ភ្នំពេញៈ ​នគរបាល​ខណ្ឌ​ដង្កោ​​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ៥ ​នាក់​ពីថ្ងៃ​ទី​ ២៦ ​កញ្ញា នៅ​បុរីពិភពថ្មី​ក្នុង​សង្កាត់​ព្រៃស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ បន្ទាប់ពី​សមត្ថកិច្ច​ទទួល​ព័ត៌មាន​ពី​​ជនរងគ្រោះ​ម្នាក់​ដែលថា ក្រុម​នេះ​​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ស្ទាក់​វាយប្លន់​យក​ម៉ូតូ​គាត់​។

លោក ជឹម ស៊ីថា អធិការ​នគរបាល​ខណ្ឌ​ដង្កោ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ២៧ កញ្ញា​ថា ក្រុមចោរប្លន់​នេះ​សុទ្ធតែ​ជា​យុវជន ហើយក៏​ជា​ក្រុម​ប្លន់​ដ៏សកម្ម​ដែល​តែង​ធ្វើ​សកម្មភាព​ប្លន់​តាម​តំបន់​ផ្សេងៗ​នៅ​ជាយ​រាជធានី​ភ្នំពេញ ពិសេស​ក្នុង​ភូមិសាស្ត្រ​ទឹកដី​ខណ្ឌ​ដង្កោ​។

លោក​បន្តថា​៖ «​នៅថ្ងៃនេះ​ (​ថ្ងៃទី​ ២៧ កញ្ញា​) ​សមត្ថកិច្ច​ជំនាញ​ខ្ញុំ​កំពុង​បន្ត​នីតិវិធី​សាកសួរ​​ ដើម្បី​ធ្វើ​របាយកាណ៍​។ ​ក្រុម​នេះ​តែង​បង្ក​អសន្តិសុខ​ដល់​អ្នកដំណើរ​»​។

លោក ជាង ហុកសែ អធិការរង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ឱ្យដឹង​នៅ​​ថ្ងៃទី​ ២៧ ​កញ្ញា​ដែរ​ថា សមត្ថកិច្ច​របស់​លោក​បាន​ឃាត់ខ្លួន​ក្រុម​​ចោរប្លន់​ចំនួន​ ៥ ​នាក់ នៅ​បុរីពិភពថ្មី សង្កាត់​ព្រៃស ខណ្ឌ​ដង្កោ​កាលពី​ថ្ងៃទី​ ២៦ កញ្ញា​។ ​ការឃាត់​ខ្លួន​ក្រុមចោរប្លន់​ទាំងនេះ​ បន្ទាប់ពី​សមត្ថកិច្ច​របស់​លោក​ទទួលបាន​សេចក្តី​រាយការណ៍​ពី​​ពលរដ្ឋ​រងគ្រោះ​ម្នាក់​ដែល​ផ្តល់ព័ត៌មាន​ថា​ក្រុម​នេះ​បាន​ប្លន់​ម៉ូតូ​​គាត់​ពីថ្ងៃ​ទី​ ២៥ កញ្ញា ក្នុង​បុរីពិភពថ្មី​ក្នុង​សង្កាត់​ព្រៃស​។

យ៉ាងណាក្ដី​លោក ជាង ហុកសែ មិនបាន​បង្ហាញ​ឈ្មោះ​ក្រុម​ជន​ទាំងនោះ​ទេ ដោយ​គ្រាន់តែ​​បញ្ជាក់ថា​៖ «​ពួកគេ​សកម្ម​ក្នុង​​ការវាយ និង​កាប់​ជនរងគ្រោះ​អ្នកដំណើរ​តាមផ្លូវ​។ ​តែ​មិនទាន់​ដល់​សម្លាប់​មនុស្ស​ទេ​»​។

លោក​បាន​បន្តថា ក្រុម​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​របស់​លោក​ឃាត់ខ្លួន​នៅ​ ៣ ​ទីតាំង​​ផ្សេងៗ​គ្នា ក្នុងនោះ​ទីតាំង​ទី​ ១ ​ស្ថិតនៅ​សង្កាត់​សាក់សំពៅ​ក្នុង​ទឹកដី​ខណ្ឌ​ដង្កោ​។ ចំណែក​នៅ​ទីតាំង​ ២ ​ផ្សេងទៀត​ស្ថិតនៅ​ភូមិ​ឫស្សី និង​ភូមិ​ថ្មី​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ ៣ ខណ្ឌ​មានជ័យ ជា​ទី​ដែល​ពួកគេ​នាំគ្នា​ជួល​បន្ទប់​ស្នាក់នៅ​ ដើម្បី​ចេញ​ធ្វើ​សកម្មភាព​ប្លន់​។

បើតាម​លោក ហុកសែ ក្រុម​​ចោរប្លន់​ទាំងនេះ​បាន​សារភាព​​ថា ពួកគេ​ធ្លាប់​ធ្វើ​សកម្មភាព​ប្លន់​នៅ​សង្កាត់​ព្រៃស ខណ្ឌ​ដង្កោ​បាន​ចំនួន​ ២ ​ដង​។ ​ក្នុងនោះ​កាប់​បណ្តាល​ឱ្យ​ជនរងគ្រោះ​របួស​ម្នាក់ ប្លន់​យក​ម៉ូតូ​។ ​ចំណែក​ប្លន់​យក​ម៉ូតូ​ ១ ​លើក​ទៀត គឺ​នៅ​ផ្លូវជាតិ​លេខ​ ៥១ (​តភ្ជាប់​ពី​ថ្នល់​​ទទឹង​ទៅ​ផ្លូវជាតិ​លេខ​ ៥) តែ​មិន​បណ្តាលឱ្យ​ម្ចាស់​ម៉ូតូ​គ្រោះថ្នាក់​ដល់​ជីវិត​ទេ​។

លោក​បាន​បញ្ជាក់ថា ក្រុមចោរប្លន់​ទាំងនេះ​សមត្ថកិច្ច​របស់លោក​នឹង​បញ្ជូន​ខ្លួន​ក្រុម​​នេះ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​បន្តទៀត នៅពេល​បញ្ចប់​ការសួរចម្លើយ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕