The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អាល្លឺម៉ង់​ និង​ WFP ​ផ្ដល់ប្រាក់​ ៦ ​លាន​​ដុល្លារ ដើម្បី​ជួយ​​ជនរងគ្រោះ​កម្ពុជា




អាល្លឺម៉ង់​ និង​ WFP ​ផ្ដល់ប្រាក់​ ៦ ​លាន​​ដុល្លារ ដើម្បី​ជួយ​​ជនរងគ្រោះ​កម្ពុជា

Content image - Phnom Penh Post
ការចុះឈ្មោះ​ជនរងគ្រោះ​កាលពី​ថ្ងៃទី​ ២៧ កញ្ញា​។ រូបថត WFP

អាល្លឺម៉ង់​ និង​ WFP ​ផ្ដល់ប្រាក់​ ៦ ​លាន​​ដុល្លារ ដើម្បី​ជួយ​​ជនរងគ្រោះ​កម្ពុជា

ភ្នំពេញៈ ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ និង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ (WFP) ​បាន​​ផ្ដល់ជំនួយ​ជា​សាច់ប្រាក់​ប្រមាណ​ ៦ ​លាន​ដុល្លារ​អាមេរិក​ ដើម្បី​ជួយ​ដល់​ក្រុមគ្រួសារ​រងគ្រោះ​នៅ​កម្ពុជា​ ដែល​រង​ផលប៉ះពាល់​ ដោយសារ​វីរុស​កូវីដ-១៩ និង​គ្រោះមហន្តរាយ​អាកាសធាតុ​។ ការផ្តល់​នេះ​ក្នុង​បំណង​រួមចំណែក​ស្តារ​នូវ​ស្ថានភាព​របស់​ក្រុមគ្រួសារ​រងគ្រោះ​ទាំងនោះ​ឡើងវិញ​។

ការផ្តល់​ជំនួយ​នេះ​ត្រូវបាន​ប្រកាសឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​របស់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក និង​ជីអាយហ្សិត​ (GIZ) ​នៅ​ថ្ងៃទី​ ២៧ ខែកញ្ញា ឆ្នាំ​ ២០២១​។

សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ និង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​បាន​កសាង​ភាព ជា​ដៃគូ​ថ្មី​មួយ ដើម្បី​គាំទ្រ​ដល់​ក្រុមគ្រួសារ​នៅ​កម្ពុជា​ដែល​​មាន​ចំណូល​ទាប និង​រង​ផលប៉ះពាល់​ ដោយសារ​វិបត្ដិ​កូវីដ​ ១៩ និង​គ្រោះមហន្តរាយ​ដោយសារ​អាកាសធាតុ​។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​នេះ ជំងឺ​រាតត្បាត​កូវីដ-១៩​បាន​ជះឥទ្ធិពល​ផ្នែក​សង្គម​ ​និង​សេដ្ឋកិច្ច​យ៉ាងខ្លាំង​ទៅលើ​ប្រជាជន​កម្ពុជា​ដែល​ងាយ​រងគ្រោះ​។ ​រីឯ​វិបត្តិ​អាកាសធាតុ​មានដូចជា គ្រោះទឹកជំនន់​នៅ​ចុងឆ្នាំ​ ២០២០ បាន​បង្ក​ឱ្យ​ស្ថានភាព​អវិជ្ជមាន​មួយចំនួន​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។

ប្រភព​ដដែល​បាន​លើកឡើងថា តាងនាម​ឱ្យ​ក្រសួង​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​អាល្លឺម៉ង់​ (BMZ) ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​អាល្លឺម៉ង់​ (GIZ) ​បាន​​ផ្ដល់ជំនួយ​ចំនួន​ ៥ ​លាន​អឺរ៉ូ ដែល​ស្មើនឹង​ប្រមាណ​ ៦ ​លានដុល្លារ​អាមេរិក​ ដើម្បី​ផ្តល់ជំនួយ​ជា​សាច់ប្រាក់​ដល់​ក្រុមគ្រួសារ​រងគ្រោះ​ក្នុង​បំណង​រួមចំណែក​ស្តារ​នូវ​ស្ថានភាព​របស់​ក្រុមគ្រួសារ​ឡើងវិញ​។ ភាពជា​ដៃគូ​នេះ​នឹង​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការលើក​កម្ពស់​លទ្ធភាព​ឆ្លើយតប​របស់​គម្រោង​គាំពារ​សង្គម ដើម្បី​ពង្រឹង​ភាពធន់​ទៅនឹង​វិបត្តិ​។

តំណាង​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក (WFP) លោកស្រី គ្លែរ កូណាន់ បាន​លើកឡើង​ថា វីរុស​កូវីដ​ ១៩ និង​គ្រោះទឹកជំនន់​បាន​បន្ថែម​បន្ទុក​ចំពោះ​ប្រជាជន​ដែល​កំពុងតែជួបប្រទះ​នឹង​បញ្ហា​ប្រឈម​នានា​ស្រាប់​ទៅហើយ​។

លោកស្រី​បាន​មានប្រសាសន៍​​ថា​៖ «​របាយការណ៍​បាន​បង្ហាញថា ក្រុមគ្រួសារ​ងាយ​រងគ្រោះ​ដែល​រង​ផលប៉ះពាល់​ ដោយសារ​វិបត្ដិ​ទាំង​ ២ ​នេះ​បាន​កាត់បន្ថយ​ការទទួល​ទាន​អាហារ លក់​ទ្រព្យសម្បត្តិ និង​ខ្ចី​បំណុល​បន្ថែម​ដើម្បី​បំពេញ​តម្រូវការ​ចាំបាច់​។ យើង​ពិតជា​ពេញចិត្ត​ណាស់​ក្នុង​ការជួយ​ដល់​ប្រជាជន​ខ្វះខាត​ ដើម្បី​បំពេញ​តម្រូវការ​ស្បៀង និង​អាហារូបត្ថម្ភ​ និង​ជួយសង្គ្រោះ​ស្ថានភាព​របស់​ពួកគាត់​ឡើងវិញ​»​។

ជីអាយហ្សិត និង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​នឹង​ប្រើប្រាស់​ទិន្នន័យ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដូចជា ប្រព័ន្ធ​ទិន្នន័យ​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​ (IDPoor) ​របស់​ក្រសួង​ផែនការ និង​ប្រព័ន្ធ​ព័ត៌មាន​ទាន់​ហេតុការណ៍ និង​អង្កេត​តាមដាន​ស្ថានការណ៍​គ្រោះ​មហន្តរាយ​ (PRISM) ​ដើម្បី​កំណត់​អត្តសញ្ញាណ​របស់​ក្រុមគ្រួសារ​ក្រីក្រ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​និង​កូវីដ​ ១៩​។ នេះ​បើ​​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​​រួម​នេះ​។

ប្រភព​ដដែល​នេះ​បាន​បន្តទៀតថា ក្រុមគ្រួសារ​គោលដៅ​នឹង​ទទួលបាន​ជំនួយ​ជា​សាច់ប្រាក់​បន្ថែម​ពីលើ​ជំនួយ​សង្គ្រោះបន្ទាន់​ជា​សាច់ប្រាក់​សម្រាប់​ទប់ទល់​នឹង​ស្ថានភាព​កូវីដ​ ១៩ ​របស់​រាជរដ្ឋាភិបាល​។ ​ជំនួយ​បន្ថែម​នេះ​នឹង​ជួយ​បង្ការ​មិនឱ្យ​ក្រុមគ្រួសារ​បន្ត​ធ្លាក់ចូល​ជ្រៅ​ទៅក្នុង​ភាពក្រីក្រ និង​ជួយ​ពង្រឹង​ភាពធន់​របស់​ពួកគាត់​ចំពោះ​វិបត្តិ​នាពេល​អនាគត​។

ជាមួយ​គ្នា​នេះ​ផងដែរ លោក​ Christian BERGER ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​បាន​លើកឡើង​ដែរ​ថា សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​មាន​មោទនភាព​ដែល​បាន​គាំទ្រ​ដល់​កម្មវិធី​អត្តសញ្ញាណកម្ម​គ្រួសា​ក្រីក្រ ជាមួយ​ប្រទេស​អូស្ត្រាលី​អស់​រយៈពេល​ជាង​ ១ ​ទសវត្សរ៍​កន្លងមក​។

លោក​បាន​បញ្ជាក់ថា​៖ «​ក្នុង​កិច្ចសហការ​បន្ថែម​ជាមួយ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​នេះ យើង​ប្រើ​វិធីសាស្ត្រ​ដែលមាន​មូលដ្ឋាន​លើ​ប្រព័ន្ធ​ទិន្នន័យ​ដោយ​ប្រើ​កម្មវិធី​អត្តសញ្ញាណកម្ម​ក្រុមគ្រួសារ​ក្រីក្រ​​ និង​ប្រព័ន្ធ​ព័ត៌មាន​ទាន់​ហេតុការណ៍ និង​អង្កេត​តាមដាន​ស្ថានការណ៍​គ្រោះមហន្តរាយ​​ ដើម្បី​ជួយសង្គ្រោះ និង​កសាង​ភាពធន់​សម្រាប់​ក្រុម​ប្រជាជន​ងាយ​រងគ្រោះ​រួមទាំង​កុមារ មនុស្ស​ចាស់ និង​ស្ត្រី​ផងដែរ​”​។

នៅក្នុង​រយៈពេល​ជាង​ ១ ​ឆ្នាំ​កន្លង​មក​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិកា​ចំនួន​ ៤៤០,៨១ ​លាន​ដុល្លារ​អាមេរិក​ ដើម្បី​ជួយ​ដល់​ប្រជាជន​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​​កូវីដ​ ១៩​។ នេះ​បើ​យោងតាម​របាយការណ៍​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​កាលពី​ថ្ងៃទី​ ២៥ ខែកញ្ញា​៕

អត្ថបទគួរចាប់អារម្មណ៍