The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោកនាយក​រដ្ឋមន្ត្រី​សម្រេច​បន្ថែម​ប្រាក់​ ២ ​ដុល្លារអាមេរិក លើ​ប្រាក់​ឈ្នួល​គោល​ $១៩២ ​ក្នុង​វិស័យ​កាត់ដេរ​ និង​ផលិត​ស្បែកជើង​ឆ្នាំ​ ២០២២

លោកនាយក​រដ្ឋមន្ត្រី​សម្រេច​បន្ថែម​ប្រាក់​ ២ ​ដុល្លារអាមេរិក លើ​ប្រាក់​ឈ្នួល​គោល​ $១៩២ ​ក្នុង​វិស័យ​កាត់ដេរ​ និង​ផលិត​ស្បែកជើង​ឆ្នាំ​ ២០២២

Content image - Phnom Penh Post
កម្មករ​រោងចក្រ​ចេញ​ពី​ធ្វើការ​នៅ​រោងចក្រ​មួយ​នៅក្នុង​សង្កាត់​កាកាប​ ២ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​។ ហេង ជីវ័ន

លោកនាយក​រដ្ឋមន្ត្រី​សម្រេច​បន្ថែម​ប្រាក់​ ២ ​ដុល្លារអាមេរិក លើ​ប្រាក់​ឈ្នួល​គោល​ $១៩២ ​ក្នុង​វិស័យ​កាត់ដេរ​ និង​ផលិត​ស្បែកជើង​ឆ្នាំ​ ២០២២

ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ផ្ដល់​ទឹកប្រាក់​ចំនួន ២ ​ដុល្លារ បន្ថែម​លើ​ប្រាក់ ចំនួន​ ១៩២ ​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ក្រុមប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា បាន​បោះឆ្នោត​ដោយ​សំឡេង​ភាគច្រើន ដោយ​ឯកភាពគ្នា​សម្រេច​កំណត់​ប្រាក់​ឈ្នួល​គោល​ក្នុង​វិស័យ​កាត់ដេរ និង​ផលិត​ស្បែកជើង​នៅ​កម្ពុជា ឆ្នាំ​ ២០២២ បើ​ប្រៀបធៀប​ក្នុង​ឆ្នាំ​ ២០២១ នេះ​គឺមាន​ចំនួន​ ១៩២ ​ដុល្លារ​។

នៅ​ថ្ងៃទី​ ២៨ ខែកញ្ញា ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ដែល​មាន​សមាសភាព​ចំនួន​ ៥១ រូប មកពី​ខាង​ក្រសួង​ការងារ តំណាង​និយោជិត និង​និយោជក​បាន​សម្រេច​ធ្វើការ​បោះឆ្នោត​ជ្រើសរើស​តួលេខ​មួយ​ក្នុង​ចំណោម​តួលេខ​ទាំង​ ៣ ដែល​ភាគី​នីមួយៗ​បានកំណត់​។

តួលេខ​ទាំង​ ៣ ដែល​ភាគី​នីមួយៗ​បានកំណត់ គឺ​រួមមាន​ភាគី​សហជីព​ស្នើ​តួលេខ ២០៤ ​ដុល្លារ ចំណែក​ភាគី​និយោជក​មាន​តួលេខ ១៨៨ ​ដុល្លារ និង​ភាគី​រាជរដ្ឋាភិបាល​ស្នើ​រក្សា ១៩២ ​ដុល្លារ ឱ្យនៅ​ដដែល​។ នេះ​បើតាម​របាយការណ៍​របស់​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​។

ក្រោយ​ការបោះឆ្នោត ក្រុមប្រឹក្សា​ប្រាក់​ឈ្នួល​អប្បបរមា​បាន​ទទួល​សំឡេងគាំទ្រ​ដល់​ទៅ ៤៥ ​សំឡេង លើ​តួលេខ ១៩២ ​ដុល្លារ ហើយ ៦ ​សំឡេង​ទៀត​បាន​បោះឆ្នោត​គាំទ្រ តួលេខ ២០៤ ​ដុល្លារ ខណៈ​តួលេខ ១៨៨ របស់​និយោជក​ទទួល​បាន​សូន្យ​សំឡេង​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចេញ​នៅ​ថ្ងៃទី ២៨ ខែកញ្ញា បាន​ឱ្យ​ដឹងថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ថែម​ទឹកប្រាក់​ចំនួន ២ ​ដុល្លារ​បន្ថែមទៀត​ពី​លើ​ទឹកប្រាក់​ចំនួន ១៩២ ដុល្លារ ដែល​បាន​ស្នើឡើង​ដោយ​ក្រុម​ប្រឹក្សាជាតិ​ប្រាក់ឈ្នួល​អប្បបរមា សម្រាប់​យកមក​អនុវត្ត​នៅក្នុង​ឆ្នាំ​ ២០២២ ​ខាងមុខ​។

Content image - Phnom Penh Post
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ រូបថត SPM

ក្រសួង​ការងារ​បាន​ថ្លែង​បន្ត​ថា​៖ «​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ និង​កាបូប សម្រាប់​ឆ្នាំ ២០២២ ត្រូវបាន​កំណត់​ជា​ផ្លូវការ​នូវ​ប្រាក់​ចំនួន ១៩៤ ដុល្លារ ក្នុង​ ១ ​ខែ​»​។

ជាមួយ​គ្នានេះ​ក្រសួង​ការងារ​ក៏​បាន​បញ្ជាក់​ដែរថា ការកំណត់​ប្រាក់​ឈ្នួល​កម្មករនិយោជិត​សាកល្បង គឺ​មាន​ចំនួន ១៩២ ដុល្លារ ក្នុង​ ១ ​ខែ ហើយ​ក្នុង​​ទិន្នផល​ការងារ​ទទួល​បាន​នោះ​លើសពី​ចំនួន​ប្រាក់​ឈ្នួល​ដែល​បានកំណត់ គឺត្រូវធ្វើ​ទៅតាម​ចំនួន​លើស​នោះ​។ ហើយ​ប្រសិនបើ​ក្នុង​ករណី​ចំនួន​ប្រាក់ឈ្នួល​កម្មករ​ទាប​ជាង​ការកំណត់​ថ្មី​នេះ គឺ​ត្រូវ​បន្ថែម​ឱ្យ​គ្រប់​ចំនួន ១៩២ ​ដុល្លារ សម្រាប់​កម្មករ​សាកល្បង និង​ ១៩៤ ​ដុល្លារ​ក្នុង​ ១ ​ខែ សម្រាប់​កម្មករ​ពេញសិទ្ធិ​។

ក្រសួង​ការងារ​ក៏​បាន​បញ្ជាក់ថា​៖ «​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​ដែល​កម្មករនិយោជិត​ធ្លាប់​ទទួលបាន​កន្លង​មក​ត្រូវ​រក្សាទុក​ដដែល​។ ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​នេះ​ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃទី​ ១ ខែមករា ឆ្នាំ​ ២០២២ តទៅ​»​។

លោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​បាន​លើកឡើងថា បើទោះជា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​ខាងមុខនេះ មាន​ការឡើង​ជាង​ឆ្នាំ​ចាស់​ក៏ពិតមែន ប៉ុន្តែ​លោក​យល់ថា ការដំឡើង​ត្រឹមតែ ២ ​ដុល្លារ​នេះ​គឺ​មិនអាច​ទប់ទល់​នឹង​ការចំណាយ​របស់​កម្មករ​ក្នុង​ពេល​បច្ចុប្បន្ន​បានទេ ខណៈ​ដែល​ការចំណាយ​របស់​កម្មករ​មាន​ការកើនឡើង ហើយ​បន្ទុក​នានា​របស់​កម្មករ​ក៏​កើនឡើង​ទ្វេដង​ផងដែរ​។

លោក ប៉ាវ ស៊ីណា បាន​បញ្ជាក់ថា​៖ «​បើទោះជា​លទ្ធផល​នេះ​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ តែ​ក្នុងនាម​ជា​កម្មករ និង​និយោជិត ខ្ញុំ​ក៏​ស្នើឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​មេត្តា​ពិនិត្យ​ពិចារណា​ជុំវិញ​លទ្ធភាព​ជាថ្មី​ម្តងទៀត​ក្នុង​ការផ្តល់​ជូន​នូវ​ប្រាក់​ឈ្នួល​ដល់​ទៅ​កម្មករ​ក្នុង​កម្រិត​ណាមួយ ព្រោះថា ២ ​ដុល្លារ​មិន​អាច​ឆ្លើយតប​នឹង​ការចំណាយ​លើ​ការរស់នៅ​បានទេ​»​។

ទោះជា​យ៉ាងណា​ក៏ដោយ​លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​លើកឡើងថា សូម្បីតែ​ការកើនឡើង ២ ​ដុល្លារ សម្រាប់​ឆ្នាំ​ថ្មី​នេះ​ក៏​អាច​ជះឥទ្ធិពល​ជា​អវិជ្ជមាន​មកលើ​ទស្សនវិស័យ​នៃ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ដែល​កំពុង​ជួបប្រទះ ខណៈ​កម្ពុជា​ត្រូវការ​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​។

បន្ថែម​ពីនេះ លោក​អះអាង​ថា​៖ «​យើង​ក៏​ដឹងថា តើ​ត្រូវការ​ចំណាយ​អ្វី​ផ្សេងទៀត ដែល​វា​នឹង​កើនឡើង​ផងដែរ​។ នៅ​ឆ្នាំ ២០២២ យើង​នឹង​ត្រូវ​បង់ ២% បន្ថែម​ទៀត​នៃ​ប្រាក់​ឈ្នួល​សរុប​សម្រាប់​ការរួមចំណែក​របស់​មូលនិធិ​សោធននិវត្តន៍ គឺ​ចន្លោះ​ពី ១ ទៅ​ ១,៤៨% នៃ​ប្រាក់​ឈ្នួល​សរុប​សម្រាប់​បង្កើន​គម្រោង​ថែទាំ​សុខភាព​ ដើម្បី​គ្របដណ្តប់​លើ​ការព្យាបាល​កូវីដ​ ១៩ និង​វ៉ាក់សាំង​សម្រាប់​កម្មករ​»​។

លោក​បន្តថា វិធានការ​ការពារ​កូវីដ​ ១៩ និង​សុវត្ថិភាព​ការងារ និង​សុខភាព​ការងារ​សម្រាប់​កម្មករ​ទាំងនេះ គឺ​តម្រូវឱ្យ​រោងចក្រ​ត្រូវ​ធ្វើ​តេស្ត​ជាប្រចាំ​ដល់​កម្មករនិយោជិត​ជា​រៀងរាល់ខែ ដោយ​ប្រើ​តេស្ត​រហ័ស​អង់ទីហ្ស៊ែន​បូករួម​ទាំង​ការផ្តល់​ម៉ាស់​ប្រចាំថ្ងៃ អាល់កុល ដែល​ធ្វើឱ្យ​ការចំណាយ​កើនឡើង ហើយ​សរុប​ទៅ​អាច​នឹងត្រូវ​ចំណាយ​បន្ថែម​ចន្លោះ​ពី ៣,៥ ទៅ ៤ ​ដុល្លារ​។

ការកំណត់​ប្រាក់​ឈ្នួល​ថ្មី​បូករួម​ទាំង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​តាម​ការប៉ាន់ប្រមាណ​របស់​ក្រសួង​ការងារ​បាន​បង្ហាញថា កម្មករ​ម្នាក់​យ៉ាង​ហោចណាស់​នឹង​ទទួលបាន​ប្រាក់បៀវត្សរ៍​យ៉ាងតិច​ចំនួន ២១១ ​ដុល្លារ​ដល់ ២២២ ដុល្លារ​ក្នុង​ ១ ​ខែ​។

អ្នកស្រី តាំង សារួន កម្មការិនី​រោងចក្រ​ក្នុង​រាជធានី​ភ្នំពេញ​ហាក់​មិនបាន​បង្ហាញ​ការសប្បាយ​រីករាយ​ប៉ុន្មាន​នោះទេ​ចំពោះ​ការកំណត់​ប្រាក់​ឈ្នួល​ថ្មី​នេះ​។ អ្នកស្រី​បាន​លើកឡើងថា ការដែល​ប្រាក់​ឈ្នួល​អប្បបរមា​ឡើង​ក្នុង​កម្រិត​តិច​បែបនេះ គឺ​មិនបាន​ធ្វើឱ្យ​ជីវភាព​កម្មករ​ល្អប្រសើរ​ជាង​មុន​ទេ ហើយ​បើ​ប្រាក់​ឈ្នួល​ឡើង ទំនិញ​លើ​ទីផ្សារ ក៏​ឡើងថ្លៃ​ដូចគ្នា​។

អ្នកស្រី​ថា​៖ «​សម្រាប់​ខ្ញុំ ជា​អ្នក​មិនសូវ​មាន​លុយ បើ​រដ្ឋាភិបាល​ប្រកាស​អ៊ីចឹង​ហើយ ខ្ញុំ​ក៏​មិនដឹង​និយាយថា​ម៉េច​ដែរ ព្រោះ​ជីវភាព​ពួកយើង​ក៏​មិន​ទៅណា​ដែរ ពី​ ១ ​ឆ្នាំ ទៅ​ ១ ​ឆ្នាំ គឺ​វា​តែងមាន​ការផ្លាស់ប្តូរ ហើយ​បើសិន​ជា​ប្រាក់ខែ​យើង​ឡើង ទំនិញ​ក៏​ឡើង​តាម​ហ្នឹង​ដែរ​អ៊ីចឹង ព្រោះ​មិនមាន​ពាក្យ​ថា ប្រាក់ខែ​ឡើង ទំនិញ​ចុះថោក​នោះទេ​»៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍