណៈ​ត្រីភាគី​ជា​លើក​ទី​៣ ដោយ​ក្នុងនោះ តួលេខ ដែល​ភាគី​ នីមួយៗ បានកំណត់ គឺខាង សហជីព​ស្នើរ​តួលេខ ២០៤ដុល្លារ ចំណែក​ភាគី​និ​យោ​ជក​ស្នើតួលេខ ១៨៨ដុល្លារ និង​ភាគី​រាជរដ្ឋាភិបាល​ស្នើ​រក្សា ១៩២ដុល្លារ ឲ្យ​នៅ​ដដែល​។

ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​វិស័យ​កាត់ដេរ​និង​ផលិត​ស្បែកជើង ឆ្នាំ ២០២១ គឺមាន​ចំនួន ១៩២ ដុល្លា​រ៕