កែបៈ រដ្ឋបាលខេត្ត​កែប​គ្រោង ស្នើសុំ​កាត់​ឆ្វៀល​ដី​របស់​រដ្ឋ​ប្រមាណ​ ៥ ​ហិកតា ធ្វើជា​អនុប្រយោគ​ជា​ដីឯកជន​របស់​រដ្ឋ​ឱ្យទៅ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ សម្រាប់​ធ្វើការ​សាងសង់​ពន្ធនាគារ​ថ្មី​មួយ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​អន្ទង់ស ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ស្របពេល​លេចឡើង​នូវ​វត្តមាន​សាលាដំបូង​នៅ​ខេត្ត​នេះ​។

លោក​ សោម ពិសិដ្ឋ អភិបាលខេត្ត​កែប​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៨ កញ្ញា ថា រដ្ឋបាលខេត្ត និង​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​បាន​ឯកភាព​កំណត់​ទីតាំង​រួចហើយ ដើម្បី​ធ្វើការ​សាងសង់​ពន្ធនាគារ​ថ្មី​មួយ ក្រោយពី​មាន​វត្តមាន​សាលាដំបូង​ខេត្ត និង​អយ្យការ​សាលាដំបូង​ខេត្ត ដែល​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​កាលពី​ថ្ងៃទី​ ២៤ ខែកញ្ញា ឆ្នាំ​ ២០២១​។

លោក​បញ្ជាក់ថា នៅពេល​មាន​តុលាការ និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​រួចហើយ​គឺ​ត្រូវមាន​ពន្ធនាគារ​មួយទៀត ដើម្បី​បំពេញ​សម្បទា​ឱ្យ​គ្នា​ទៅវិញ​ទៅមក​ក្នុង​ការអនុវត្ត​ច្បាប់​សម្រាប់​ខេត្ត​កែប​។ ពន្ធនាគារ​នេះ គ្រោង​សាងសង់​នៅលើ​ផ្ទៃដី​ប្រមាណ​ ៥ ​ហិកតា​ដែលមាន​ចម្ងាយ​ប្រមាណ​ ១០ ​គីឡូម៉ែត្រ​ពី​ទីប្រជុំជន និង​មាន​ទីទួល​ខ្ពស់​ដែល​អាច​ចៀសផុត​ពី​ជំនន់​ទឹកភ្លៀង និង​គ្រោះហានិភ័យ​ផ្សេងៗ​។

លោក​ថ្លែងថា​៖ «​យើង​បាន​ពិនិត្យមើល​ទីតាំង​ដី​រួចហើយ ដើម្បី​ស្នើសុំ​គោលការណ៍​ពី​រាជដ្ឋាភិបាល ព្រោះ​នៅក្នុង​ខេត្ត​មាន​តែ​ដី​សាធារណៈ​របស់​រដ្ឋ ដែល​ត្រូវការ​ធ្វើ​អនុប្រយោគ កាត់​ឆ្វៀល ធ្វើជា​ដីឯកជន​របស់​រដ្ឋ​។ ចំពោះ​ការសាងសង់​ជា​បន្ទុក​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​របស់​ក្រសួងមហាផ្ទៃ​»​។ ទោះយ៉ាងណា គម្រោង​សាងសង់​ពន្ធនាគារ​នេះ លោក​មិនទាន់​អាច​បញ្ជាក់បាន​ពី​ពេលវេលា ដែល​នឹងត្រូវ​សាងសង់​នៅពេលណា​នោះទេ​។

តាម​គម្រោង​នឹង​សាងសង់​ពន្ធនាគារ​មួយ​នេះ​ឱ្យ​មាន​ស្តង់ដា​ខ្ពស់ និង​ធំ​ទូលាយ ព្រោះ​ជា​បទពិសោធ ពន្ធនាគារ​នៅតាម​រាជធានី-ខេត្ត​ផ្សេងៗ​មាន​ទីតាំង​តូចចង្អៀត និង​ដី​ក៏តូច ដែល​ធ្វើឱ្យ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា បាន​ទំហំ​តូច​ដែល​មិនទាន់​ឆ្លើយតប​នឹង​ស្តង់ដា​។ នេះ​បើតាម​លោក​អភិបាលខេត្ត​។

លោក​បន្តថា អ្នកទោស​គឺជា​មនុស្ស ហើយ​ទីតាំង​នេះ​គឺជា​កន្លែង​អប់រំ​កែប្រែ​ពី​អាក្រក់​មកល្អ​វិញ ដែល​ត្រូវតែមាន​កន្លែង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មាន​កន្លែង​សិប្បកម្ម ផ្ទះ​មុខងារ​របស់​មន្ត្រី​ពន្ធនាគារ កន្លែង​ហាត់ប្រាណ និង កន្លែង​ដាំដុះ​ជាដើម ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​អ្នកទោស​ទាំងអស់​មាន​វិជ្ជាជីវៈ ពេល​ត្រឡប់មក​សហគមន៍​វិញ ពួកគាត់​អាច​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត​បាន​។

លោក​ថ្លែងថា​៖ «​នៅក្នុង​ពន្ធនាគារ​មិនមែន​ជា​ឋាននរក​ទេ គឺជា​កន្លែង​ដាស់សតិ​ស្មារតី​របស់​ពួកគាត់ មាន​គ្រូ​បណ្តុះបណ្តាល​វិជ្ជាជីវៈ សម្រាប់​ធ្វើ​ការបណ្តុះបណ្តាល​ឱ្យ​ចេះ​ជាងឈើ តភ្លើង និង​សិប្បកម្មវត្ថុ​អនុស្សាវរីយ៍ ដើម្បី​លក់​ដល់​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​នៅក្នុង​ខេត្ត​ក្នុង​តម្លៃ​សមរម្យ និង​ម្យ៉ាងទៀត​ឱ្យ​គាត់​មាន​ជំនាញ​»​។

ភ្នំពេញ​ប៉ុស្តិ៍ មិនអាច​ទាក់ទង​លោក​ នុត សវនា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ សុំ​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ​នៅ​ថ្ងៃទី​ ២៨ ខែកញ្ញា​។

លោក​ យន់ ផល្លី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​ (​អាដហុក​) ​ខេត្ត​កែប និង ខេត្តកំពត សម្តែង​ការស្វាគមន៍ ចំពោះ​វត្តមាន​គម្រោង​សាងសង់​ពន្ធនាគារ​នៅ​ខេត្ត​កែប​។ ព្រោះ​ប្រព័ន្ធតុលាការ​ក៏​ទើបតែ​ត្រូវបាន​បង្កើត​ដែល​អាចឆ្លើយតប​ឱ្យ​គ្នា​ទៅវិញទៅមក​បាន ជាពិសេស​នោះ វា​នឹង​ធ្វើឱ្យ​អ្នកទោស​មិនមាន​ភាពចង្អៀត​។

លោក​ថា កន្លងមក បទល្មើស​នានា​ត្រូវបាន​បញ្ជូន​ទៅ​ខេត្ត​កំពត និង​ដាក់​នៅក្នុង​ពន្ធនាគារ​នៅ​ខេត្តកំពត ដែលមាន​ភាពចង្អៀត​ណែន ប៉ុន្តែ​នៅពេល​ដែល​ពន្ធនាគារ​ខេត្ត​កែប​រួចរាល់ នៅពេលណា​នោះ គួរតែ​មាន​ការរំលែក​អ្នកទោស​មួយចំនួន​មក​ដាក់ពន្ធនាគារ​ថ្មី​នេះ វា​នឹងចូលរួម​កាត់បន្ថយ​ភាពចង្អៀតណែន​នៅក្នុង​ពន្ធនាគារ​ខេត្ត​កំពត​ដែរ​។

លោក​ថ្លែងថា​៖ «​ពាក់ព័ន្ធ​នឹង​គម្រោង​សាងសង់​ពន្ធនាគារ​នៅក្នុង​ខេត្ត​កែប​នេះ វា​ជា​រឿង​ល្អ​បំផុត ព្រោះ​វា​កាត់បន្ថយ​ការបញ្ជូន​អ្នកទោស​ទៅ​ដាក់​នៅក្នុង​ពន្ធនាគារ​ខេត្តកំពត​»៕