ភ្នំពេញៈ ​រដ្ឋមន្ដ្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា​លោក ហង់ជួន ណារ៉ុន បញ្ជាក់ថា ការផ្ដល់​ឱកាស​ឱ្យ​កុមារ​អាច​ទទួល​បាន​ការសិក្សា​នៅ​កម្រិត​មត្តេយ្យសិក្សា​ពិតជា​ជួយ​ពួកគេ​ឱ្យ​ទទួល​បាន​ការអប់រំ និង​បញ្ចប់​ការសិក្សា​ទាំង​នៅ​កម្រិត​បឋមសិក្សា និង​ឈានទៅ​បន្ត​ការសិក្សា​នៅ​ឧត្ដមសិក្សា​។

លោក ហង់ជួន ណារ៉ុន បានបញ្ជាក់​បែបនេះ តាមរយៈ​វេទិកា​ការដាក់​ចេញ​គោលនយោបាយ​ផ្អែកលើ​ភ័ស្តុតាង​ ដើម្បី​គាំទ្រ​ការសិក្សា​របស់​កុមារ ការអភិវឌ្ឍ​កុមារ​តូច និង​កិច្ចការពារ​កុមារ​។ វេទិកា​នេះ​រៀបចំ​ដោយ​អង្គការ Save the Children ប្រចាំ​ប្រទេស​កម្ពុជា​ជាមួយ​ក្រសួង​អប់រំ​តាម​ប្រព័ន្ធ​អនឡាញ​នៅ​ថ្ងៃទី​ ២៧ កញ្ញា​នេះ​។ វេទិកា​នេះ​មាន​អ្នកពាក់ព័ន្ធ​មកពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​សង្គម​ស៊ីវិលជាតិ និង​អន្តរជាតិ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស ចូលរួម​ប្រមាណ ២៧០ ​នាក់​។

លោក​រដ្ឋមន្ដ្រី​ថ្លែងថា ក្នុង​រយៈពេល​ជិត​ ៨ ​ឆ្នាំ​កន្លងមកនេះ​ក្រសួង​អប់រំ​បានដាក់​ចេញ​នូវ​កម្មវិធី​កំណែទម្រង់​ជា​បន្តបន្ទាប់​ ដើម្បី​ពង្រឹងគុណភាព​ និង​ប្រសិទ្ធភាព​សេវា​អប់រំ ជាពិសេស​ការបណ្ដុះ​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព​ និង​ជំនាញ​ច្បាស់លាស់​ក្នុង​ការចូលរួម​ចំណែក​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ក្នុង​បរិបទ​ថ្មី​ពោលគឺ​សេដ្ឋកិច្ច​បែប​ឌីជីថល​។

លោក​ថ្លែងថា​៖ «​ក្រសួង​អប់រំ​ក៏បាន​ទទួលស្គាល់​ថា​ការផ្ដោត​ទៅលើ​កុមារ​តូច​ជាពិសេស​ការផ្ដល់​ឱកាស​ឱ្យ​កុមារ​ទទួលបាន​នូវ​ការថែទាំ​តាម​ប្រព័ន្ធ​ឆ្នាំ​ដំបូង​ក៏ដូចជា​ការផ្ដល់​ឱកាស​ឱ្យ​កុមារ អាច​ទទួលបាន​នូវ​ការសិក្សា​នៅ​កម្រិត​មត្តេយ្យសិក្សា​ពិតជា​ជួយ​ដល់​កុមារ​នៅក្នុង​ការទទួល​បាន​ការអប់រំ​ទាំង​នៅ​កម្រិត​បឋមសិក្សា​អាច​រៀន​ចប់​នៅ​បឋមសិក្សា​ហើយ​ឈានទៅរក​ឧត្ដមសិក្សា​ទៀត ដូច្នេះ​ហើយ​បានជា​ក្រសួង​អប់រំ​បាន​ផ្ដោត​ការយក​ចិត្ដ​ទុកដាក់​ក្នុង​ការពង្រឹង​គុណភាព​សាលាមត្ដេយ្យ​សិក្សា ជាពិសេស​គឺ​សាលា​សហគមន៍​ដើម្បី​ផ្ដល់​ឱ្យ​កាស​ឱ្យ​កុមារ​ដែល​មកពី​តំបន់​ក្រីក្រ​បានទទួល​នូវ​ការអប់រំ​ប្រកប​ដោយ​គុណភាព និង​អាច​រៀន​ចប់​កម្រិត​បឋមសិក្សា​ប្រកប​ដោយ​ជោគជ័យ​»​។

លោក ហង់ជួន ណារ៉ុន បានឱ្យដឹងថា លទ្ធផល​ទាំងអស់​នេះ​ជា​លទ្ធផល​នៃ​ការសហការ​រួមគ្នា​រវាង​ក្រសួង​អប់រំ និង​ដៃគូ​អភិវឌ្ឍន៍​ផ្សេងៗ​ជាពិសេស​គឺ​អង្គការ​ Save the Children ដោយ​ពី​ ១ ​ឆ្នាំ​ទៅ​ ១ ​ឆ្នាំ​លទ្ធផល​នៃ​ការសិក្សា​របស់​សិស្ស​ក៏​កាន់តែ​បានល្អ​ប្រសើរឡើង​។

លោក​រដ្ឋមន្ដ្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​អង្គការ​ Save the Children ​ដែល​បាន​ផ្ដួចផ្ដើម​គំនិត​រៀបចំ​វេទិកា​ការដាក់ចេញ​គោលនយោបាយ​ផ្អែកលើ​ភ័ស្តុតាង​នេះ​ឡើង និង​កិច្ចខិតខំ​ប្រឹងប្រែង​ជួយ​ដល់​ប្រទេស កម្ពុជា​រាប់​ចាប់តាំងពី​សកម្មភាព​ជំនួយ​មនុស្សធម៌​ដែល​អង្គការ​បាន​អនុវត្ត​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​ ១៩៧៩ និង​បាន​ជួយ​ដល់​វិស័យ​អប់រំ​។ តាំងពី​ឆ្នាំ​ ១៩៧៩ ​អង្គការ​ Save the Children បាន​ជួយ​ដល់​កម្ពុជា​ស្តារឡើងវិញ និង​ដំណើរការ​សាលា​គរុកោសល្យ​ខេត្ត​កំពង់ចាម សៀមរាប និង​ភ្នំពេញ​ក្នុង​នោះ​មាន​ការជួសជុល​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​ការកសាង​សមត្ថភាព​គ្រូឧទ្ទេស និង​គរុសិស្ស​។ ​ជួយ​រៀបចំ​អភិវឌ្ឍ​កម្រង​សាលារៀន​នៅ​ ១០ ​ខេត្ត-ក្រុង​មាន​ភ្នំពេញ កំពង់ចាម កំពង់ឆ្នាំង សៀមរាប ពោធិ៍សាត់ បន្ទាយមានជ័យ ព្រះវិហារ កោះកុង ព្រៃវែង និង​ក្រចេះ​។ សាងសង់​សាលារៀន​ធ្វើ​ពី​បេតុង​ចំនួន​ ២៣៥ ​ខ្នង សាលា​រោងដោល​ចំនួន​ ១៨៦ ​ខ្នង អន្តេវាសិកដ្ឋាន​ចំនួន​ ៥០ ​ខ្នង និង​សាលា​បណ្ដែត​ទឹក​ចំនួន​ ៧ ​ខ្នង​រួម​នឹង​សកម្មភាព​ជួយ​ក្នុង​វិស័យ​អប់រំ ជាច្រើន​ទៀត​។

លោកស្រី អេលីហ្សាប៊ែត ភៀស តំណាង​អង្គការ​ Save the Children ប្រចាំ​ប្រទេស​កម្ពុជា​ថ្លែង​ក្នុង​វេទិកា​នេះ​ថា អង្គការ​ Save the Children ពិតជា​មាន​កិត្ដិយស​ដែល​បាន​សហការ​ជិតស្និទ្ធ​ជាមួយ​ប្រទេស​កម្ពុជា និង​រីករាយ​ចំពោះ​ការដឹកនាំ​នឹង​ការប្ដេជ្ញា​ចិត្ដ​របស់​ថ្នាក់ដឹកនាំ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ចំពោះ​កិច្ចសហការ​គ្នា​កន្លងមកនេះ​។

លោកស្រី​ថ្លែងថា​៖ «​យើង​បានដឹង​ហើយថា ប្រទេស​កម្ពុជា​មាន​ការអភិវឌ្ឍ​យ៉ាង​លឿន​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ ជាពិសេស​នៅក្នុង​វិស័យ​អប់រំ​គឺ​យើង​ឃើញ​មាន​ការដឹកនាំ​យ៉ាង​ល្អប្រសើរ​ក្នុង​ពេល​នៃ​ការរីករាលដាល​ជំងឺ​​កូវីដ​ ១៩ ​នេះ​តាមរយៈ​ការដាក់ចេញ​នូវ​កម្មវិធីសិក្សា​ពី​ចម្ងាយ​»​។

លោកស្រី​ថ្លែងថា ដោយ​បាន​សង្កេតឃើញ កិច្ចគាំពារ​កុមារ​នៅ​កម្ពុជា​គឺមាន​គោលនយោបាយ កិច្ចគាំពារ​កុមារ​ទៅនឹង​អំពើហិង្សា​គ្រប់​ទម្រង់ និង​ការអប់រំ​ជា​វិជ្ជមាន​ដោយ​មាន​ការប្ដេជ្ញាចិត្ដ​ជាមួយនឹង​ដៃគូ​សកល​ក្នុង​ការទប់ស្កាត់​អំពើ​ហិង្សា​លើ​កុមារ​។

លោកស្រី​ថ្លែងថា​៖ «​វេទិកា​ថ្ងៃនេះ​គឺ​ដើម្បី​ចូលរួម​ចែករំលែក​នូវ​ភ័ស្ថុតាង​ជា​បញ្ហា​ប្រឈម​ថា​តើ​មានការ​ជួបប្រទះ​យ៉ាងណាខ្លះ​លើ​កិច្ចការពារ​កុមារ និង​ការអប់រំ​កុមារ​។ ​ភ័ស្ថុតាង​បង្ហាញថា​ការប្រើប្រាស់​នូវ​ការអប់រំ​បែប​វិជ្ជមាន​ហើយ​និង​ការតាមដាន​ជាមួយ​ក្រុមគ្រួសារ​គឺជា​យុទ្ធសាស្ដ្រ​មាន​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ដ​ការថែទាំ និង​ការកាត់បន្ថយ​អំពើហិង្សា​លើ​កុមារ​។ ក៏ប៉ុន្ដែ​មានតែ​ការចូលរួម​ទាំងអស់​គ្នា​ទេ ទើប​យើង​អាច​សម្រេច​ទៅបាន​»​។ «​គន្លឹះ​សំខាន់ៗ​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ​ក្នុង​ការគាំទ្រ​កុមារ​ឱ្យបាន​រៀនសូត្រ និង​លូតលាស់​នៅ​កម្រិត​មត្តេយ្យ​សិក្សា​ និង​បឋមសិក្សា​ ឬអ្វី​ដែល​ជា​សារៈសំខាន់​សម្រាប់​កុមារ​តូច​ក្នុង​ការទទួល​បាន​សេវា​ផ្សេងៗ​ក្នុង​វ័យ​កុមារ​ ដើម្បី​ត្រៀមខ្លួន​រៀន​នៅ​សាលា​បឋមសិក្សា​»៕