ភ្នំពេញៈ ​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង បាន​ស្នើឱ្យ​ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា ពិចារណា​ផ្តល់​ឱកាស​ជូន​ពលករ​កម្ពុជា​បាន​ទៅ​ធ្វើការ​នៅ​អូស្ត្រាលី​ឱ្យបាន​ច្រើន​ពិសេស​ផ្នែក​សំណង់ សេវាកម្ម​​ និង​ឧស្សាហកម្ម​ផងដែរ ដើម្បី​ពួកគាត់​ទទួលបាន​នូវ​ប្រាក់ចំណូល​ខ្ពស់​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ ក៏ដូចជា​ទទួល​បាន​នូវ​បទពិសោធ​ថ្មីៗ​បន្ថែមទៀត​ពី​អូស្ត្រាលី​។

លោក អ៊ិត សំហេង ថ្លែង​ដូចនេះ​ក្នុង​ជំនួប​ជាមួយនឹង​ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​លោក​ Pablo Chiho Kang នា​ព្រឹក​ថ្ងៃទី​ ២៧ ខែកញ្ញា​នៅ​ទីស្តីការក្រសួង​ការងារ ដើម្បី​ពិភាក្សា​អំពី​ចំណាប់អារម្មណ៍​របស់​កម្ពុជា​លើ​គម្រោង​ទិដ្ឋាការ​កសិកម្ម​អូស្ត្រាលី ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ថ្មីៗ​នេះ​។

នៅក្នុង​ជំនួប​នោះ លោក Pablo Chiho Kang បាន​លើកឡើង​ថា រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​ផ្តល់​ទិដ្ឋាការ​ផ្នែក​កសិកម្ម​ (Australian Agriculture Visa) សម្រាប់​ប្រទេស​ដៃគូ ហើយ​ទិដ្ឋាការ​ផ្នែក​កសិកម្ម​នេះ​មាន​លក្ខណៈ​បើកចំហ​ដល់​ប្រទេស​ជា​ដៃគូ​របស់​អូស្ត្រាលី ដោយ​ប្រទេស​អាស៊ាន​ត្រូវ​ចាត់ទុកជា​ប្រទេស​គោលដៅ​សំខាន់​។

ឆ្លើយតប​នឹង​ការលើកឡើង​របស់​លោក​ Pablo Chiho Kang លោក អ៊ិត សំហេង បានបង្ហាញ​នូវ​ក្តីរីករាយ​ដែល​ទទួលបាន​ព័ត៌មាន​ដែលថា​រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​នឹង​ផ្តល់​ទិដ្ឋាការ​ផ្នែក​កសិកម្ម​ដល់​ប្រទេស​មួយចំនួន​នៅ​អាស៊ាន ក្នុង​នោះ​ក៏មាន​កម្ពុជា​ផងដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​សម្រាប់​​គម្រោង​ទិដ្ឋាការ​កសិកម្ម​អូស្ត្រាលី​ដែល​កំពុង​ត្រូវការ​ពលករ​ទៅ​បម្រើ​ការងារ​ផ្នែក​ប្រមូលផល​កសិកម្ម ការនេសាទ និង​ជលផល និង​ឧស្សាហកម្ម​ធនធាន​ដើម​នេះ​យើង​រំពឹងថា​ពលករ​​កម្ពុជា ពិតជា​អាច​បម្រើ​ការងារ​នេះ​បាន​យ៉ាង​ល្អ​ជូន​ដល់​និយោជក​របស់​អូស្ត្រាលី​»​។

លោក​រដ្ឋមន្ត្រី​ក៏​បាន​ស្នើសុំ​ឱ្យ​លោក​ Pablo Chiho Kang ពិចារណា​ផ្តល់ឱកាស​ជូន​ដល់​ពលករ​កម្ពុជា​បានចេញ​ទៅធ្វើការ​នៅ​អូស្ត្រាលី​ឱ្យបាន​ចំនួន​ច្រើន​ដូច​កម្ពុជា​បាន​បញ្ជូនទៅ​សាធារណរដ្ឋ​កូរ៉េ​ដែរ ហើយ​បើ​អាច​ក្រៅពី​ផែ្នក​កសិកម្ម លោក​រដ្ឋមន្ត្រី​សុំឱ្យ​ភាគី​អូស្ត្រាលី​ពិចារណា​បើក​ឱកាស​ជូន​ដល់​ពលករ​កម្ពុជា​ទៅ​ធ្វើការ​ផ្នែក​សំណង់ សេវាកម្ម និង​ឧស្សាហកម្ម​ផងដែរ ដើម្បី​ពួកគាត់​ទទួលបាន​នូវ​ប្រាក់ចំណូល​ខ្ពស់​សម្រាប់​​ទ្រទ្រង់​ជីវភាព​គ្រួសារ ក៏ដូចជា​ទទួល​បាន​នូវ​បទពិសោធ​ថ្មីៗ​បន្ថែមទៀត​ពី​អូស្ត្រាលី​។

លោក អ៊ិត សំហេង បានបង្ហាញ​នូវ​ក្តីសង្ឃឹម​ថា ភាគី​អូស្ត្រាលី​នឹង​ផ្តល់ឱកាស​ការងារ​នេះ​ជូន​ដល់​ពលរដ្ឋ​កម្ពុជា ព្រោះ​កម្ពុជា​បាន​រៀបចំ​បាន​យ៉ាង​ល្អ​នូវ​លិខិតបទដ្ឋាន​គោលនយោបាយ និង​យន្តការ​ច្បាស់លាស់​ដែលជា​ប្រព័ន្ធ​​គ្រប់គ្រង​មួយ​យ៉ាង​ល្អ​ក្នុង​ការធានា​បាន​នូវ​ការជ្រើសរើស បញ្ជូន និង​គ្រប់គ្រង​ពលករ មិន​ឱ្យ​មាន​ការរំលោភ​បំពាន​សិទ្ធិ និង​អត្ថប្រយោជន៍ ហើយ​អាច​ទប់ស្កាត់បាន​នូវ​ការកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​ការជួញដូរ​មនុស្ស​ជាដើម​។

លោក ងុយ រិទ្ធ អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យដឹងថា ក្នុងជំនួប​នេះ ប្រទេស​អូស្ត្រាលី​មិនទាន់បាន​ឯកភាព​ផ្តល់​ទិដ្ឋាការ​ឱ្យ​ប្រទេស​ណាមួយ​នៅ​អាស៊ាន​ទេ វា​គ្រាន់តែ​ជា​គម្រោង​ប៉ុណ្ណោះ ប៉ុន្តែ​ក្នុងជំនួប​នេះ ជា​ការពិភាក្សា​ ដើម្បី​ស្ទាបស្ទង់​ពី​ការចាប់អារម្មណ៍​ថា តើ​ប្រទេស​កម្ពុជា​មាន​ចំណាប់អារម្មណ៍​ក្នុង​ការបញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​អូស្ត្រាលី​ឬ​អត់​?

លោក​បាន​បញ្ជាក់ថា​៖ «​លោក​​រដ្ឋមន្ត្រី​បាន​ប្រាប់​ទូត​អូស្ត្រាលី​ថា កម្ពុជា​ពេញចិត្ត​នូវ​កម្មវិធី​ថ្មី​នេះ ពីព្រោះ​វា​នឹង​ផ្តល់ឱកាស​មួយ​ទៅដល់​ប្រជាជន​កម្ពុជា​អាច​ទៅ​ធ្វើការ​នៅ​ប្រទេស​អូស្ត្រាលី​។ ​យើង​សង្ឃឹមថា ភាគី​អូស្ត្រាលី​នឹង​ធ្វើ​ការពិចារណា បន្ទាប់ពី​ភាគី​ស្ថានទូត និង​អគ្គនាយកដ្ឋាន​ការងារ​នឹង​ពិភាក្សា​គ្នា​លម្អិត​បន្ថែមទៀត​ពី​នីតិវិធី យន្តការ​ក្នុង​ការបញ្ជូន គ្រប់គ្រង​ឱ្យបាន​លម្អិត ដោយសារ​អ្វីដែល​ខាង​អូស្ត្រាលី​បារម្ភ​គឺ​​ខ្លាច​មាន​ការជួញដូរ​មនុស្ស​បោកប្រាស់​ពី​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ជាដើម​»​។

គួរបញ្ជាក់​ផងដែរ​ថា គម្រោង​ទិដ្ឋាការ​កសិកម្ម​អូស្ត្រាលី ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី​ ២៣​ខែសីហា ឆ្នាំ​ ២០២១ ក្នុងនោះ​អូស្ត្រាលី​ត្រូវការ​ជ្រើសរើស​ពលករ​ផ្នែក​កសិកម្ម​នេសាទ​ និង​ជលផល និង​ឧស្សាហកម្ម​ធនធាន​ដើម​។ គម្រោង​ទិដ្ឋាការ​កសិកម្ម​អូស្ត្រាលី​នេះ​ស្រដៀង​គ្នា​នឹង​គម្រោង​ការងារ ប៉ាស៊ីហ្វិក​ (Pacific Labour Scheme) ដោយ​ពលករ​ក្រោម​គម្រោង​ទិដ្ឋាការ​កសិកម្ម​អូស្ត្រាលី​អាច​ធ្វើការ​បាន​ពី​ ១ ​ឆ្នាំ​ដល់​ ៣ ​ឆ្នាំ​ក្រោម​ការទទួល​បន្ទុក​ដោយ​ក្រសួង​ការបរទេស និង​ពាណិជ្ជកម្ម​អូស្ត្រាលី​៕