
សមត្ថកិច្ចខណ្ឌសែនសុខ ចុះអនុវត្តវិធានរដ្ឋបាលនាពេលកន្លងទៅ។ រូបថត រដ្ឋបាលខណ្ឌ
ភ្នំពេញ៖ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ (គ.អ.ក) ប្រកាសនៅព្រឹកនេះថា សមត្ថកិច្ចបានឃាត់មនុស្សធ្វើការអប់រំ និងពិន័យចំនួន ១៥ នាក់ ពាក់ព័ន្ធករណីល្មើសវិធានការរដ្ឋបាល និងវិធានការសុខាភិបាល កាលពីម្សិលមិញ។
តាមសេចក្តីជូនដំណឹង (គ.អ.ក) នៅព្រឹកថ្ងៃទី ២៩ ខែកញ្ញានេះ បានឱ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សធ្វើការអប់រំ និងពិន័យចំនួន ១៥ នាក់ ពាក់ព័ន្ធករណីល្មើសវិធានការរដ្ឋបាល និងវិធានការសុខាភិបាល ប៉ុន្តែមិនមានការឃាត់យានយន្តទេ នៅថ្ងៃទី ២៨ ខែកញ្ញា។
ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា នៅថ្ងៃដដែលនោះ សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់ចំនួន ៩ ករណី ដោយពិន័យជាប្រាក់បានចំនួន ១ ៨០០ ០០០ រៀល អនុវត្តវិធានការផ្សព្វផ្សាយច្បាប់បានចំនួន ៦២៣ ទីតាំង និងធ្វើការអប់រំតាមគោលដៅចរាចរណ៍ផ្លូវគោក ២៧៧ នាក់ ធ្វើដំណើរតាមយានយន្ត ១៨៩ គ្រឿង៕