ភ្នំពេញៈ កម្ពុជា​ឧបត្ថម្ភ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ ប្រភេទ​ស៊ីណូវ៉ាក់​ (Sinovac)​ ចំនួន​ ២០ ម៉ឺន​ដូស​ ដល់​ប្រទេស​ ឡាវ​ ដើម្បី​រួមចំណែក​ដល់​ការខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​ឡាវ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ដ៏កាច​សាហាវ​មួយ​នេះ។

ក្នុង​លិខិត​ចុះ​ថ្ងៃទី២៧ ​ខែកញ្ញា ​ផ្ញើទៅ​កាន់​លោក​ផាន់ខំា វីផាវ៉ាន់ ​នាយក​រដ្ឋមន្ត្រី​ប្រទេស​ឡាវ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ នៃ​កម្ពុជា ថ្លែង​ថា​៖«ក្នុង​ស្មារតី​សមគ្គីភាព ​និង ​មិត្តភាព​ជាប្រពៃណី ​រវាង​ប្រទេស​បងប្អូន​យើង​ទាំង២ ​រាជរដ្ឋាភិបាល​កម្ពុជា​សូម​ផ្តល់​ជូន​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ​នូវ​អំណោយ​ថ្នាំ​វ៉ាក់សាំង​ប្រភេទ​ស៊ីណូវ៉ាក់​ចំនួន ​២០០ ០០០ ដូស​បន្ថែម​ទៀត ​ដើម្បី​រួមចំណែក​ដល់​ការខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​ឯកឧត្តម​ ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ»។

ការផ្តល់​ជូន​វ៉ាក់សាំង​នេះ​ធ្វើ​ឡើង​ ក្រោយ​ពី​លោក​ហ៊ុន សែន ​បានជួប​ដោយ​ផ្ទាល់​ជាមួយ​លោក​ថងលូន ​ស៊ីសុលីត​អគ្គលេ​ខា​ធិការ​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ ​ក្នុង​ជំនួប​កំពូល ​រវាង​មេដឹកនាំ​គណបក្ស​កាន់​អំណាច ​នៃ​ប្រទេស​កម្ពុជា ​វៀតណាម​និង​ឡាវ​ នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម ​កាលពី​ថ្ងៃទី២៦ ​ខែកញ្ញា។

អំណោយ​នេះ​ត្រូវបាន​បញ្ជូន​ទៅដល់​ច្រក​ព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល​-ណុងណុក​ខៀន ​ដែល​ស្ថិត​នៅ​ជាប់​ខេត្ត​ស្ទឹងត្រែង​ របស់​កម្ពុជា ​និង​ខេត្ត​ចំប៉ាសាក់ ​របស់​ឡាវ​កាល​ពី​ថ្ងៃទី២៨ ​កញ្ញា ​ដោយ​គណៈប្រតិភូ​កម្ពុជា​ ដែល​ដឹកនាំ​ដោយ​លោក ​អ៊ុច បូររិទ្ធ ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី ​និង​ជារដ្ឋលេខាធិការ​ក្រសួង​ការបរទេស។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា ​(ទទក)៕