ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹងថា កម្ពុជា​មិន​ខ្វះ​វ៉ាក់សាំង​កូវីដ​ ១៩ ​សម្រាប់​ចាក់​ជូន​ទៅ​ដល់​ប្រជាពលរដ្ឋ​របស់ខ្លួន​ឡើយ ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​នឹងមិន​ទុក​ឱ្យ​ប្រជាជន​គ្មាន​វ៉ាក់សាំង​ចាក់​នោះទេ ខណៈ​ដែល​កម្ពុជា​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​មកជា​បន្តបន្ទាប់​ ដើម្បី​ចាក់​ជូន​ដល់​ពលរដ្ឋ​របស់ខ្លួន​។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​ថ្លែង​ដូចនេះ​នា​ថ្ងៃទី​ ២៨ ខែកញ្ញា ក្នុងពេល​ចុះ​ទទួល​វ៉ាក់សាំង​កូវីដ​ ១៩ ​ស៊ីណូវ៉ាក់​ចំនួន​ ៣ ​លានដូស​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ទិញ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ទុក​សម្រាប់​ចាក់ដូស​ជំរុញ​ទៅដល់​ប្រជាពលរដ្ឋ​ទូទៅ ដែល​នឹង​ចាប់ផ្តើម​ចាក់​ពីថ្ងៃ​ទី​ ១១ ខែតុលា ខាងមុខនេះ​។

លោកស្រី​ប្រាប់ថា​៖ «​វ៉ាក់សាំង​របស់​យើង​មាន​នៅក្នុង​ឃ្លាំង​សរុប​ពេលនេះ​មាន​ចំនួន​ ៦ ​លានដូស ដែល​វ៉ាក់សាំង​នេះ យើង​ត្រៀម​សម្រាប់​ចាក់​ដូស​ជំរុញ​ទៅដល់​ប្រជាពលរដ្ឋ​ទូទៅ​។ សរុបមក កម្ពុជា​មិន​ខ្វះ​វ៉ាក់សាំង​ទេ ដោយសារ​យើង​នឹង​នៅ​ទទួល​បាន​ជំនួយ​ឥតសំណង​របស់​មិត្ត​ចិន ហើយនឹង​បន្ត​ទទួល​ជំនួយ​ពី​ខាង​មជ្ឈមណ្ឌល​កូវ៉ាក់ និង​ពី​ប្រទេស​ទ្វេភាគី​ដែល​គេ​ជ្រោមជ្រែង​បន្ត​ជួយ​មក​កម្ពុជា​»​។

រដ្ឋលេខាធិការ​រូបនេះ​បាន​បញ្ជាក់ថា​៖ «​ប្រសិនបើ​យើង​នៅមាន​តម្រូវការ​ក្នុង​ការចាក់​វ៉ាក់សាំង​ទៀត រាជរដ្ឋាភិបាល​កម្ពុជា​មិន​ព្រងើយកន្តើយ​នោះទេ គឺ​លោក​នឹង​ធ្វើការ​បញ្ជាទិញ​ភ្លាម​ពី​មិត្ត​ចិន​របស់​យើង​»​។

សម្រាប់​កម្ពុជា ​គឺ​នៅតែ​បន្ត​ទិញ​វ៉ាក់សាំង​ពី​ក្រុមហ៊ុន​ស៊ីណូវ៉ាក់ និង​ក្រុមហ៊ុន​ស៊ីណូហ្វាម​ដែលជា​ក្រុមហ៊ុន​មួយ​សហការ​ជាមួយ​កម្ពុជា​តាមរយៈ​ស្ថានទូត​ចិន ហើយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​រាជរដ្ឋាភិបាល​ចិន​។

ទន្ទឹមនឹង​នេះដែរ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​បាន​ប្រាប់ឱ្យដឹង​ផងដែរ​ ដោយ​លោកស្រី​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​មាន​ការបារម្ភ​ទាក់ទង​នឹង​ការគ្មាន​វ៉ាក់សាំង​ចាក់​។

លោកស្រី​ថ្លែង​ក្នុង​ពិធី​បិទបញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ជុំ​ទី​១ ​ក្នុង​ខេត្ត​ត្បូងឃ្មុំ នា​ថ្ងៃទី​ ២៨ ខែកញ្ញា ថា​៖ «​យើង​មាន​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​ចាក់​ជូន​បងប្អូន ប៉ុន្តែ​សុំឱ្យ​គ្រប់​ចំនួន​ខែ​ដែល​បានកំណត់​សិន ចាំ​ទៅ​ចាក់ គឺ​ចាក់​ដូស​ទី​២ ​រួច រយៈពេល​ ៤ ​ទៅ​ ៦ ​ខែក្រោយ ចាំ​ទៅ​ចាក់​ដូស​ជំរុញ​»​។

គិត​ត្រឹម​ថ្ងៃទី​ ២៨ ខែកញ្ញា រាជធានី​ខេត្ត​ចំនួន​ ១៨ បាន​បិទ​បញ្ចប់​នូវ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ហើយ​ខេត្ត​ផ្សេងទៀត​នឹងត្រូវ​ប្រកាស​បិទបញ្ចប់​នាពេល​ឆាប់ៗ​ខាងមុខនេះ ជា​បន្តបន្ទាប់​ផងដែរ​។

លោកស្រី ឱ វណ្ណឌីន បានលើកឡើង​ពី​ការបារម្ភ​ទាក់ទង​នឹង​ការហក់​ឡើង​នូវ​តួលេខ​នៃ​អ្នក​ឆ្លង​វីរុស​កូវីដ​ ១៩ ខណៈ​ដែល​ការចាក់​វ៉ាក់សាំង​នៅ​ទូទាំងប្រទេស​បាន​ច្រើន​គួរ​ជា​ទីមោទន​នេះ​។ វា​ជា​ចំណុច​មួយ​ដែល​ពញ្ញាក់​ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យដឹងថា សុំ​បន្ត​អនុវត្ត​នូវ​ការការពារ​ខ្លួន​ដោយ​កុំ​ធ្វេសប្រហែស​ឱ្យសោះ ដោយសារ​វីរុស​នេះ​មិនទាន់​ទៅណា​ទេ សូមកុំ​ភ្លេច ៣ការពារ ៣កុំ និង​ចាក់​វ៉ាក់សាំង ទើប​អាច​ទប់ទល់​ជាមួយ​នឹង​ការវាយលុក​ពី​វីរុស​កូវីដ​ ១៩​។

គិត​ត្រឹម​ថ្ងៃទី​ ២៧ ខែកញ្ញា កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ​ទៅដល់​ក្រុមមនុស្ស​អាយុ​ពី​ ១៨ ​ឆ្នាំ​ឡើង ជាង​​ ៩,៨ ​លាន​នាក់​ហើយ ឬ​ស្មើនឹង ៩៨,៨៧% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១០ ​លាន​នាក់​។ ក្រុមមនុស្ស​អាយុ​ពី ១២ ​ឆ្នាំ ទៅ​ក្រោម ១៨ ​ឆ្នាំ មាន​ចំនួន​ជាង​ ១,៧ ​លាន​នាក់ ឬ​ស្មើនឹង ៨៩,២១% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ​ជិត​ ២ ​លាន​នាក់ និង​សម្រាប់​កុមារ​អាយុ​ពី ៦ ​ឆ្នាំ ដល់​ក្រោម ១២ ​ឆ្នាំ​ចាក់​បាន​ចំនួន​ជាង​ ១,៥ ​លាន​នាក់​ ឬ​ស្មើនឹង ៨២,៤១% ធៀប​​ជាមួយ​នឹង​ប្រជាជន​គោលដៅ​ជាង ១,៨ ​លាន​នាក់​៕