កោះកុងៈ ប្រជាពលរដ្ឋ​រស់នៅ​សហគមន៍​ជ្រោយស្វាយ​ស្ថិតនៅ​ភូមិ​សារ៉ាយ​ខាងជើង ឃុំ​ជ្រោយស្វាយ ស្រុក​ស្រែអំបិល ខេត្ដ​កោះកុង ជាង ២០០ ​នាក់ បានស្នើ​ដល់​អាជ្ញាធរ និង​មន្ទីរ​បរិស្ថាន​ខេត្ដ​កោះកុង​អនុវត្ដ​ច្បាប់ និង​ពង្រឹង​ការអនុវត្ដ​ច្បាប់​ចំពោះ​ជនខិលខូច​ចូលទៅ​កាប់​ទន្ទ្រាន​ដីព្រៃ​លិចទឹក​របស់​សហគមន៍​អស់​ជាច្រើន​ហិកតា​។

យោងតាម​របាយការណ៍​ស្ដីពី​ការចុះ​ល្បាត​ទប់ស្កាត់​ការកាប់​ទន្ទ្រានព្រៃ​ក្នុង​សហគមន៍ តំបន់​ការពារធម្មជាតិ​របស់​សហគមន៍​ជ្រោយស្វាយ​នៅ​ថ្ងៃទី​ ២៥ កញ្ញា​នេះ​បាន​ឱ្យ​ដឹងថា កម្លាំង​អាជ្ញាធរ​ស្រុកស្រែ​អំបិល មន្ដ្រី​បរិស្ថាន និង​ប្រជាសហគមន៍​ជាង ២០០ ​នាក់​បាន​ចុះ​ទប់ស្កាត់​សកម្មភាព​ការកាប់​រានទន្ទ្រាន​បោះបង្គោល​យក​ដី​ព្រៃកោងកាង​លិច​ទឹក​របស់​សហគមន៍​ស្ថិត​នៅ​ចំណុច​ទំនប់​ទឹកប្រៃ ភូមិ​សារ៉ាយ​ខាងជើង ឃុំ​ជ្រោយស្វាយ ស្រុក​ស្រែអំបិល ដែល​ជនល្មើស​កំពុងតែ​ធ្វើ​សកម្មភាព​។

របាយការណ៍​បាន​បង្ហាញថា ពេលដែល​គណៈកម្មការ​សហគមន៍​តំបន់​ការពារ​ធនធាន​ធម្មជាតិ​ជ្រោយស្វាយ ប្រជាពលរដ្ឋ​ភូមិ​សារ៉ាយ អាជ្ញាធរ​ភូមិ​សារ៉ាយ អាជ្ញាធរ​ឃុំ​ស្វាយ និង​មន្ដ្រី​បរិស្ថាន​មកដល់ គឺ​ទាន់​សកម្មភាព​ជនល្មើស​កំពុង​ធ្វើ​របង និង​ឆ្ការព្រៃ​ក្នុង​ដែន​សហគមន៍​តំបន់​ការពារ ធនធានធម្មជាតិ​ជ្រោយ​ស្វាយ​។

របាយការណ៍​បាន​បញ្ជាក់ថា​៖ «​មន្ដ្រី​បរិស្ថាន​បាន​ហៅ​ឈ្មោះ ភៅ ផាត ភេទ​ប្រុស មាន​ទី​លំនៅ ភូមិ​សារ៉ាយ ឃុំ​ជ្រោយស្វាយ ស្រុកស្រែ​អំបិល​មក​សួរ និង​ថតរូប ហើយ​ណែនាំ​ឱ្យ​ឈប់​កាប់​ឆ្ការព្រៃ និង​បោះបង្គោល​ក្នុង​ដែន​សហគមន៍​បន្តទៀត​»​។

របាយការណ៍​បាន​ឱ្យដឹងថា ក្រោយមក​ប្រជាពលរដ្ឋ​ជាង ២០០ ​នាក់​បាន​ទៅ​ដក​បង្គោល-របង​ចោល ស្រាប់តែ​ឈ្មោះ ភៅ ផាត បាន​ទាញ​កាំបិត​ខ្វាវ ដេញ​កាប់​ប្រជាពលរដ្ឋ និង​គណៈកម្មការ មន្ដ្រី​បរិស្ថាន និង​បាន​ជេរប្រមាថ​ថែមទៀត​។ ចំណែក ឈ្មោះ ព្រំ សម្បត្ដិ ភេទ​ស្រី ជា​ប្រពន្ធ​ឈ្មោះ ភៅ ផាត បានមក​ឈ្លោះ​ជាមួយ​មន្ដ្រី​បរិស្ថាន និង​អាជ្ញាធរ​ភូមិ​ជុំវិញ​ការទប់ស្កាត់​មិនឱ្យ​បន្ត​កាប់​ព្រៃ​លិច​ទឹក​របស់​សហគមន៍​នេះ​។

តាមរយៈ​របាយការណ៍​សហគមន៍​ថា សកម្មភាព​នៃ​ការកាប់​ទន្ទ្រានព្រៃ​លិច​ទឹក​របស់​សហគមន៍​បាន​កើតឡើង​ជា​បន្តបន្ទាប់​។ ប៉ុន្ដែ​មិនទាន់​មាន​ការអនុវត្ដ​ច្បាប់ ឃាត់ខ្លួន​ជនល្មើស​បានទេ​។ សហគមន៍​ស្នើសុំ​ឱ្យ​មន្ដ្រី​បរិស្ថាន​ជួយ​ចាត់​វិធានការ​ទៅលើ​ឈ្មោះ ភៅ ផាត ទៅតាម​នីតិវិធី​ច្បាប់​ចំពោះ​បទល្មើស​កាប់​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​នៅក្នុង​តំបន់​ការពារ​របស់​សហគមន៍​។

លោក គុណ ហុក ប្រធាន​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ជ្រោយស្វាយ​បានឱ្យដឹងថា ដី​ព្រៃកោងកាង​លិច​ទឹក​ស្ថិតនៅ​តំបន់​ការពារ​ធនធានធម្មជាតិ​ជ្រោយស្វាយ​ប្រមាណ ១០០ ហិចតា គឺ​ត្រូវបាន​ជនខិលខូច​លួច​ចូល​កាប់​ទន្ទ្រាន​ជា​បន្តបន្ទាប់ បណ្ដាលឱ្យ​រង​ការខូចខាត​អស់​ប្រមាណ ៩០ ​ភាគរយ​ទៅហើយ​។

លោក​បាន​ប្រាប់ថា​៖ «​ពេល​ចុះមក​ទប់ស្កាត់​សកម្មភាព​ទន្ទ្រាន​ដីព្រៃ​នេះ ប្រជាពលរដ្ឋ​ចង់ឃើញ​ការអនុវត្ដ​ច្បាប់​របស់​មន្ដ្រី​ជំនាញ​ចំពោះ​ជនខិលខូច​។ ប៉ុន្ដែ​នៅពេល​មកដល់ មន្ដ្រី​ជំនាញ​មិនបាន​ធ្វើការ​អ្វី​ទេ គឺ​ទុកឱ្យ​គណៈកម្មការ​សហគមន៍​យើងខ្ញុំ​សាកសួរ​ហើយ​ធ្វើ​របាយការណ៍​ឱ្យ​ពួកគាត់​សម្រាប់​ដាក់ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ទៅវិញ​»​។

លោក​បានឱ្យដឹងថា ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍​បាន​ចុះ​ល្បាត​ការពារ​ដីព្រៃ​នៅក្នុង​សហគមន៍​ជាប្រចាំ និង​បានធ្វើ​របាយការណ៍​ដាក់​ឱ្យ​ទៅ​មន្ដ្រីជំនាញ​ពាក់ព័ន្ធ និង​មន្ទីរបរិស្ថាន​ខេត្ដ​ជា​រៀងរាល់ខែ​។ ប៉ុន្ដែ​មិនទាន់​ឃើញ​មានការ​កោះហៅ​ជនខិលខូច កាប់​ទន្ទ្រាន​ដីព្រៃ​នៅក្នុង​សហគមន៍​ឡើយ​។

លោក​ថា​៖ «​ប្រជាពលរដ្ឋ​គាត់​ចង់ឃើញ​ការអនុវត្ដ​ច្បាប់ ព្រោះ​ករណីនេះ គឺជា​បទល្មើស​ជាក់ស្ដែង ប៉ុន្ដែ​បែរជា​អត់​ឃាត់ខ្លួន​ជន​ដែល​ទន្ទ្រាន​ដីព្រៃ​សហគមន៍​​ទៅវិញ ដូច្នេះ​ប្រជាពលរដ្ឋ​មិន​សប្បាយ​ចិត្ដ​ទេ​»​។

បើតាម​លោក​ ហុក បាន​ឱ្យ​ដឹងថា សកម្មភាព​ទន្ទ្រាន​ដី​រដ្ឋ​នេះ​គឺ​មាន​ឈ្មួញកណ្ដាល​ជា​អ្នក​គួកជេ និង​មាន​ជនខិលខូច​មួយចំនួន​បាន​ទៅ​បំផុស​ប្រជាពលរដ្ឋ​ថា ដី​នៅ​តំបន់​សហគមន៍​នេះ គឺជា​ដី​ដែល​ត្រូវ​កាត់​ឆ្វៀល ដែល​ពលរដ្ឋ​អាច​ចូលទៅ​ទន្ទ្រាន​យកបាន ទើប​មាន​ការចូល​ទៅ​កាប់​ទន្ទ្រាន​ជា​បន្តបន្ទាប់​បែបនេះ​។

លោក​ថ្លែងថា​៖ «​ឈ្មួញ​ដែល​ឱ្យ​ពលរដ្ឋ​ទៅ​កាប់​ទន្ទ្រាន​ដី​របស់​រដ្ឋ​ហ្នឹង​បាន​ឱ្យ​ពលរដ្ឋ​ក្នុង ១ ​ហិកតា ២ ​ពាន់ ទៅ ២ ៥០០ ​ដុល្លារ ក្រោយពេល​ពលរដ្ឋ​កាប់​ទន្ទ្រាន​រួចហើយ​។ អ៊ីចឹង​ហើយ​ពលរដ្ឋ​មួយចំនួន​ដណ្ដើម​គ្នា​ទៅ​ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​»​។

លោក ហ៊ុន ម៉ារ៉ាឌី ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ដ​កោះកុង ទូរស័ព្ទ​គ្មាន​អ្នកទទួល​កាលពី​ម្សិលមិញ​។ ប៉ុន្ដែ​លោក ជា ច័ន្ទកញ្ញា អភិបាលស្រុក​ស្រែអំបិល​បានឱ្យដឹងថា កណីរ​ការកាប់​រានទន្ទ្រាន​ដីព្រៃ​លិច​ទឹក​នៅក្នុង​សហគមន៍​ជ្រោយ​ស្វាយ​នេះ​រដ្ឋបាល​ស្រុក​បាន​ប្រគល់ឱ្យ​អាជ្ញាធរ​ឃុំ និង​មន្ដ្រី​ជំនាញ​បរិស្ថាន ពិនិត្យ ស្រាវជ្រាវ​រក​ជនបង្ក​ដើម្បី​មក​អនុវត្ដ​តាម​នីតិវិធី​ច្បាប់​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ធ្វើការ​ឱ្យ​ជំនាញ​គាត់​ស្រាវជ្រាវ អ៊ីចឹង ខ្ញុំ​ត្រូវការ​ព័ត៌មាន​ឱ្យ​គ្រប់​ជ្រុងជ្រោយ​»​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បានឱ្យដឹង​កាលពី​ថ្ងៃទី​ ២៣ ​កញ្ញា​ថា នៅពេល​ចុងក្រោយ ក្រោយពេល​មាន​បទបញ្ជា​របស់​លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ៣ ខែកក្កដា ឆ្នាំ​ ២០២០ ឱ្យ​កាត់​ឆ្វៀល​ដី​ជូន​ដល់​ពលរដ្ឋ​រស់នៅ​ជាក់ស្ដែង​យូរ​ឆ្នាំ​គឺ​មាន​ជនខិលខូច​មួយចំនួន​បាននិង​កំពុង​តែ​លួច​ក្នុងការ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​នៅក្នុង​តំបន់​ការពារធម្មជាតិ​ដោយ​ខុសច្បាប់​។ លោក​ថ្លែងថា​៖ «​បញ្ហា​នេះ​ជា​បញ្ហា​មួយ​ដែល​យើង​បាន​ចងក្រង​នូវ​ឯកសារ​ផ្សេងៗ​ ដើម្បី​ធ្វើការ​កំណត់​នូវ​អត្តសញ្ញាណ​ដែល​បាន​ទន្ទ្រាន​កាន់កាប់ ហើយ​នឹង​ចងក្រង​ឯកសារ​ទាំងអស់នេះ​ដើម្បី​បញ្ជូន​ទៅកាន់​តុលាការ​»៕