សៀមរាបៈ ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បន្ត​រកឃើញ​រូបចម្លាក់​ព្រះសិរមេទេវតា​ព្រះភក្ត្រ​ ៤ នៅ​ខ្លោងទ្វារ​តាកាវ និង​បាន​យកទៅ​ផ្គុំ​ជាមួយ​ចម្លាក់​ស្មា​ទេវតា​ ដើម្បី​ផ្ទៀងផ្ទាត់​ឃើញ​​ថា ត្រូវ​គ្នា​ជាមួយ​នឹង​តួខ្លួន​មេទេវតា​ដែល​ត្រូវបាន​រកឃើញ​កាលពី​ពេលមុន​។

លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៧ ខែ​​កញ្ញា​ថា កិច្ចការ​ជួសជុល​ខ្លោងទ្វារ​តាកាវ ក្រុមការងារ​បាន​រកឃើញ​ជា​បន្តបន្ទាប់​នូវ​​ចម្លាក់​ព្រះសិរទេវតា និង​ព្រះសិរយក្ស ខណៈ​ក្រុមការងារ​ប៉ាន់​ស្មានថា​វា​បាត់បង់​ទៅតាម​ពេលវេលា ឬក៏​ត្រូវបាន​គេ​លួច​យកទៅ​អស់ហើយ ប៉ុន្តែ​បែរជា​រកឃើញ​បំណែក​ចម្លាក់ និង​អាច​ផ្គុំ​វិញ​បាន​។

លោក​បាន​បន្តថា នៅក្នុង​កិច្ចការ​ជួសជុល​នេះ ក្រុម​ការងារ​អាជ្ញាធរ​ជាតិ​អប្សរា​ផ្នែក​កំណាយ​បុរាណវិទ្យា​បាន​រកឃើញ​វត្ថុ​បុរាណ ច្រើន​មាន​ដូចជា ចម្លាក់​ព្រះសិរ​នៅក្រោម​ឫស​ឈើ ដែល​ធ្វើឱ្យ​ក្រុម​ការងារ​មាន​ក្តីសង្ឃឹម​ខ្ពស់​ចំពោះ​អ្វីដែល​ត្រូវបាន​បាត់បង់ ប៉ុន្តែ​ត្រូវ​​បាន​រកឃើញ​ជា​បន្តបន្ទាប់​។

លោក​បាន​ពន្យល់ថា អ្វីដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​រកឃើញ​ជា​បន្តបន្ទាប់​នូវ​ព្រះសិរមេទេតា​នៃ​ចម្លាក់​ទាញព្រ័ត្រ​ដែលមាន​ទាំង​ចម្លាក់​ទេវតា និង​អសុរៈ​ (​មុខ​ ៤) ​រួម​ជាមួយ​នឹង​ចម្លាក់​ផ្សេងទៀត​ធ្វើឱ្យ​ក្រុមការងារ​ជួសជុល​មាន​ក្តីសប្បាយ​រីករាយ​ក្នុង​ការធ្វើ​កិច្ចការ​នេះហើយ​ត្រូវ​កំណត់ និង​ផ្គុំ​សា​ឡើងវិញ រួច​យកទៅ​រក្សាទុក​នៅ​កន្លែង​ដែលមាន​សុវត្ថិភាព​។

លោក​បាន​បញ្ជាក់ថា​៖ «​វា​ជា​លទ្ធផល​ផ្លែផ្កា​របស់​ជាតិ​​យើង​ទាំងមូល​។ ​ដំបូង​យើង​គិត​​ថា វា​បាត់បង់​ដោយ​ប្រការ​ណាមួយ​បែរមក​ត្រូវ​រកឃើញ​ហើយ​អាច​ផ្គុំ​វិញ​បាន វា​អស្ចារ្យ​ណាស់​យើង​ពុំ​ដែលមាន​ក្តីសង្ឃឹម ប៉ុន្តែ​​បែរ​ជា​មាន​ក្តីសង្ឃឹម​ហើយ​ស្ថិត​​ក្នុង​ដៃ​របស់​យើង​ថែមទៀត​»​។

បើតាម​លោក ឡុង កុសល រូបចម្លាក់​នេះ​ត្រូវបាន​សាងសង់​ដោយ​ព្រះបាទ​ជ័យវរ្ម័ន​​ទី​ ៧ (​ក្រុង​អង្គរធំ​) ​ក្នុង​សតវត្សរ៍​​ទី​ ១២​។ ចំពោះ​ការជួសជុល​ខ្លោងទ្វារ​តាកាវ​នេះ​ត្រូវបាន​ចាប់ផ្តើម​កាលពីដើម​ឆ្នាំ​ ២០២១ ​រហូតមកដល់​បច្ចុប្បន្ន​នេះ​នៅពេល​បញ្ចប់ ក្រុមការងារ​នឹង​យកមក​ដាក់​តាំងនៅ​ទីកន្លែង​ដដែល​វិញ​។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​ ២៧ ខែកញ្ញា ឆ្នាំ ២០២១ ​ថា រូបចម្លាក់​ព្រះសិរមេទេវតា​ត្រូវបាន​ក្រុមការងារ​ជួសជុល​ខ្លោងទ្វារ​តាកាវ​ប្រទះឃើញ​កប់​ក្នុង​ដី​នៅក្បែរ​ខឿន​ជ្រុង​ឦសាន​នៃ​ខ្លោងទ្វារ​តាកាវ​​កាលពី​ពេល​ថ្មីៗ​នេះ​។ រូប​ព្រះសិរមេទេវតា​ព្រះភក្ត្រ​ ៤ មាន​ព្រះភក្ត្រ​ ២ ​ត្រឹម​ពាក់កណ្តាល​ច្រមុះ​ចុះក្រោម​។

អាជ្ញាធរ​ជាតិ​អប្សរា​បន្តថា​​ចំពោះ​ចម្លាក់​ព្រះសិរទេវតា​ដែល​បាន​រកឃើញ​នេះ​ក្រុមការងារ​បាន​យកទៅ​ផ្គុំ​សាកល្បង​ជាមួយ​នឹង​ចម្លាក់​ស្មា​ទេវតា​ ដើម្បី​ផ្ទៀងផ្ទាត់ ហើយ​ជា​លទ្ធផល​ពិតជា​ត្រូវ​គ្នា​ជាមួយនឹង​តួខ្លួន​មេ​ទេវតា​ប្រាកដ​មែន​។

បន្ទាប់ពី​ផ្គុំ​រួចរាល់​ហើយ ក្រុមការងារ​បាន​សហការ​ជាមួយ​នឹង​នគរបាល​ការពារ​បេតិកភណ្ឌ​ក្នុង​តំបន់​អង្គរ ដើម្បី​យក​ចម្លាក់​ព្រះភក្ត្រ​នោះមក​រក្សាទុក​នៅ​​ទីតាំង​ការដ្ឋាន​ខ្លោងទ្វារ​តាកាវ ដើម្បី​ជួសជុល​ឡើងវិញ​៕