ភ្នំពេញៈ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​តម្រូវឱ្យ​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស ត្រូវធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ ដល់​កម្មករនិយោជិត​របស់ខ្លួន ក្រោយពេល​ឈប់សម្រាក​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ហើយ​ចំពោះ​កម្មករនិយោជិត​ណា​ដែល​មិន​ព្រម​ចូលធ្វើ​តេស្ត នឹងត្រូវ​ចាត់ទុកថា​បាន​ល្មើស​ធ្ងន់​ចំពោះ វិធាន​ខាង​វិន័យ​សន្តិសុខ និង​អនាម័យ ដែល​និយោជក​អាច​បញ្ឈប់​ពី​ការងារ​បាន​។

យោងតាម​សេចក្តីណែនាំ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការងារ​​ និង ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ នៅ​ថ្ងៃទី​២៨ ខែកញ្ញា​នេះ បានឱ្យដឹងថា ដើម្បី​រក្សាបាន​នូវ​សកម្មភាព​អាជីវកម្ម ផលិតកម្ម និង​ការផ្តល់​សេវាកម្ម ក៏ដូចជា​ ចូលរួមចំណែក​ប្រយុទ្ធ និង ទប់ស្កាត់​ការរីក​រាលដាល​ទ្រង់ទ្រាយ​ធំ​នៃ​ជំងឺ​កវី​ដ​១៩ បណ្តាលមកពី​មេរោគ​ប​ម្លែ​ង​ថ្មី​ប្រភេទ​ដែល​តា (Delta) នៅតាម រោងចក្រ សហគ្រាស ក្រោយពេល​ឈប់សម្រាក​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ក្រសួង​សុំ​ណែនាំ​ដល់​ម្ចាស់ ឬ ​នាយក​រោងចក្រ សហគ្រាស ត្រូវ​ត្រៀម​តេស្ត​រហ័ស​សម្រាប់​ធ្វើតេស្ត​ដ​ល់​កម្មករនិយោជិតរ​បស់​ខ្លួន​ក្រោយ​បុណ្យ​ភ្ជុំ​រួច​។​

លោក សំហេង ថ្លែងថា​៖ «​ការធ្វើ​តេស្ត​រហ័ស​រក​មេរោគ​កូ​វីដ​១៩ នេះ គឺជា​បន្ទុក​របស់​ម្ចាស់ ឬ ​នាយក​រោងចក្រ សហគ្រាស​។ ទន្ទឹមនឹងនេះ កម្មករនិយោជិត​ទាំងអស់ ត្រូវ​ជូនដំណឹង​មក​ក្រសួង ក្នុងករណី​និយោជក​មិនបាន​ធ្វើ​តេ​ស្ករ​ហ័ស​រក​មេរោគ​កវី​ដ​១៩ ដល់​កម្មករនិយោជិត ក្រោយពេល​ឈប់សម្រាក​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​»​។​

លោក​ថា កម្មករនិយោជិត​ដែល​បាន​ឈប់សម្រាក​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​ការពារ និង​៣​កុំ ជាពិសេស​ពាក់​ម៉ាស់ លាងដៃ​ញឹកញាប់​នឹង​សាប៊ូ រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ក្នុងពេល​ធ្វើដំណើរ​ដោយ​រថយន្ត​រួម និង​ត្រូវ​យកតាម​ខ្លួន​នូវ​ទឹក​អាល់កុល ឬ​អាល់កុល​ដែល​លាងដៃ​៕